ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ ប្រធានក្រុមហ៊ុនផលិតទូរស័ព្ទថ្នាក់ប្រណិតខ្ពស់ និងបច្ចេវិទ្យាទំនើប (XOR) ដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគលើ វិស័យបច្ចេកវិទ្យាទូរស័ព្ទថ្នាក់ទំនើបនៅកម្ពុជា

( ភ្នំពេញ )៖ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោក Do Thanh Trung ប្រធានក្រុមហ៊ុនផលិតទូរស័ព្ទថ្នាក់ប្រណិតខ្ពស់ និងបច្ចេវិទ្យាទំនើប (XOR) ដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគលើវិស័យបច្ចេកវិទ្យាទូរស័ព្ទថ្នាក់ទំនើបនៅកម្ពុជា ដែលកំពុងមានមានការអភិវឌ្ឍ។
ឯកឧត្តម សុខ ប្រសិទ្ធិ បានជម្រាបជូនពីសក្តានុពល និងភាពរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា និងលើកអំពីសមិទ្ធផលជាច្រើនក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តម រដ្ឋលរខាធិការ បានលើកឡើងពីកិច្ចខិតខឱប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឲ្យដំណើរការអភិវឌ្ឍប្រទេសកាន់តែរីចម្រើន ដោយក្នុងនោះបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កំណត់យកអាទិភាពគន្លឹះ ៥ គឺ: “មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងព័ត៌មានបច្ចេកវិទ្យា”ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” បដិវត្តន៍ឧស្សាហកម្ម៤.០ សេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ នៃការសម្រេចបានចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍនា ឆ្នាំ២០៥០ ។

លោក Do Thanh Trung ប្រធានក្រុមហ៊ុនផលិតទូរស័ព្ទថ្នាក់ប្រណិតខ្ពស់ និងបច្ចេវិទ្យាទំនើប (XOR) បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការល្អរវាង កម្ពុជា និងវៀតណាមលើវិស័យសេដ្ឋកិច្ច ហើយលោកប្រធាន បានបង្ហាញនូវការវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍយ៉ាងលឿន ហើយក៏ជាប្រទេសមានអំណោយផលដល់ក្រុមហ៊ុន ក្នុងការវិនិយោគ។ លោកប្រធាន បានគូបញ្ជាក់ថា គោលដៅរបស់ក្រុមហ៊ុន គឺផ្ដោតទៅលើលទ្ធភាពនៃការនាំយកផលិតផល និងបច្ចេកវិទ្យាទូរស័ព្ទទំនើបរបស់ (XOR) មកកាន់ទីផ្សារកម្ពុជា។ អត្ថប្រយោជន៍ដែល បច្ចេកវិទ្យាទូរស័ព្ទទំនើប (XOR) អាចនាំមកជូនដល់អ្នកប្រើប្រាស់កម្រិតខ្ពស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសទាក់ទង នឹងសុវត្ថិភាពទិន្នន័យ ឯកជនភាព ដែលជាចំណុចសំខាន់នៃផលិតផល។ ក្រុមហ៊ុនទូរស័ព្ទប្រណិត (XOR) គឺជាក្រុមហ៊ុនផលិតទូរស័ព្ទប្រណិតមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដែលបានបង្កើតទូរស័ព្ទមានសុវត្ថិភាព និងប្រណិតដែលមានទីផ្សារចំនួន ៥៨ប្រទេស រួមមាន តំបន់អាស៊ីប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា អឺរ៉ុប និងចិន។

ឯកឧត្តម សុខ ប្រសិទ្ធិ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុនផលិតទូរស័ព្ទថ្នាក់ប្រណិតខ្ពស់ និងបច្ចេវិទ្យាទំនើប (XOR) និងគាំទ្រចំពោះការវិនិយោគក្នុងវិស័យបច្ចេកវិទ្យាទូរស័ព្ទប្រណិត សេវាកម្មបែបបច្ចេកជាកម្រិតខ្ពស់ និងការអភវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្មក្នុងតំបន់។ ឯកឧត្តម បានណែនាំដល់ក្រុមហ៊ុនបន្តការវិនិយោគ និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីស្វែងយល់កាន់តែច្បាស់អំពីទិដ្ឋភាពច្បាប់ និងនីតិវិធីនៃការវិនិយោគដែលទាក់ទងនឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជា៕