ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ មនុស្ស និងព័ត៌មានមិនអាចកាត់ផ្តាច់ចេញពីគ្នាបានទេ តម្រូវការរបស់មនុស្សនាពេលបច្ចុប្បន្ននេះគឺចាំបាច់បំផុតនៅក្នុងការទទួលបានព័ត៌មាន ឬចង់ដឹងព័ត៌មានជាចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ,

ប្រព័ន្ធផ្សព្វផ្សាយជាយន្តការចែករំលែកព័ត៌មានសម្រាប់ចំណេះដឹងសង្គម ដែលជាមូលដ្ឋានក្នុងការ សម្រចចិត្តត្រឹមត្រូវ ឬខុស ហើយសារព័ត៌មានធ្វើឱ្យមានស្ថិរភាព ឬចលាចលក្នុងសង្គម សារព័ត៌មានដើរតួក្នុងការឆ្លុះបញ្ចាំងពីតថភាពពិត ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយសកម្មវិធីចែករំលែកបទពិសោធន៍លើប្រធានបទ«ការចែករំលែកចំណេះដឹងពីសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ជូនដល់និស្សិតជាង ១ ៨០០នាក់ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ ស្ពានអាកាសចោមចៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ព័ត៌មានបានដើរតូនាទីសំខាន់ដោយសារវាភ្ជាប់ជាមួយការរស់នៅជាមួយយើងតែម្តង ហើយ សារព័ត៌មានមានតូនាទីក្នុងការចូលរួមថែរក្សាសន្តិភាព ស្ថេរភាព និងកុំអោយមានចលនានៅក្នុងសង្គម ។ ជាមួយនេះ ប្រព័ន្ធផ្សព្វផ្សាយបានដើរតូនាទីសំខាន់ណាស់ ជាកញ្ចក់ឆ្លុះបញ្ចាំងនូវ តថភាពពិតនៅក្នុងសង្គម ហើយជាការបំពេញបន្ថែមទៅជាមួយការងាររបស់យើងផ្ទាល់តែម្តង ។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានជម្រាបជូនពីការវិវត្តិនៃប្រព័ន្ធផ្សាយនៅកម្ពុជា រវាងប្រព័ន្ធផ្សព្វផ្សាយបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើប រួមទាំងចំណូលចិត្តរបស់ប្រជាពលរដ្ឋលើបច្ចេកវិទ្យាទំនើប និងកំណើននៃការ ប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជា បានផ្លាស់ប្តូរទំលាប់របស់ប្រជាពលរដ្ឋភាគច្រើនក្នុងការទទួល ព័ត៌មាន ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនៅប្រទេសកម្ពុជា ដែលមានភាពសំបូរបែប និងសេរី ។ បច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រួមមាន ទូរទស្សន៍អាណាឡូក ចំនួន ១៤៣ ទូរទស្សន៍ផ្សាយផ្ទាល់ ១៩ ទូរទស្សន៍ផ្សាយបន្ត ១៦៥ ទូរទស្សន៍ឌីជីថល ១២ ទូរទស្សន៍ខ្សែកាប ៤៤ ទូរទស្សន៍ផ្សាយតាមកាយរណប ២ និងទូរទស្សន៍ប្រព័ន្ធ Over the Top ចំនួន ៨ ។
ស្ថានីយវិទ្យុ FM ២៨៣ ស្ថានីយ វិទ្យុ AM ១ ស្ថានីយ ។ គេហទំព័រ និងទូរទស្សន៍ អនឡាញ ៩៣៣ អង្គភាព សមាគមសារព័ត៌មាន ៥២អង្គភាព រួមទាំងទស្សនាវដ្តី ទីភ្នាក់ងារសារព័ត៌មានបរទេស ព្រឹត្តិបត្រ ជាច្រើនផ្សេងទៀត ។ តែទោះជាយ៉ាងនេះក្តី កំរិតនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបុរាណគឺនៅតែសំខាន់ដដែល ដោយក្នុងនោះប្រមាណ ៨០% នៃការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ, ចំណែកឯប្រព័ន្ធផ្សព្វផ្សាយទំនើបប្រមាណ ៩០% នៃការទទួលបានព័ត៌មាន ។
