ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតំលៃខ្ពស់ចំពោះតូនាទីរបស់សមាគមសារព័ត៌មាននានា ដែលបានធ្វើកិច្ចសហការយ៉ាងជិតស្និតជាមួយក្រសួងព័ត៌មានក្នុងពេលកន្លងមក ដើម្បីធ្វើការពង្រឹងសណ្តាប់លើវិស័យព័ត៌មាននៅកម្ពុជាបានល្អ ហើយបន្តធ្វើអោយសារព័ត៌មានបានរីកចម្រើនប្រកបដោយគុណភាព និងធំធាត់ប្រកបដោយជំនឿទុកចិត្ត

    ដូច្នេះជាទិសដៅចាប់ពីឆ្នាំ២០២៥ ទៅមុខទៀត ក្រសួងព័ត៌មាន រួមជាមួយសមាគមសារព័ត៌មានទាំងអស់ នឹងបន្តខិតខំពង្រឹងកិច្ចសហការគ្នាបន្ថែមទៀត ដើម្បីធ្វើអោយកាន់តែមានប្រសិទ្ធភាព មានសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ហើយផ្តល់នូវសន្តិសុខព័ត៌មានជូនប្រជាពលរដ្ឋ ធានាសិទ្ធិទទួលព័ត៌មាន គុណភាពអត្ថបទសារព័ត៌មាន ដើម្បីធ្វើអោយបងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់មានសុវត្ថិភាពព័ត៌មាន។ នេះជាការថ្លែងសរសើររបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតី នៃកិច្ចប្រជុំលទ្ធផលកិច្ចសហការការងាររវាងក្រសួងព័ត៌មាន និងសមាគមអ្នកសារព័ត៌មាន នៅកម្ពុជា ដែលបានអនុវត្តក្នុងឆ្នាំ២០២៤ នៅព្រឹកថ្លៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នាសាលប្រជុំព្រះវិហារ។

  ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវ មោទនភាពដោយបានស្តាប់នូវមតិយោបល់របស់ មន្ត្រី និងបងប្អូនប្រជាពលរដ្ឋ បាននិយាយថា ក្នុងរយៈពេលចុងក្រោយនេះ អ្នកសារព័ត៌មាន អនឡាញ ដែលផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ហាក់ដូចជាមានសណ្តាប់ធ្នាប់ល្អបន្តិច ទោះបីមិនទាន់ឥតខ្ចោះក៏ដោយ តែនេះក៏ជាការបង្ហាញនូវភាពជោគជ័យរបស់សមាគមអ្នកសារព័ត៌មាន និងក្រសួងព័ត៌មាន ដែលតែងតែជួបប្រជុំគ្នា ៣ខែម្តង ដើម្បីរួមគ្នាធ្វើយ៉ាងណាអោយវិស័យសារព័ត៌មាន និងអ្នកសារព័ត៌មាន មានគុណតម្លៃ និងសេចក្តីថ្លៃថ្នូរ ។ ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដែលសារព័ត៌មានកាន់តែមានសណ្តាប់ធ្នាប់ល្អ ដោយសារអ្នកសារព័ត៌មានជាច្រើន ពិសេសអ្នក សារព័ត៌មានអនឡាញ បានទទួលការបណ្តុះ បណ្តាលពង្រឹងវិជ្ជាជិវៈជាបន្តបន្ទាប់ពីក្រសួងព័ត៌មាន និងបណ្តាសមាគមសារព័ត៌មាន នានាដែលតែងតែបានបើកវគ្គបណ្តុះបណ្តាលផ្តល់ការយល់ដឹងបន្ថែមទៀតអំពីច្បាប់ និងក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន ហើយចុងក្រោយនេះបាន រួមគ្នាធ្វើ “ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន “ មួយដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៍វិជ្ជាជីវៈ ដែលទាំងអស់គ្នាជាអ្នកសារព័ត៌មាន បានតម្កល់ជាផលប្រយោជន៍រួមមួយសម្រាប់អនុវត្តន៍ជាមូលដ្ឋានតែមួយ ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានលើកពីការព្រួយបារម្មណ៍ដោយសារ ក្នុងពេលបច្ចុប្បន្ននេះកំណើនអ្នកសារព័ត៌មានអនឡាញមានការកើនឡើងច្រើន ហើយកំណើនច្រើនរបស់អ្នកសារព័ត៌មាន មិនបានឆ្លងកាត់ការបណ្តុះបណ្តាលពង្រឹងវិជ្ជាជីវៈក្រមសីលធម៍សារព័ត៌អោយបានត្រឹមត្រូវនោះទេ ។ កំណើនកើនឡើងរបស់អ្នកសារព័ត៌មានអនឡាញដែលមិន បានឆ្លងកាត់សាលាបណ្តុះបណ្តាល ដែលនាំអោយមានការប្រឈមមុខជាមួយការអនុវត្តនូវវិជ្ជាជីវៈរបស់គាត់ ។ ដូច្នេះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្ត ដល់សមាគមសារព័ត៌មានទាំងអស់ បន្តធ្វើការបណ្តុះបណ្តាលពង្រឹងវិជ្ជាជីវៈ ដល់អ្នកសារព័ត៌មានអោយបានកាន់តែច្រើនបន្ថែមទៀត ហើយក្រសួងព័ត៌មាន ផ្តលើការគាំទ្រ កិច្ចសហការ និងផ្តល់ទីតាំងសាលប្រជុំនៅក្នុងក្រសួងព័ត៌មាន សម្រាប់សមាគមសារព័ត៌មានរៀបចំ វគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ ដើម្បីពង្រឹងសមត្ថភាព និងការពារសុវត្តិភាព ដល់អ្នកសារព័ត៌មាន ដែលអនុវត្ត៍ការងារប្រកបដោយក្រមសីលធម៍ វិជ្ជាជីវៈត្រឹមត្រូវ។ 

   ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា បានជម្រាបជូន ពីលទ្ធផលការងារដែលសម្រេចអនុវត្តបាននៅឆ្នាំ២០២៤រួមមាន៖ បានណែនាំ និងសម្របសម្រួលផ្តល់យោបល់ដល់សមាគមក្នុងការរៀបចំកម្មវិធី និងចូលរួមវគ្គបណ្តុះបណ្តាលនានាទាំងក្នុងកំរិតក្រសួង ស្ថាប័នរដ្ឋ អង្គការសមាគម និងវិស័យឯកជននានា,កិច្ចសម្របសម្រួលលើការស្នើសុំមេធាវីក្រសួងការពារក្តីដល់កាសែត សម្របសម្រួលលើការផ្តល់ជូនសៀវភៅ ធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា, ពង្រឹងគុណភាពការងារផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ និងសម័យបច្ចេកវិទ្យាឌីជីថល រួមគេហទំព័រ, Facebook Page, YouTube, Telegrame Tik Tok និងប្រព័ន្ធសង្គមផ្សេងៗ, ជម្រុញ និងលើកទឹកចិត្តដល់សមាគមអ្នកសារព័ត៌មានដែលមិនទាន់បានចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពឱ្យយល់ដឹង និង មកទទួលការចុះបញ្ជីស្របតាមច្បាប់ ។ បច្ចុប្បន្ន សមាគមសារព័ត៌មានដែលកំពុងប្រតិបត្តិការដោយចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មាន មានចំនួន ២៦ អង្គភាព សមាគម ៕