ឯកឧត្តម រស់ វណ្ណា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីលានទុកដាក់សម្រាម១កន្លែង ក្នុងក្រុងសិរីសោភ័ណ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ក្រោមកម្ចីឥណទាន សម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី

ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ តំណាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីលានទុកដាក់សម្រាម១កន្លែង ក្នុងក្រុងសិរីសោភ័ណ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ក្រោមកម្ចីឥណទាន សម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ស្ថិតក្នុងភូមិ កងវ៉ា សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ពិធីនេះក៏មានការចូលរួម ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគម្រោង លោក អាន់តូនី ហ្គីល តំណាងធនាគាអភិវឌ្ឍន៍ អាស៊ី លោក លី វណ្ណា រិទ្ធ អភិបាលខេត្តស្តីទី លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការ និង ដឹកជញ្ជូនខេត្ត រួមទាំងប្រជាពលរដ្ឋ និង មន្ត្រីអ្នកមុខ អ្នកការជាច្រើននាក់។

លោក លី វណ្ណា រិទ្ធ មានប្រសាសន៍ថា ថ្ងៃនេះ សម្រាប់រដ្ឋបាលក្រុងសេរីសោភ័ណទាំងមូល បានទទួលគម្រោងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាបជំហានទី ២ ក្រោមកម្ចីឥណទានសម្បទានរបស់ធនាគារ ADB មកជូនដល់ទឹកដីនិងប្រជាពលរដ្ឋក្រុងសិរីសោភ័ណ ដែលបានផ្ដោតលើការគ្រប់គ្រងបរិស្ថាន តាមរយៈការសាងសង់ទីលានសំរាមថ្មីដែលមានស្តង់ដារ និងសាងសង់ប្រព័ន្ធទឹកកខ្វក់ សំដៅលើកកម្ពស់ការយល់ដឹងបន្ថែម ពិសេសការគ្រប់គ្រងបរិស្ថានខេត្ត ក្រុង ជុំវិញបឹងទន្លេសាបឲ្យកាន់តែប្រសើរឡើង។លោក លី វណ្ណា រិទ្ធ ក៏បានអានរបាយការណ៍សង្ខេប នៃការសាងសងដោយ ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណដឹកជញ្ជូន និងសំណង់ ចំណាយអស់ថវិកាសាងសង់ ៦.៥៥៣.៨២០ដុល្លា រយៈពេលសាងសង់  ១០ខែរួចរាល់ ក្នុងកិច្ចសន្យា ១៧ខែ ដោយចាប់ផ្តើមកសាង នៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៣ បញ្ចប់ការកសាង នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤។  ទីតាំងនៃគំរោងនេះ ស្ថិតនៅភូមិ កង្វា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លទ្ធភាពផ្ទុក កន្លែងទុក ដាក់សម្រាម ត្រូវបានរចនាឡើង ជារណ្តៅ ដែលរណ្តៅទី១មានទំហំ ៦៤.២៤២ម៉ែត្រគីប អាចផ្ទុកសំរាមបានចំនួន ៥១.៤១៤តោន និងរណ្តៅទី២ មានទំហំ ៨៧.៦៣០ម៉ែត្រត្រីគុណ អាចផ្ទុកសំរាមបានចំនួន ៨៤.០៦០តោន រីឯរណ្តៅបំរុង មានទំហំ ១៧១.៨៧៤ម៉ែត្រត្រីគុណ អាចផ្ទុក សំរាមបានចំនួន ២៧០.៩៨៩តោន។លោកក៏បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ទីលានចាក់សំរាមត្រូវបានសាងសង់ឡើង លើផ្ទៃដី ១១ហិកតា ដែលនិងគ្រោងដាក់ឲ្យប្រើប្រាស់ រហូតដល់ឆ្នាំ ២០៤០ សម្រាប់ប្រជាជន ជាង ១២៨.២០៨នាក់ រស់នៅក្នុង សង្កាត់ ម្កាក់ កំពង់ស្វាយ ព្រះពន្លា ទឹកថ្លា អូរអំបិល ភ្នៀត កោះពងសត្វក្នុងក្រុងសិរីសោភ័ណ ។

ឯកឧត្តម រស់ វណ្ណា មានប្រសាសន៍ថា សំរាមជាកាកសំណល់ ហើយត្រូវបានមនុស្សភាគច្រើនចាត់ទុកថា ជាវត្ថុគ្មានតម្លៃ និងឥតប្រយោជន៍ ដែលមនុស្សគ្រប់គ្នាមិនចង់ឲ្យវាជាប់នៅនឹងខ្លួន នោះទេ ប៉ុន្ដែយើងមិនអាចចៀសផុតពីសំរាមបានឡើយ ព្រោះយើងសុទ្ធតែត្រូវការ បរិភោគនំ ចំណីអាហារ និង សម្ភារៈ ប្រើប្រាស់ ជាប្រចាំថ្ងៃ។ ឯកឧត្តម រស់ វណ្ណា បានបន្តឲ្យដឹងទៀតថា តាមការបញ្ជាក់ពីមន្ត្រីជំនាញ ថង់ប្លាស្ទិក ស្នោរ សំរាប់ខ្ចប់មុខម្ហូបបង្កផលប៉ះពាល់ដល់បរិស្ថាន សុខភាពមនុស្ស សត្វ និងជីវចម្រុះផ្សេងៗ ដូច្នេះយើងទាមទារឲ្យមានការយល់ ដឹង និងការចូលរួមពីសំណាក់ពលរដ្ឋគ្រប់រូបក្នុងការកាត់បន្ថយនៃការ ប្រើប្រាស់ ឬលុបបំបាត់ការបោះចោល ថង់ប្លាស្ទិក សំបកស្នោរ ឬសំរាមផ្សេងៗ ពាសវាលពាលកាល ។ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា ទីលានទុកដាក់សំរាមថ្មីទាំងពីរខាងលើ ដែលត្រូវបានសាងសង់ឡើងលើផ្ទៃដី ១១ហិកតា មានសមត្ថភាពប្រតិបត្តិការបានជាច្រើនឆ្នាំ ដែលស្របតាមបទដ្ឋានបច្ចេកទេស និងមានស្តង់ដាហើយត្រូវបានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីលើកកម្ពស់សេវាថែរក្សាអនាម័យ គុណភាព និងសុខុមាលភាពការរស់នៅរបស់បងប្អូននៅក្នុងតំបន់៕