តាមរយៈរបាយការណ៍ដែលបានសិក្សាស្រាវជ្រាវបានបង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ ដោយក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិសរុបចំនួន ៣៤១នាក់ មានមនុស្សចំនួន ៧៩,៨% បានឆ្លើយថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ។ នេះជាចំណុចនៃការយល់ដឹងជារួមនៃនិន្នាការនៃការផ្លាស់ប្តូររបស់ប្រជាពលរដ្ឋ ក្នុងការទទួលព័ត៌មាន ។ ដូច្នេះប្រព័ន្ធផ្សាយត្រូវតែដើរតូនាទីសំខាន់ក្នុងការធ្វើយ៉ាងមិចអោយការផ្សព្វផ្សាយព័ត៌មានធានាបានការពិត ដើម្បីគ្រប់គ្រងសាធារណៈមតិប្រកបដោយប្រសិទ្ធភាព ។
ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានបញ្ជាក់ជូនពីគោលបំណងនៃកម្មវិធីចែករំលែកបទពិសោធន៍ លើប្រធានបទ «ការចែករំលែក ចំណេះដឹងពីសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» គឺជាប្រធានបទមួយដ៏មានគុណតម្លៃយ៉ាងវិសេស វិសាល ប្រកបដោយសារប្រយោជន៍ ចំពោះនិស្សិតក្នុងការកសាងចំណេះដឹង ជំនាញ និងបទពិសោធន៍ ឲ្យក្លាយជាបញ្ញវ័ន្តដ៏ឆ្នើមសម្រាប់ខ្លួនឯង គ្រួសារ សង្គមជាតិ និងសាកលលោក ស្របតាមបាវចនារបស់ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ គឺ៖ « BELTEI International University-The Future of Global Leaders » ៕
ឯកឧត្តម លី ណាវុឌ្ឍ បានជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០០២ មកដល់ឆ្នាំ២០២៥ ក្នុងរយៈពេល ២៣ឆ្នាំកន្លងមកនេះ ប៊ែលធីគ្រុបខិតខំចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នមានបុគ្គលិកកំពុងបម្រើការចំនួន 3,800 នាក់ និងសិស្ស-និស្សិត សរុបចំនួនប្រមាណជាង 61,000នាក់ និងមានអគារផ្ទាល់ខ្លួនសរុប 35 ទីតាំង នៅរាជធានីភ្នំពេញ។ ប៊ែលធីគ្រុបបាននឹងកំពុងសាងសាង់អគារស្នាក់ការកណ្តាលកម្ពស់ 32ជាន់ នៅកណ្តាលរាជធានី ភ្នំពេញដែលនឹងបញ្ចប់ការសាងសង់នាពេលឆាប់ៗនេះ ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយកប៊ែលធីគ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យា ល័យប៊ែលធី អន្តរជាតិ ប៊ែលធី គ្រុប មានការរីកចម្រើនជាបន្តបន្ទាប់រហូតមានស្ថាប័ន និងក្រុមហ៊ុន ចំណុះចំនួន ៩ ដូចជា៖ ១-ប៊ែលធី សំណង់ ២-សាលា ប៊ែលធី អន្តរជាតិ ៣-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ៤-ប៊ែលធី ទំនាក់ទំនងអន្តរជាតិ ៥-មជ្ឈមណ្ឌលតេស្ត អន្តរជាតិ ប៊ែលធី ៦-ប៊ែលធី ទេសចរណ៍ ៧-សប្បុរសធម៌ ប៊ែលធី ៨-អាហារូបករណ៍ឧកញ៉ា លី ឆេង ៩-សមាគមអតីតនិស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ៕