ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើកិច្ចការងារសំខាន់ៗមួយចំនួន ដើម្បីត្រៀមរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅលើទឹកដីអង្គរ ខេត្តសៀមរាប នាចុងខែកក្កដា ឆ្នាំ២០២៥,

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើដំណើរការងារសំខាន់ៗមួយចំនួនដើម្បីត្រៀមរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅលើទឹកដីអង្គរ ខេត្តសៀមរាប នាចុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ។
កិច្ចប្រជុំដែលបានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងមកពីក្រុមការងារអន្តរក្រសួងពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកជំនាញទាំង៥ នៃក្រសួងព័ត៌មាន ព្រមទាំងមន្ត្រីជំនាញជាច្រើនពាក់ព័ន្ធ ។
កិច្ចប្រជុំនាឱកាសនេះ បានស្តាប់នូវរបាយការណ៍ស្តីពីវឌ្ឍនភាពការងារសំខាន់ដើម្បីត្រៀមលក្ខណៈរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដោយមានគណៈប្រតិភូមកពីបណ្តាប្រទេសជាច្រើន អញ្ជើញចូលប្រជុំ ។
គូររំលឹកដែរថា សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី១៩ បានប្រារព្ធធ្វើឡើងនៅដើមខែកញ្ញា ឆ្នាំ២០២៤ នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញចូលរួមផងដែរ ៕