ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញសម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍនភាពបេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប»ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ពីការជិះកង់ផ្សងព្រេងរបស់យុវជន ទីវ តារារិទ្ធិ,

ភ្នំពេញ )៖ រយៈពេល ២៩៥ថ្ងៃត្រូវធ្វើដំណើរដោយការជិះកង់ របស់យុវជនកម្ពុជា ទីវ តារារិទ្ធិ ឆ្លងកាត់ ១២ប្រទេស ក្នុងរយៈចម្ងាយប្រមាណ ២មុឺនគឺឡូម៉ែត្រ ដើម្បីប្រមូលថវិកាពីសប្បុរជនបានចំនួនប្រមាណជាង ១១មុឺនដុល្លារអាមេរិក នៅក្នុងជំហានទី១ ដែលក្នុងគោលដៅរៃអង្គាសថវិកាឲ្យបានចំនួន ២៥មុឺនដុល្លារអាមេរិក សម្រាប់ជួយទៅដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ។
នេះជាការបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញធ្វើការសម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍនភាពបេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប»ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ពីការជិះកង់ផ្សងព្រេងរបស់យុវជន ទីវ តារារិទ្ធិ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» របស់យុវជន ទីវ តារារិទ្ធិ គឺនៅមិនទាន់បញ្ចប់នៅឡើយនោះទេ ប៉ុន្តែដោយមានឧបសគ្គមួយចំនួនត្រូវដោះស្រាយ ទើប តារារិទ្ធិ បានមកកម្ពុជាវិញ ដើម្បីស្នើសុំទិដ្ឋាការ ដើម្បីបន្តដំណើរទៅមុខទៀត ចូលទៅទ្វីបអឺរ៉ុប ចំនួន ១៥ប្រទេស ហើយភ្ជាប់ទៅទ្វីអាហ្វ្រិចបន្ថែមទៀត ដែលមានប្រមាណជាង ៣០ប្រទេស ។ សរុបក្នុងបេសកកម្មតាមការរំពឹងទុក យុវជន ទីវ តារារិទ្ធិ នឹងធ្វើដំណើរដោយការជិះកង់ផ្សងព្រេងក្នុងរយៈចម្ងាយប្រមាណ ៥មុឺនគីឡូម៉ែត្រ ដោយឆ្លងកាត់ប្រទេសប្រមាណជាង ៥៧ ប្រទេស ដោយត្រូវចំណាយពេល ១ឆ្នាំបន្ថែមទៀត ដើម្បីឈានទៅសម្រេចទិសដៅប្រមូលថវិកាពីសប្បុរសជនឲ្យបានចំនួន ២៥មុឺនដុល្លារអាមេរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា និង មន្ទីរពេទ្យកុមារអង្គរ ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់ លោក ទីវ តារារិទ្ធិ អ្នកជិះកង់ពីកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប បន្តបេសកកម្មក្នុងបុព្វហេតុកុមារកម្ពុជា តាមរយៈសកម្មភាពជិះកង់រៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។

តាមរយៈសន្និសីទសារព័ត៌មាននេះ គឺជាការធ្វើបច្ចុប្បន្នភាពចុងក្រោយពីសកម្មភាពជិះកង់លើកដំបូងរបស់ លោក ទីវ តារារិទ្ធិ ទៅកាន់ទ្វីបអឺរ៉ុប ក្នុងគោលបំណងរៃអង្គាសថវិកាជូនមន្ទីរពេទ្យ គន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលលោកបានចេញដំណើរកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងនោះ លោក ទីវ តារារិទ្ធិ បានបង្ហាញពីបទពិសោធ និងបញ្ហាប្រឈម ដែលបានជួបប្រទះក្នុងដំណើរបេសកកម្ម សប្បុរសធម៌ដើម្បីកុមារកម្ពុជា នៅលើតម្រាយផ្លូវ២ម៉ឺនគីឡូម៉ែត្រ ឆ្លងកាត់ប្រមាណជា១៥ប្រទេស។

លោក ទីវ តារារិទ្ធិ បានជម្រាបជូនថា មកដល់ថ្ងៃទី៣០ ខែមេសា កន្លងទៅនេះ បេសកកម្មជិះកង់បានធ្វើឡើងអស់រយៈពេល ១១ខែមកហើយ ដោយបានធ្វើដំណើរចេញពីខេត្តសៀមរាប ប្រទេសកម្ពុជា ឆ្លងកាត់ទៅជាង១៥ ប្រទេស លើតម្រាយផ្លូវជាង ២ម៉ឺនគីឡូម៉ែត្រ ហើយបានជួបឧបសគ្គជាច្រើន នៅក្នុងការធ្វើដំណើរដោយជិះកង់លើផ្លូវដ៏វែងឆ្ងាយមួយនេះ។ តែទោះជាយ៉ាងណា វាមិនបានក្លាយជារនាំងបិទផ្លូវនៃដំណើរកៀងគរថវិកាពីបណ្តាសប្បុរសជននានា ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជានោះទេ។
ដំណើរជិះកង់ផ្សងព្រេងឆ្លងទ្វីប រៃអង្គាសថវិកាជួយដល់កុមារកម្ពុជារបស់យុវជនកម្ពុជា ទីវ តារារិទ្ធិ បានប្រព្រឹតទៅបានរយៈពេល ៣៣៨ថ្ងៃ ដោយរាប់ពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ មេសា ឆ្នាំ២០២៥។

លោក ទីវ តារារិទ្ធិ បានបញ្ជាក់ថា នឹងមិនបញ្ចប់បេសកកម្មនេះ ត្រឹមតែឆ្លងទៅដល់ទ្វីបអឺរ៉ុបទេ ផ្ទុយទៅវិញ រូបលោក កាន់តែពេញចិត្តចំពោះកិច្ចការសប្បុរសធម៌ ដែលប្រកបដោយការផ្សងព្រេងនេះ ហើយរូបលោកនឹងបន្ដដំណើរទៅទ្វីបអាហ្វ្រិកខាងត្បូងទៀត។ ការធ្វើដំណើរពីទ្វីបអឺរ៉ុប ទៅទ្វីបអាហ្វ្រិកខាងត្បូង មានចម្ងាយជាង ២ម៉ឺនគីឡូម៉ែត្រ ដែលធ្វើឲ្យអ្នកជិះកង់រូបនេះ ជឿថាអាចនឹងត្រូវចំណាយពេល ១ឆ្នាំបន្ថែមទៀត៕