ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការអាន សៀវភៅ ជាមួយការអានព័ត៌មាន គឺខុសគ្នាព្រោះការអានព័ត៌មានគ្រាន់ដឹងតែមិនសុីជម្រៅ បើការអានសៀវភៅវិញបានផ្តល់នូវគំនិតពុទ្ធិច្រើន ព្រោះអ្នកនិពន្ធសៀវភៅបានប្រើប្រាស់ពេលវេលាច្រើនក្នុងការសិក្សាស្រាវជ្រាវ ដោយ មួយល្បះមួយពាក្យៗដែលបានសរសេរឡើងគឺបាន ពិចារណាទៅលើគំនិតឈរលើភាពត្រឹមត្រូវ និងភាពសុីជម្រៅនូវអ្វីដែលបានតាក់តែង

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការអាន សៀវភៅ ជាមួយការអានព័ត៌មាន គឺខុសគ្នាព្រោះការអានព័ត៌មានគ្រាន់ដឹងតែមិនសុីជម្រៅ បើការអានសៀវភៅវិញបានផ្តល់នូវគំនិតពុទ្ធិច្រើន ព្រោះអ្នកនិពន្ធសៀវភៅបានប្រើប្រាស់ពេលវេលាច្រើនក្នុងការសិក្សាស្រាវជ្រាវ ដោយ មួយល្បះមួយពាក្យៗដែលបានសរសេរឡើងគឺបាន ពិចារណាទៅលើគំនិតឈរលើភាពត្រឹមត្រូវ និងភាពសុីជម្រៅនូវអ្វីដែលបានតាក់តែង,
ការវិនិយោគលើសៀវភៅ គឺជាការវិនិយោគលើការង្កើននូវពុទ្ធិ ពង្រឹងស្មារតី និងចំណេះដឹងរបស់យើង ហើយការអានសៀវភៅ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បីផ្លាស់ប្ដូរខ្លួនឯង, ដូច្នេះហើយ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រុញលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន ត្រូវស្រឡាញ់ការអានសៀវភៅអោយបានច្រើន ដើម្បីទទួលបានចំណេះដឹងទូលំទូលាយ ហើយការអានសៀវភៅច្រើនបានបង្ហាញនូវគំនិតថ្មីៗ និងដំណើរការគិតដែលអាចជំរុញឲ្យមានគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន និងជំនាញដោះស្រាយបញ្ហា ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមវគ្គបណ្តុះបណ្តាលសមាគមអ្នកនិពន្ធខ្មែរ វគ្គ ៣៤ ៣៥ និង៣៦ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នាសាលចុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ។
ពិធីប្រគល់វិញ្ញាបនបត្រនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ជ័យ ចាប ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ និងជាទីប្រឹក្សាក្រសួងព្រះបរមរាជវាំង ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ទីប្រឹក្សាទីប្រឹក្សាកិត្តិយសសមាគមអ្នកនិពន្ធខ្មែរ បានគូសបញ្ជាក់ថា អ្នកនិពន្ធចាំបាច់ ណាស់ត្រូវធ្វើការអាន និងសិក្សាស្រាវជ្រាវអោយបានច្រើន ដើម្បីប្រមូលនូវគំនិត ដោយយើងមិនមែនលួចគេនោះទេ ប៉ុន្តែការអានគំនិតរបស់គេ គឺបានធ្វើអោយយើងអាចចាប់ជាចំណុចដែលនាំអោយយើងអាចបង្កើនគំនិតថ្មីរបស់យើង ដែល នេះជាចំណុចមួយធ្វើអោយយើងអាចយក មកបំប្លែងបង្កើតជាថ្មីដើម្បីធ្វើឲ្យមានការរីកចម្រើនបន្តទៅទៀត ។ ដូច្នេះហើយ បើសិនជាអ្នកនិពន្ធ មិនអាន មិនសិក្សាស្រាវជ្រាវនោះទេ អ្នកនិពន្ធយើងមានគំនិតខ្លី ហើយស្នាដៃនិពន្ធ ក៏មិនសូវមានគុណវុឌ្ឍិ និងមិនមានអ្វីជាការចាប់ អារម្មណ៍នោះដែរ ។ ឯកឧត្តម លើកឡើងថា អ្នកនិពន្ធ បានបង្កើតស្នាដៃល្អៗបែបអក្សរសីល្ប៍ ស្នាដៃតែងនិពន្ធរឿងផ្សេងៗដើម្បីជាការកំសាន្ត សប្បាយ តែអ្វីដែលសំខាន់ អ្នកនិពន្ធគួរតែចូលរួមជួយបង្កើតក្បួនតម្រា ក្បួតខ្នាត អោយបានត្រឹមត្រូវ ព្រោះថាការពង្រឹងមូលដ្ឋានគ្រឹះនៃចំណេះដឹង បើយើងចេះអត់ក្បួនខ្នាត គឺអត់ត្រឹមត្រូវនោះទេ ដូច្នេះហើយជាការចាំបាច់ត្រូវតាក់តែងក្បួនខ្នាតដើម្បីកសាងសង្គមរបស់យើងអោយបានរឹងមាំ ។
ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនថា នៅក្នុងបរិបទ Digital នេះ ការរំលោភបំពានទៅលើក្រមសីលធម៌ និងស្នាដៃអ្នកនិពន្ធគឺងាយមែនទែន ដែលធ្វើអោយអ្នកនិពន្ធមួយចំនួនបាត់បង់នូវទឹកចិត្តក្នុងការតែងនិពន្ធ ព្រោះត្រូវប្រើប្រាស់ពេលវាលាច្រើនក្នុងការតែងនិពន្ធ ប៉ុន្តែស្នាដៃរបស់ខ្លួនមិនទាន់បានលក់ផង ឬនៅមិនទាន់ដាក់នៅលើទីផ្សារផង ពេលខ្លះត្រូវបានបែកធ្លាយលើទីផ្សារ ។ ចំណុចនេះ ក្រសួងព័ត៌មាន លើកទឹកចិត្តដល់អ្នកនិពន្ធទាំងអស់សូមកុំបាក់ទឹកចិត្តនៅពេលគេលួចចម្លងស្នាដៃ ហើយក្រសួងព័ត៌មាន គឺជាផ្នែកមួយក្នុងការជួយផ្សព្វផ្សាយស្នាដៃរបស់អ្នកនិពន្ធ ហើយក៏ពង្រឹងទៅលើការការពារនូវកម្មសិទ្ធិបញ្ញាផងដែរ។ នៅក្នុងក្របខណ្ឌនៃក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន ក៏មានចែងអំពីការហាមឃាត់នូវការលួចចម្លងស្នាដៃអ្នកដ៏ទៃផងដែរ ។ តាមរយៈនេះ ក៏សំណូមពរដល់អ្នកនិពន្ធ ដែលរៀនខាងអក្សរសិល្ប៍សូមបង្កើននិងពង្រីកនូវការស្រាវជ្រាវចងក្រងរបស់ខ្លួនកុំទៅលើតែអក្សរសិល្ប៍ តែត្រូវរៀបចំក្បួនខ្នាត ឬជំនាញផ្សេងៗទៀតចងក្រងអោយបានច្រើន ដែលជាមូលដ្ឋានគ្រឹះធ្វើអោយ មានសណ្តាប់ធ្នាប់ និងចំណេះដឹងរបស់យើងមានមូលដ្ឋានគ្រឹះច្បាស់លាស់ ។ វប្បធម៍ ប្រពៃណីរបស់ជាតិខ្មែរ គឺមានច្រើនណាស់ដែលគេចង់បាន បើសិនជាខ្មែរយើងភ្លេចខ្លួនគឺនាំអោយពិបាក ។
នៅក្នុងឱកាសចែកវិញ្ញាបនបត្រនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្ដែងនូវមោទនភាពយ៉ាងក្រៃលែងជាមួយនឹងអ្នកនិពន្ធ កវីនិពន្ធខ្មែរ ដែល រាជរដ្ឋាភិបាលបានសម្រេចជ្រើសយកថ្ងៃទី៧ ធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាជាតិអ្នកនិពន្ធ ក្នុងគោលបំណងបង្កើនគុណតម្លៃ និងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកដល់ការអប់រំ ការលើកកម្ពស់ សុខដុមភាពវប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និង វិទ្យាសាស្ត្រ នៃវឌ្ឍនភាពរបស់សង្គមជាតិ និងពិភពលោក។ បន្ថែមពីលើនេះ ការយកចិត្តទុកដាក់ និងលើកកម្ពស់ដល់ការគោរពកម្មសិទ្ធិបញ្ញារបស់អ្នកនិពន្ធ កវីនិពន្ធ ដែល រាជរដ្ឋាភិបាលតែងតែជំរុញនិងយកចិត្តទុកដាក់យ៉ាងសស្រាក់សស្រាំនោះ គឺជា ការឆ្លើយតបប្រកបដោយ សីលធម៌ ចំពោះ គុណតម្លៃ នៃកិច្ចប្រឹងប្រែងរបស់អ្នកនិពន្ធម្នាក់ៗផងដែរ។
ឯកឧត្តម ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ បានជម្រាបជូនថា វគ្គបណ្តុះបណ្តាលតែងនិពន្ធបានរៀបចំ បានចំនួន ៣៣វគ្គ សរុបសិក្ខាកាមប្រមាណជាង ២ ៥០០នាក់រួចមកហើយ និងវគ្គ៣៤, ៣៥ និង៣៦ មានចំនួនប្រមាណ ១៦០អង្គ/នាក់ ដែលបានសិក្សាលើប្រធានបទសំខាន់ៗជាច្រើនដូចជា សិល្ប៍វិធីតែងនិពន្ធ, ប្រលោមលោក, រឿងខ្លី, កំណាព្យ និងទំនុកច្រៀង, សារៈសំខាន់នៃអក្សរសាស្ត្រខ្មែរក្នុងកិច្ចការតែងនិពន្ធ, ការឈ្វេងយល់ពី ពិធីការខ្មែរសម្រាប់អ្នកនិពន្ធ, ក្រមសីលធម៌របស់អ្នកនិពន្ធ និងអ្នកបង្កើតស្នាដៃ, ការបញ្ជ្រាបទស្សនវិជ្ជា ក្នុងស្នាដៃ ជាដើម ដើម្បីលើកស្ទួយគុណភាព និងប្រសិទ្ធភាពនៃស្នាដៃរបស់អ្នកនិពន្ធក្នុងការបម្រើអារម្មណ៍អ្នកអានប្រកបដោយភាពថ្លៃថ្នូរ ៕