ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់ លោក ទីវ តារារិទ្ធិ អ្នកជិះកង់ពីកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប បន្តបេសកកម្មក្នុងបុព្វហេតុកុមារកម្ពុជា តាមរយៈសកម្មភាពជិះកង់រៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា

( ភ្នំពេញ )៖ ក្នុងឱកាសអនុញ្ញាតឲ្យ លោក ទីវ តារារិទ្ធិ អ្នកជិះកង់ពីកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ចូលជួបសំដែងការគួរសមនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញពីការគាំទ្រជាថ្មីម្តងទៀត និងផ្តល់នូវការលើកទឹកចិត្តដល់ យុវជន តារារិទ្ធិ ដែលជាអ្នកផ្សងព្រេងដំបូងគេ និងជាអ្នកជិះកង់ដំបូងគេចេញពីប្រទេសកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ដែលជាការធ្វើឡើងក្នុងគោលបំណងបង្ហាញពីដំណើេបសកកម្មដោយឆ្លងកាត់ជាង ១៥ប្រទេស នៅលើតម្រាយផ្លូវប្រមាណជាង ២ម៉ឺនគីឡូម៉ែត្រ។
ឯកឧត្តម រដ្ឋមន្ត្រី បានផ្តល់នូវមតិយោបល់មួយចំនួនដល់លោក ទីវ តារារិទ្ធិ ជាពិសេសផ្តល់ជាការលើកចិត្តឱ្យបន្តបំពេញបេសកកម្មការងារមនុស្សធម៌នេះបន្តទៅមុខទៀត នៅក្នុងស្មារតី និងបុព្វហេតុជួយសង្គ្រោះដល់កុមារកម្ពុជា ដែលមកទទួលការព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារគន្ធបុប្ផាព និងមន្ទីរពេទ្យកុមារអង្គរ។
តាមរយៈសកម្មភាពការងារមនុស្សធម៍នេះដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសរៀបចំជាសន្និសីទសារព័ត៌មានមួយស្តីពីដំណើរបេសកកម្មជិះកង់របស់ យុវជន ទីវ តារារិទ្ធិ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជាការបង្ហាញដល់សារព័ត៌មានជាតិ និងអន្តរជាតិ អាចចោទជាសំណួរផ្សេងៗ ទៅយុវជន តារារិទ្ធិ ពាក់ព័ន្ធនឹងបញ្ហានានាដែលបានជួបប្រទះនៅក្នុងដំណើរបេសកកម្មមនុស្សធម៌ជិះកង់ឆ្ពោះទៅទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ហើយបន្តផ្សព្វផ្សាយជូនដល់សាធារណរជន សប្បុរសជននានាបានដឹងកាន់តែច្បាស់ចំពោះបេសកកម្មដ៏វែងឆ្ងាយចំពោះបុព្វហេតុកុមារកម្ពុជា។
លោក ទីវ តារារិទ្ធិ បានជម្រាបជូនថា មកដល់ថ្ងៃទី៣០ ខែមេសា កន្លងទៅនេះ បេសកកម្មជិះកង់បានធ្វើឡើងអស់រយៈពេល ១១ខែមកហើយ ដោយបានធ្វើដំណើរចេញពីខេត្តសៀមរាប ប្រទេសកម្ពុជា ឆ្លងកាត់ទៅជាង១៥ ប្រទេស លើតម្រាយផ្លូវជាង ២ម៉ឺនគីឡូម៉ែត្រ ហើយបានជួបឧបសគ្គជាច្រើន នៅក្នុងការធ្វើដំណើរដោយជិះកង់លើផ្លូវដ៏វែងឆ្ងាយមួយនេះ។ តែទោះជាយ៉ាងណា វាមិនបានក្លាយជារនាំងបិទផ្លូវនៃដំណើរកៀងគរថវិកាពីបណ្តាសប្បុរសជននានា ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជានោះទេ។
