ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ សេរីភាពសារព័ត៌មានជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានធានាដោយ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត

ថ្លែងក្នុងឱកាសសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥»
នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នាក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងបរិបទនេះ ការវាស់វែងស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លុះបញ្ចាំងអំពីលំហ សេរីភាពសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិទទួលបានព័ត៌មាន។ សេរីភាពសារព័ត៌មានជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានធានាដោយ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត។ តាមរយៈការសិក្សានេះ យើងបានបង្ហាញដល់ ពិភពលោកឱ្យបានឃើញពីភាពជាម្ចាស់របស់កម្ពុជាលើការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ ហើយ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធបានសម្តែងឆន្ទៈ ការបញ្ចេញមតិ និងបំពេញតួនាទីក្នុងការរួមចំណែកលើកកម្ពស់សេរីភាព សារព័ត៌មានកម្ពុជាយ៉ាងពិតប្រាកដ»។ ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងការអនុវត្តការងារអ្នកសារព័ត៌មានចំនួន៩៩% នៃអ្នកស្ទង់មតិសរុបបានឆ្លើយឯកភាពថា អ្នកសារព័ត៌មាន មានសិទ្ធិនិងករណីយកិច្ច ត្រូវអនុវត្តសកម្មភាពអាជីពវិជ្ជាជីវៈរបស់ខ្លួន ដោយឯករាជ្យភាព ក្នុងក្របខណ្ឌច្បាប់ស្តីពីរបប សារព័ត៌មាន ប្រតិបត្តិតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងដោយមានការទទួលខុសត្រូវសង្គម និងចំពោះមុខច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា។ តាមលទ្ធផលនៃការស្ទង់មតិនេះ អ្នកសារព័ត៌មាន ៧៧,៥% បានឆ្លើយថា ខ្លួនបានអនុវត្តវិជ្ជាជីវៈ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈផ្សេងទៀត។
ទាក់ទងទៅស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា អ្នកសារព័ត៌មានចំនួន ៨១,៤% ក្នុងចំណោមអ្នកស្ទង់មតិសរុបចំនួន ៤៦៧នាក់ តំណាងអ្នកសារព័ត៌មានទូទាំងប្រទេសដែលបានចូលរួម បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ក្នុងនោះ ៧២,២% បានឆ្លើយថា សេរីភាពសារព័ត៌មាន នៅកម្ពុជាមានស្ថានភាពល្អ ខណៈ ៩,២% បានឆ្លើយថា សេរីភាពសារព័ត៌មានមាន ស្ថានភាពល្អបំផុត។ ការស្ទង់មតិនេះ ត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌនៃការសិក្សាលើកទី២ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាន ដោយបានអនុវត្តវិធីសាស្ត្រសិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រ និងដោយឈរលើទិន្នន័យគោល (baseline data) ឆ្នាំ២០២៤ របស់កម្ពុជាជាមូលដ្ឋានក្នុងការវាស់វែង៕