ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគាំទ្រ និងជំរុញលើកទឹកចិត្តដល់ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ បន្តចងក្រងវណ្ណកម្មថ្មីៗមានភាពលម្អិតសុីជម្រៅបន្ថែមទៀតដែលបង្ហាញពីវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់រស់រវើករបស់ពលរដ្ឋ និងតំបន់អង្គរដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍

   ការចងក្រងជាសៀវភៅ«លើសពីអង្គរ»គឺដើម្បីរក្សាទុកនូវអ្វីៗដែលយើងមានសម្រាប់បង្ហាញជូនដល់ភ្ញៀវទេសចរបានដឹងបានយល់បន្ថែមទៀតអំពីវប្បធម៍រស់នៅជុំវិញអង្គរ យល់ដឹងនូវអ្វីដែលជាប្រពៃណីទំនៀមទម្លាប់រស់នៅតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ហើយវប្បធម៍ ប្រពៃណីទាំងនោះនៅតែរស់រវើកជាមួយសាសនា ប្រពៃណី ទំនៀមទម្លាប់ ដែលប្រជាជនអង្គររស់នៅទីនោះ ។ 

   នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសទទួលជួបសំណេះសំណាលជាមួយលោក គី សុខលីម សហស្ថាបនិក និងជាប្រធានក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។

   ឯកឧត្តម នេត្រ ភក្រ្តា ចាត់ទុកស្នាដៃសៀវភៅ«លើសពីអង្គរ» ដែលរៀបចំចងក្រងឡើងដោយក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ គឺជាវណ្ណកម្មថ្មីទៀត បង្ហាញពីវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់រស់រវើករបស់ពលរដ្ឋ និងតំបន់អង្គរ ដែលជាចំណែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ ។ តាមរយៈខ្លឹមសារនៃសៀវភៅនេះដែរ ក៏នឹងជួយឱ្យភ្ញៀវទេសចរយល់ដឹងពីវប្បធម៌រស់ មរតករស់ ប្រពៃណី ទំនៀមទម្លាប់ សាសនារស់រវើកនៅតំបន់អង្គរ ហើយនៅពេលដែលភ្ញៀវទេសចរយល់ដឹងពីរឿងរ៉ាវទាំងនោះ ទើបធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ស្ញប់ស្ញែង និងស្ងើចសរសើរដល់ភាពអច្ឆរិយ និងភាពអស្ចារ្យនៃទឹកដីអង្គរខ្មែរយើង។ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា កន្លងមកមានមតិជាច្រើនបានបង្ហាញថា នៅពេលមកដើរ កម្សាន្តនៅតំបន់ប្រាសាទ លើទឹកដីអង្គរ គឺបានត្រឹមតែមើលថ្មប្រាសាទប៉ុណ្ណោះ ហើយទាល់តែចេះនិយាយជាមួយថ្ម ទើបអាចយល់ពីអត្ថន័យប្រាសាទ។ ត្រង់ចំណុចនេះ ឯកឧត្តម បានគូស បញ្ជាក់ថា ការចងក្រងសៀវភៅពីតំបន់អង្គរអោយបានច្រើន នឹងជួយឱ្យភ្ញៀវទេសចរយល់ពីតម្លៃថ្មប្រាសាទទាំងនេះ ហើយនៅពេលពលរដ្ឋយល់ពីតម្លៃនៃថ្មប្រាសាទហើយ ទើបអាចនិយាយជាមួយថ្មប្រាសាទបាន។ ដោយយល់ឃើញពីសារៈសំខាន់នៃសៀវភៅ «លើសពីអង្គរ» ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើដល់ក្រុមការងារ សារព័ត៌មានឌីជីថលថ្មីៗ ធ្វើការបកប្រែជាភាសាអង់គ្លេស ភាសាបារាំង ចិន ឬភាសាផ្សេងៗទៀត ដែលភ្ញៀវទេសចរប្រើប្រាស់ច្រើន ដើម្បីអោយភ្ញៀវទេសចរបានអាន យល់ដឹងជាជាងមើលតែពីប្រវត្តិសាស្រ្ត ត្រូវធ្វើឲ្យយល់បន្ថែមទៀតពីប្រពៃណី ទំនៀមទម្លាប់ និងការរស់ប្រចាំថ្ងៃរបស់ប្រជាជនក្នុងការថែរក្សាបេតិកភណ្ឌអោយរស់រវើកនៅក្នុងដួងចិត្តរបស់អ្នកទស្សនា ។

   តាមការបញ្ជាក់របស់ លោក គី សុខលីម បសនអោយដឹងថា សៀវភៅ «លើសពីអង្គរ» ជាវណ្ណកម្មមួយ ដែលចង់បង្ហាញពីគុណសម្បត្តិនៃធម្មជាតិជីវចម្រុះ លើសពីប្រាសាទដែលមនុស្សទូទៅ ធ្លាប់បានដឹង និងបានស្គាល់តាមរយៈសៀវភៅ និងអត្ថបទស្រាវជ្រាវនានាកន្លងមក។ ជាពិសេស ប្រព័ន្ធគមនាគមន៍បុរាណ ទាំងផ្លូវទឹក និងផ្លូវគោក ក៏ដូចជាវប្បធម៌ ប្រពៃណីទំនៀមទម្លាប់បុរាណ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមក ហើយត្រូវបានពលរដ្ឋលើទឹកដីអង្គរថែរក្សា និងប្រកាន់ខ្ជាប់មកដល់បច្ចុប្បន្ន ។ ព្រៃឈើ ទឹកស្ទឹង បឹងបួ ផ្លូវបុរាណ ដុំថ្ម បាតុភូតធម្មជាតិ ពិធីចាប់ត្រី ពីធីសុំទឹកភ្លៀង ទំនៀមទម្លាប់ និងភូមិឋាន គឺជាតួអង្គសំខាន់នៅក្នុងសៀវភៅមួយក្បាលនេះ។ តួអង្គទាំងនេះ ត្រូវបានមនុស្សទូទៅមើលឃើញ និងឱ្យតម្លៃក្នុងរូបភាពធម្មតា ប៉ុន្តែតួអង្គទាំងនេះ មិនធម្មតា ដូចមនុស្សទូទៅគិតឡើយ។ តួអង្គទាំងនេះហើយ គឺជាអ្នករួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសម័យអង្គរដ៏រុងរឿង ។

   នៅក្នុងឱកាសនេះដែរ ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ បានជូនសៀវភៅ«លើសពីអង្គរ» និង«អ្នកថែអង្គរ» ចំនួន១៥ក្បាល ដល់ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ហើយជាការគាំទ្រដល់ស្នាដៃទាំងនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានជួយជាវសៀវភៅ«លើសពីអង្គរ» ចំនួន ១០០ក្បាល ថែមទៀតផងដែរ ៕