ដំណើរជិះកង់ផ្សងព្រេងឆ្លងទ្វីប រៃអង្គាសថវិកាជួយដល់កុមារកម្ពុជារបស់យុវជនកម្ពុជា ទីវ តារារិទ្ធិ បានប្រព្រឹតទៅបានរយៈពេល ៣៣៨ថ្ងៃ ដោយរាប់ពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ មេសា ឆ្នាំ២០២៥។
លោក ទីវ តារារិទ្ធិ បានបញ្ជាក់ថា នឹងមិនបញ្ចប់បេសកកម្មនេះ ត្រឹមតែឆ្លងទៅដល់ទ្វីបអឺរ៉ុបទេ ផ្ទុយទៅវិញ រូបលោក កាន់តែពេញចិត្តចំពោះកិច្ចការសប្បុរសធម៌ ដែលប្រកបដោយការផ្សងព្រេងនេះ ហើយរូបលោកនឹងបន្ដដំណើរទៅទ្វីបអាហ្វ្រិកខាងត្បូងទៀត។ ការធ្វើដំណើរពីទ្វីបអឺរ៉ុប ទៅទ្វីបអាហ្វ្រិកខាងត្បូង មានចម្ងាយជាង ២ម៉ឺនគីឡូម៉ែត្រ ដែលធ្វើឲ្យអ្នកជិះកង់រូបនេះ ជឿថាអាចនឹងត្រូវចំណាយពេល ១ឆ្នាំបន្ថែមទៀត៕
ជាថ្មីម្តងទៀត លោក ទីវ តារារិទ្ធិ បានបញ្ជាក់ថា ក្នុងដំណើរបេសកម្មជិះកង់ឆ្ពោះទៅកាន់ទ្វីបអឺរ៉ុបនេះ លោកបានដាក់គោលដៅរៃថវិកា ២៥ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។
គួរបញ្ជាក់ដែរថា យុវជនកម្ពុជា តារារិទ្ធ ធ្លាប់ជោគជ័យម្ដងរួចមកហើយ ក្នុងការជិះកង់ជុំវិញប្រទេសអាស៊ាន កាលពីពាក់កណ្ដាលឆ្នាំ២០២៣។ អ្នកជិះកង់រូបនេះ បានឆ្លងកាត់ ៦ប្រទេសដូចជា៖ វៀតណាម, ឡាវ, ថៃ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងសិង្ហបុរី ដោយប្រើរយៈពេលជាង ៣ខែ លើចម្ងាយផ្លូវ ៩ ៧៥០គីឡូម៉ែត្រ និងរៃបានថវិកា ៥៦២៥៧ដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ។
មកដល់ពេលនេះ យុវជនរូបនេះបានធ្វើការជិះកងអស់រយៈពេល ៦ឆ្នាំហើយ ចាប់ពីឆ្នាំ២០១៧ ដោយបានធ្វើដំណើរទៅកន្លែងជាច្រើន ដែលអស្ចារ្យ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដោយបានធ្វើដំណើរផ្សងព្រេងចូលទៅតំបន់ព្រៃជ្រៅៗ ដាច់ស្រយាល ហើយបានឃើញអំពីទិដ្ឋភាពជាក់ស្តែងនៃប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែលោកបានមើលឃើញចំណុចខ្វះខាតលើផ្នែកមន្ទីរពេទ្យ សាលារៀន ថ្នាំសង្កូវ និងអាហារមួយចំនួនផងដែរ។ យុវជនរូបនេះបានបញ្ជាក់ថា ចាប់តាំងពីពេលនោះមករូបលោកមានបំណងប្រាថ្នាចង់ធ្វើអ្វីមួយឱ្យបានជាអត្ថប្រយោជន៍ ក៏ដូចជាឱកាសនៅក្នុងការចូលរួមចំណែកនៅក្នុងការជួយអភិវឌ្ឍនសង្គម ៕