ឯកឧត្តម សយ សុខាន់ ÷ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F សម្រេចបាន ៩៤ភាគរយហើយ

ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មការ បានបញ្ជាក់ឲ្យដឹងថា ÷ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ក្រុងតាខ្មៅ ខេត្ដកណ្ដាល សម្រេចបាន ៩៤ ភាគរយហើយ ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម សយ សុខាន់ ដឹកនាំកិច្ចប្រជុំ និងដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ អាកាសយានដ្ឋាន អន្ដរជាតិតេជោលំដាប់ 4F នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីត្រៀមខ្លួនបញ្ចប់ការងារ និងបើកដំណើរការនាពេលខាងមុខ ។

កិច្ចប្រជុំនេះ ការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ និងតំណាងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC)។

ឯកឧត្តម សយ សុខាន់ បានគូសបញ្ជាក់ថា «យើងនឹងខិតខំប្រឹងប្រែង បំពេញការងារ ដែលនៅសល់ប្រមាណ៦ភាគរយ ឲ្យបានរួចរាល់  ហើយផ្អែកតាមផែនការដែលបូកសរុបលើកិច្ចប្រជុំនាថ្ងៃនេះ ដំណើរការនៃការចុះពិនិត្យវាយតម្លៃនៃការផ្ដល់វិញ្ញាបនបត្រដល់អាកាសយានដ្ឋាននេះតាមផែនការ នឹងធ្វើនៅអំឡុងខែមីនា តាមរយៈក្រុមការងារអធិការកិច្ចអាកាសចរស៊ីវិល ហើយគ្រោងបញ្ចប់ផែនការផ្ដល់វិញ្ញាបនបត្រនេះឲ្យរួចរាល់នៅក្នុងអំឡុងខែឧសភាខាងមុខ »។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋាន Greenfield ដែលមានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ៕