ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា «ថ្លែងអំណរគុណចំពោះសារព័ត៌មានភាសាចិន បានចូលរួមផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា ដែលជួយលើកកម្ពស់ឱ្យពិភពលោកបានយល់ដឹងអំពីវប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍន៍ និងសក្តានុពលនានារបស់ប្រទេសកម្ពុជា»

សារព័ត៌មានចិន ដែលបំពេញការងារនៅក្នុងប្រទេសកម្ពុជា បានជួយផ្សព្វផ្សាយព័ត៌មានពិតអំពីសុខសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ប្រជាជនចិន និងប្រជាពលរដ្ឋដែលនិយាយភាសាចិន នៅទូទាំងពិភពបានដឹងច្បាស់បន្ថែមទៀត,
(ភ្នំពេញ)៖ នៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Sun Yinglong ប្រធានក្រុមហ៊ុន PIONT BUSINESS SERVICE PTE.LTD និងជាអគ្គនាយកនៃអង្គភាពសារព័ត៌មាន KHMERINDUSTRIAL ECONOMY ផ្សាយជាភាសាចិន នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ឯកឧត្តម នេត្ត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការរីកចម្រើនរបស់ សារព័ត៌មាន ខ្មែរថាមស៍ ផ្សាយជាភាសាចិន ហើយពេលនេះដោយទទួលបានអាជ្ញាបណ្ណពីក្រសួងព័ត័មាន មានឈ្មោះថាសារព័ត៌មាន KHMERINDUSTRIAL ECONOMY ដែលមានគោលជំហរ និងការផ្សព្វផ្សាយព័ត៌មាន ដូចសារព័ត៌មានខ្មែរថាមស៍ ផ្សាយជាភាសាចិនដដែល បានជួយផ្សព្វផ្សាយពីអ្វីដែលបានកើតមានឡើងនៅកម្ពុជា ពិតជាក់ស្តែងដើម្បីឲ្យប្រជាជន ជាអ្នកវិនិយោគ និងអ្នកទេសចរចិនបានដឹងច្បាស់បន្ថែមទៀត។
ដើម្បីពង្រឹងការផ្សព្វផ្សាយឲ្យបានកាន់តែល្អ និងមានព័ត៌មានច្រើនបន្ថែមទៀតនោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជរុញឲ្យថ្នាក់ដឹកនាំពិនិត្យក្នុងការធ្វើកិច្ចសហការជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា ដើម្បីដកស្រង់ព័ត៌មានសំខាន់ៗ យកទៅបកប្រែជាភាសាចិនហើយផ្សព្វផ្សាយជាផ្លូវការ ព្រោះស្ថាប័នសារព័ត៌មានជាតិ AKP នេះគឺរាល់ព័ត៌មានគឺពិតត្រឹមត្រូវ មានប្រភពច្បាស់លាស់ ហើយរាល់គោលជំហរ និងការសម្រេចផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវផ្សព្វផ្សាយបានលឿន រួមជាមួយរូបភាពផងដែរ។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ជំហានទៅមុខទៀត AKP ក៏នឹងមានការផ្សាយព័ត៌មានជាភាសាចិនផងដែរ ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនពីកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងស្ថាប័នសារព័ត៌មានចិនធំៗជាច្រើន។ ជាក់ស្តែងកាលពីកឡុងខែខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយចិន CMG បានចុះអនុស្សរណៈនៃការយោគយល់
ដើម្បីការអភិវឌ្ឍថែមមួយកម្រិតទៀត ជាពិសេសតាមរយៈកម្មវិធីបណ្តុះបណ្តាលមន្រ្តីជំនាញ អ្នកយកព័ត៌មាន អ្នកបច្ចេកទេស អ្នកផលិតកម្មវិធី និងបន្ថែមលើនេះទៀត គឺកិច្ចសហការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយពីអាណាឡូកទៅឌីជីថល និងការផ្សាយព័ត៌មានអន្តរជាតិ ជាភាសាខ្មែរតាមរយ: China Global Television Network -CGTN។
CMG គឺជាប្រពន្ធ័ផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន ដែលមានទ្រង់ទ្រាយធំជាងគេ និងបានផលិតកម្មវិធីច្រើនជាងគេលើពិភពលោក តាមរយៈប្រពន្ធ័ផ្សាយ CGTN និង CCTV ។ CGTN មានទំហំនៃការផ្សាយមានចំនួន ៦៨ ភាសា ដើម្បីផ្សាយទៅកាន់ពិភពលោក ។
លោក Sun Yinglong បានបញ្ជាក់ពីជំហរក្នុងការធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មាន ពិសេសជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដើម្បីបន្តចូលរួមចំណែក ក្នុងការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានជាភាសាចិន ដល់សាធារណជនបានយល់ បានដឹងបានជ្រាប ហើយជាពិសេសនោះ គឺ ជនជាតិចិនដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