ឯកឧត្តម វ៉ាត់ ចំរើន ៖ អំពាវនាវមហាជន ចូលរួម ទិវារត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុង ខេត្តព្រះសីហនុ ឲ្យបានច្រើនកុះករ

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកម្ពុជា និងលោក សែម ផល្លា អ្នកជំនាញរៀបចំ ព្រឹត្តិការណ៍ម៉ារ៉ាតុង នៅកម្ពុជា បានអំពាវនាវ ដល់មហាជន ចូលរួម ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង ខេត្តព្រះសីហនុ ឱ្យបានច្រើនកុះករ ។

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅខេត្តព្រះសីហនុ ឆ្នាំ២០២៥ និងជាលើកទី១០នេះនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៣០ ខែមីនា។ សម្រាប់វិញ្ញាសាមាន២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។ ក្នុងចំណោមអ្នកបានចុះឈ្មោះចូលរួមទាំងអស់ មានជាង២០០នាក់ជាជនជាតិបរទេស។

ឯកឧត្ដម វ៉ាត់ ចំរើន មានប្រសាសន៍ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងខេត្តព្រះសីហនុធ្វើឡើងដើម្បីអភិវឌ្ឍន៍ និងការការពារបរិស្ថានតំបន់ឆ្នេរ ក៏ដូចជាផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ខេត្ត ដល់ប្រជាជនក្នុងស្រុក និងពិភពលោក។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះក៏នឹងកៀរគរការគាំទ្រដល់កម្មវិធីសប្បុរសធម៌ជួយដល់អង្គរការ និងមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ។

ឯកឧត្ដម អគ្គលេខាធិការ បានថ្លែងអំណរគុណដល់រដ្ឋអំណាចខេត្តព្រះសីហនុ ដែលបានសហការជួយដល់ផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ ផ្ដល់ភាពកក់ក្ដៅដល់ការប្រកួត និងអ្នកចូលរួម។ ទន្ទឹមនឹងនេះ អ្នករៀបចំទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងខេត្តព្រះសីហនុទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីផ្ដោតលើការប្រកួតកីឡានៅខេត្តសមុទ្រ រួមចំណែកផ្សព្វផ្សាយទេសចរណ៍។ ថ្ងៃក្រោយៗទៀត អាចនឹងមានការរៀបចំនៅខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ដែលសុទ្ធតែជាខេត្តតំបន់ឆ្នេរ។

លោក សែម ផល្លា រំពឹងថា ភាពស្រស់ស្អាតនៃឆ្នេរសមុទ្រកម្ពុជា នឹងអាចជួយស្រូបទាញបានអ្នកចូលរួមបានច្រើន។ ប្រសិនបើមានការរៀបចំល្អ និងទទួលបានជោគជ័យ ទិវានេះអាចនឹងត្រូវបានពង្រីកទៅជាព្រឹត្តិការណ៍ Full Marathon តែម្ដង ។ លោក បានបន្ថែមទៀតថា បើគិតត្រឹមព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ មានអ្នកចុះឈ្មោះបានជាង១៥០០នាក់ហើយ។ គណៈកម្មការរៀបចំរំពឹងថា នឹងមានអ្នកចូលរួមជាង២០០០នាក់ ៕