ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ សម្រាប់ឆ្នាំ២០២៥នេះ ក្រសួងព័ត៌មានបានដាក់ចេញផែនការបណ្តុះបណ្តាលធនធានមនុស្សចំនួនជាង ៨០វគ្គ ដើម្បីឲ្យដើរស្របជាមួយការវិវឌ្ឍនៃបច្ចេកវិទ្យា ការវិវឌ្ឍនៃសង្គម និងតម្រូវការធនធានមនុស្សក្នុងការបំពេញកិច្ចការងារជំនាញក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ,

កិច្ចការងារនេះធ្វើឡើងដើម្បីឆ្ពោះទៅពង្រឹងសមត្ថភាពស្ថាប័ន និងលើកកម្ពស់ប្រសិទ្ធភាពការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់តាមរយៈការដាក់ចេញនូវផែនការអភិវឌ្ឍន៍មូលធនមនុស្សដែលក្រសួងព័ត៌មានបាននឹងកំពុងអនុវត្ត មិនត្រឹមតែជួយជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស្របតាមការវិវត្តនៃសង្គមជាតិ និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ហើយវាក៏ជាការរៀបចំនូវកម្លាំងបន្តវេនប្រកបដោយបុរេសកម្ម សកម្ម និងធានាបាននូវប្រសិទ្ធភាពការងារផងដែរ។
នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល” ស្តីពីរបៀបរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលកម្ពុជា ” នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្រសួងព័ត៌មាន ដោយមានការអញ្ជើញជាអធិបតី លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន មានមុខងារស្នូលដែលមានភារកិច្ចដឹកនាំគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ នៅព្រះរាជាណាចក្រកម្ពុជា ហើយចំពោះមុខងារគាំទ្រ ក្រសួងព័ត៌មាន ក៏ជាក្រសួងមួយដែលជួយគាំទ្រទៅលើស្ថាប័នដ៏ទៃទៀត ។ ដូច្នេះដើម្បីពង្រឹងតួនាទីរបស់ក្រសួងព័ត៌មាន ដែលជាអ្នកផ្តល់ការគាំទ្រទៅលើក្រសួង ស្ថាប័នដ៏ទៃ នោះគឺត្រូវចាប់ផ្តើមដំបូងពីការពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការរបស់ខ្លួនឯងជាមុនសិនតាមរយៈការបណ្តុះបណ្តាលដល់មន្ត្រីអោយកាន់តែមានសមត្ថភាពបន្ថែមទៀត ទៅលើការអនុវត្តកិច្ចការងារប្រចាំថ្ងៃ ។ ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើការបញ្ជាក់ដល់មន្ត្រីព័ត៌មាន អោយបានយល់ច្បាស់ថា “ការធ្វើព័ត៌មាន មិនមែនត្រឹមតែធ្វើព័ត៌មានអោយតែបាននោះទេ មិនមែនទៅយកព័ត៌មានផ្សព្វផ្សាយ ហើយសរសេរព័ត៌មានត្រឹមតែឃើញនោះទេ ក៏ប៉ុន្តែការសរសេរព័ត៌មានរបស់យើងគឺចាំបាច់ណាស់ដែលត្រូវដាក់ជាសំណួរថាតើយើងសរសេរព័ត៌មានដើម្បីអ្វី? តើមានគោលបំណងអ្វី ? តើមានផលប្រយោជន៍អ្វីសម្រាប់អ្នកអាន អ្នកស្តាប់របស់យើង ? អ្វីដែលសំខាន់ទៀតនោះ នៅពេលដែលយើងផ្សាយចេញទៅវាមានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះនៅក្នុងការងារព័ត៌មាន និងគ្រប់គ្រងសាធារណៈមតិរបស់យើង ។ ឯកឧត្តម បានជម្រាបជូនដែរថា សមរភូមិសាធារណៈមតិ សមរភូមិសារព័ត៌មាន គឺជាសមរភូមិអំណាចដែលយើងមិនអាចបាត់បង់ក្នុងវិនាទីណាមួយនោះទេ ។ បើសិនជាយើងបាត់បង់សមរភូមិព័ត៌មាន និងសមរភូមិសាធារណៈមតិ នោះយើងនឹងបាត់បង់សមរភូមិអំណាចដែលមិនអាចគ្រប់គ្រងអំណាចអោយបាន រឹងមាំនោះទេ ។ នៅក្នុងពេលបច្ចុប្បន្ននេះ ពេលដែលប្រព័ន្ធទំនាក់ទំនងសង្គមកំពុងរីកចម្រើន ចិត្តគំនិតរបស់ប្រជាជន ផ្លាស់ប្តូរទៅតាមពេលវេលា តាមប្រធានបទ និងទៅតាមបរិបទដែលកើតឡើង ។ ដូច្នេះក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ត្រូវផ្សាយព័ត៌មានពិត ត្រឹមត្រូវទៅដល់ប្រជាពលរដ្ឋ ក្នុងការគិតពិចារណា និងការទទួលយកការយល់ដឹងជុំវិញបញ្ហាដែលកើតមានឡើង ដើម្បីកុំឲ្យប្រជាជនចាញ់បោក ឬការបោកប្រាស់តាមរយៈការផ្សាយព័ត៌មានដែលមិនត្រឹមត្រូវពាក់ព័ន្ធជាមួយប្រទេសជាតិ និងបញ្ហាដ៏ទៃផ្សេងទៀត ។
នៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់លទ្ធផលដែលទទួលបានពិតជាមានសារៈសំខាន់ណាស់ដល់សិក្ខាកាមទាំងអស់ ដែលបាននិងកំពុងបម្រើការងារនៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។ ជាពិសេសវគ្គនេះនឹងរួមចំណែកក្នុងការពង្រឹងសមត្ថភាពរបស់សិក្ខាកាមឱ្យក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព គុណភាព និងទេពកោសល្យខ្ពស់។ ជាមួយនេះ សូមថ្លែងអំណរគុណដល់ស្ថានទូតតួកគីយេប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាន លោកជំទាវ Ulku Kocaefe ជាតំណាង ក៏ដូចជាទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយេ
និងសាជីវកម្ម និងទូរទស្សន៍តួកគីយេ ដែលបានសហការ និងគាំទ្រដល់ដំណើរការរៀបចំវគ្គបណ្តុះបណ្តាលនេះ តាំងពីដើមរហូតដល់ចប់វគ្គ ហើយក៏សូមអរគុណដល់ គ្រូបង្គោល និងគ្រូសម្របសម្រួលទាំងអស់ ដែលបានចំណាយពេលវេលាក្នុងការចែករំលែកចំណេះដឹង និងជំនាញដល់សិក្ខាកាមអោយទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមទៀត ។
លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា បានសំដែងនូវការ
រីករាយណាស់ដែលបាឃើញអំពីលទ្ធផលវិជ្ជមានជាច្រើនដែលកើតចេញពីការបណ្តុះបណ្តាលនាឱកាសនេះ ហើយមានសារៈសំខាន់ សម្រាប់ ភាគី ទាំង សងខាង តួកគីយេ និងកម្ពុជា ។ តាមរយៈនៃវគ្គបណ្តុះបណ្តាលដំបូងនេះ គឺជាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ហើយជាការត្រួសត្រាយផ្លូវសម្រាប់គម្រោងរួមគ្នាកាន់តែច្រើន និងទំនាក់ទំនងកាន់តែច្រើនរវាងមន្ត្រីអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសទាំងពីរ ពិសេសជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រព័ន្ធផ្សព្វផ្សាយទួរគី និងកម្ពុជា ។

ឯកឧត្តម កៅ អុីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពី «ការរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រពន្ធ័ផ្សព្វផ្សាយឌីជីថលកម្ពុជា» បានប្រព្រឹត្តិធ្វើឡើងដោយជោគជ័យ ហើយបានផ្តល់នូវចំណេះដឹងថ្មី និងជំនាញដល់សិក្ខាកាមដែលបានទទួលការបណ្តុះបណ្តាលនិងចែករម្លែកបទពិសិធន៍ពីគ្រូបង្គោលពី TRT ក្នុងរយៈពេល៤ ថ្ងៃកន្លងទៅ ជូនដល់សិក្ខាកាមជាមន្ត្រីរាជការក្រសួងព័ត៌មានចំនួន ៥៦រូប ។ ការប្តេជ្ញាចិត្តរបស់សិក្ខាកាមក្នុងការបង្កើនសមត្ថភាពរបស់ខ្លួននៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងការរាយការណ៍តាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម ច្បាស់ជាផ្តល់នូវផលជះជាវិជ្ជមានទៅលើការអភិវឌ្ឍន៍វិជ្ជាជីវៈរបស់លោកអ្នក និងអាជីពការងារដែលទាំងអស់គ្នាកំពុងអនុវត្តន៍ក្នុងអង្គភាពរបស់ខ្លួន។ ឯកឧត្តម រដ្ឋលេខាធិការក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា តាមការវាយតម្លៃ របស់គ្រូបង្គោល និងអ្នកសម្របសម្រួល និងគណៈកម្មការរៀបចំ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការសិក្សា រៀនសូត្ររបស់សិក្ខាកាម ទោះបីនាថ្ងៃដំបូងសិក្ខាកាមហាក់ដូចជាមានភាពអៀនច្រើន ប៉ុន្តែគ្រូបង្គោលបានប្រើប្រាស់គ្រប់នីតិវិធីគរុកោសល្យ ដើម្បីទាក់ទាញលើកទឹកចិត្តសិក្ខាកាមអោយ មាន ភាពក្លាហានក្នុងការសាកសួរសំនួរទាក់ទងនឹងប្រធានបទមេរៀនព្រមទាំងបញ្ចេញយោបល់ក៏ដូចជាចែករំលែកបទពិសោធន៍របស់ខ្លួនសម្រាប់សិក្ខាកាមក្នុងវគ្គផងដែរ ។
ជាការកត់សម្គាល់ដែរថា វគ្គបណ្តុះបណ្តាលនេះបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងក្រសួងព័ត៌មាន និងស្ថានទូតទួកគីយេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានអ្នកសម្របសម្រួល និងគ្រូបង្គោលដែលមានបទពិសោធន៍និងជំនាញ មកពីTRT ជាមួយនឹងការជួយគាំទ្រថវិកាពីTIKA បានធ្វើអោយវគ្គបណ្តុះបណ្តាលទទួលបាននូវលទ្ធផលល្អជោគជ័យគួរជាទីគាប់ចិត្ត ៕