ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងការកោតសរសើរដល់សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន និងសមាគមដ៏ទៃទៀត ដែលបានខិតខំចូលរួមពង្រឹងគុណភាព និងវិជ្ជាជីវៈដល់អ្នកសារព័ត៌មានឲ្យមានសមត្ថភាពក្នុងការបំពេញកិច្ចការងារបានល្អប្រសើរជាងមុន

ការពង្រឹងសមត្ថភាព និងវិជ្ជាជីវៈដល់អ្នកសារព័ត៌មាន គឺជាមូលដ្ឋានគ្រឹះសម្រាប់យកទៅអនុវត្តន៍ ហើយក៏ជាអាវក្រោះយ៉ាងសំខាន់ក្នុងការពារខ្លួន និងសម្រាប់ជាគុណតម្លៃរួមនៃវិជ្ជាជីវៈសារព័ត៌មាន, នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអនុញ្ញាតឱ្យ លោក សេង រាជសី ប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន (ASEAN FRIENSHIP OF PRESS ASSOCIATION) និងសហការី ចូលជួបសម្តែងការគួរសម និងទទួលនូវអនុសាសន៍ណែនាំតម្រង់ទិសដៅការងារ អនុវត្តបន្តរបស់សមាគមដើម្បីអនុវត្តការងារនាពេលបន្តទៅមុខទៀត នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៥ នៅទីស្តីការក្រសួង។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាបញ្ជាក់ថានៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន បានធ្វើ ការរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ដើម្បីកុំអោយបង្ករភាពរញ៉េររញ៉ៃ សំដៅពង្រឹងសមត្ថភាព គុណភាពការងារ និងសុវត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មាន ការរៀបចំសន្តិសុខព័ត៌មាន និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាន។ ជាមួយនេះ កិច្ចការងារសន្តិសុខព័ត៌មានត្រូវបានពង្រឹងដោយត្រូវធ្វើយ៉ាងណាគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យបាន ឬធ្វើយ៉ាងណាកុំឱ្យពលរដ្ឋ មានការភាន់ច្រឡំអំពីព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុល។ ដូច្នេះក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្ត្រី បានជំរុញឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិត និងមានប្រភពច្បាស់លាស់ ចៀសវាងចំពោះការផ្សាយព័ត៌មានទាំងឡាយណា ដែលមិនច្បាស់លាស់ ដែលអាចនាំឱ្យបង្កជាចលាចលសង្គម ហើយនៅពេលចុះទៅបំពេញ បេសកកម្មការងារយកព័ត៌មានត្រូវសហការជាមួយអាជ្ញាធរដែនដី ដើម្បីប្រមូលព័ត៌មានអោយបានគ្រប់ប្រភពច្បាស់លាស់សម្រាប់ការផ្សព្វផ្សាយអោយបានត្រឹមត្រូវ។
នៅក្នុងឱកាស នេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះការងាររបស់សមាគមសារព័ត៌មាន ដែលបានដើរតូនាទីយ៉ាងសំខាន់ ក្នុងក្របខណ្ឌការងារព័ត៌មាន និងការផ្សព្វផ្សាយ ហើយនៅក្នុងអាណត្តិទី៧ នេះ ក្រសួងព័ត៌មាន បានដាក់ចេញផែនការសម្រាប់ធ្វើកិច្ចការងារក្នុងក្របខណ្ឌជួយដល់បងប្អូនសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវសារព័ត៌មាន ដើម្បីពង្រឹងគុណភាពសារព័ត៌មានអោយបានល្អ អាចដំណើរការផ្សាយទៅមុខ បន្តទៀតត្រូវផ្ដោតសំខាន់ទៅលើខ្លឹមសារ នៃអត្ថបទព័ត៌មាន និងល្បឿននៃព័ត៌មានអោយលឿន ហើយមានគុណភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ។
លោក សេង រាជសី ប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន បានបង្កើតឡើងជិត៣ឆ្នាំមកហើយ ដោយការរូបរួម និងឯកភាពគ្នា រវាងអង្គភាពសាព័ត៌មានគេហទំព័រ និងទូរទស្សន៍អនឡាញជាច្រើនអង្គភាព ។ក្រៅពីការបំពេញភារកិច្ចជាស្ថាប័នសារព័ត៌មានវិជ្ជាជីវៈ សមាគមក៏បានធ្វើសកម្មភាពការងារមនុស្សធម៍ និងមានកិច្ចសហប្រតិបត្តិការជាមួយសមាគមអ្នកសារព័ត៌មាននៅក្នុងប្រទេសថៃផងដែរ៕