ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបិទសិក្ខាសាលាការផ្សព្វផ្សាយស្តីពី “រំលូតដោយសុវត្ថិភាព “ ដល់ស្ត្រីក្នុងវិស័យព័ត៌មានប្រមាណ ២០០នាក់ បានដល់ដឹងពីសុវត្ថិភាព និងវិធានការបង្ការទប់ស្កាត់ចំពោះហានិភ័យដែលអាចនឹងកើតមានឡើង ក្រោយពេលរំលូតមិនបានត្រឹមត្រូវទៅតាមក្បួនវេជ្ជសាស្ត្រ,

(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការអស់រយៈពេលកន្លះថ្ងៃរួចមក អង្គសិក្ខាសាលាការផ្សព្វផ្សាយស្តីពី “រំលូតដោយសុវត្ថិភាព “ រៀបចំឡើងដោយសមាគមនារីក្រសួងព័ត៌មាន បានប្រារព្ធបិទនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នាមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការ វិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគម នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ។
ឆ្លងតាមរយៈអង្គសិក្ខាសាលានេះ ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងព័ត៌មាន ដែលជាស្រ្តីបំរើការងារក្នុងវិស័យព័ត៌មាន បានស្តាប់នូវបទបង្ហាញស្តីពី រំលូតដោយសុវត្ថិភាពនៅកម្ពុជា “ លើកឡើងដោយ លោកស្រី វេជ្ជបណ្ឌិត សៀង លំអងគន្ធា ប្រធានកម្មវិធីជាតិសុខភាពបន្តពូជ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក កហរសួងសុខាភិបាល , រួមទាំងវាគ្មិនមកពី តំណាងក្រសួងកិច្ចការនារី, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ អ្វីដែលសំខាន់គឺសិក្ខាកាមទទួលបានពីអង្គសិក្ខាសាលា គឺការរំលូតដោយសុវត្ថិភាព និងវិធានការបង្ការទប់ស្កាត់ចំពោះហានិភ័យដែលអាចនឹងកើតមានឡើង ក្រោយពេលរំលូតដែលមិនបានត្រឹមត្រូវទៅតាមក្បួនវេជ្ជសាស្ត្រ ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ខ្លឹមសារសំខាន់ៗដែលទទួលបានពីវាគ្មិនមកពីក្រសួងជំនាញនាឱកាសនេះ គឺជាការចូលរួមពង្រឹងចំណេះដឹងបន្ថែមទៀតដល់មន្ត្រីនៃក្រសួងព័ត៌មាន ពិសេសស្ត្រីដែលកំពុងបំពេញការងារផ្នែកព័ត៌មាន ពិធីករ ពិធីការិនី បានការយល់ដឹងក្នុងការសរសេរអត្ថបទ និងអត្ថាធិប្បាយ ព្រមទាំងបង្កើតកម្មវិធីផ្សេងៗពាក់ព័ន្ធនឹងការ «រំលូតដោយសុវត្ថិភាព» សម្រាប់ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ស្ត្រី ជាពិសេសយុវតីនៅតំបន់ជនបទដាច់ស្រយាល ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងនាមជា
ស្ថាប័នគ្រប់គ្រងការផ្សព្វផ្សាយព័ត៌មាន ចាំបាច់ត្រូវមានចំណេះដឹង ហើយការផ្សាយព័ត៌មានពិតច្បាស់លាស់ និងត្រឹមត្រូវដែលជាការចែករំលែកដ៏ល្អ ជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត មិនច្បាស់លាស់ ឬការប្រើប្រាស់ភាសាមិនសមរម្យនាំឱ្យមានការភាន់ច្រលំក្នុងចំណោមសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។ ដូច្នេះការបញ្ជ្រាបដល់ភាគីពាក់ព័ន្ធដើម្បីចែករំលែកសារដាស់តឿនដល់យុវវ័យអំពីទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ដែលស្ត្រីកម្ពុជាត្រូវប្រកាន់ខ្ជាប់គឺជាកិច្ចការងារដែលសំខាន់។ ទន្ទឹមនេះបន្តពង្រឹងចំណេះដឹងអ្នកចូលរួម ទាក់ទងនឹងសុខភាពបន្តពូជ និងការរៀបចំផែនការគ្រួសារ, ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការរំលូតប្រកបដោយសុត្ថិភាព ស្វែងយល់អំពីស្ថានភាពនៃការរំលូត និងផលរំខានពីការរំលូត, តម្រង់ទិសអ្នកពាក់ព័ន្ធជាពិសេសមន្ត្រីក្រសួងព័ត៌មានដែលជាស្ថាប័នផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន និងចំណេះដឹង អំពីរបៀបក្នុងការចែករំលែក និងផ្តល់យោបល់បន្តដល់យុវវ័យអំពីការរំលូតប្រកបដោយសុវត្ថិភាព និងទង្វើគួរជៀសវាងពាក់ព័ន្ធនឹងការរំលូតតាមបែបបុរាណ, ផ្សព្វផ្សាយដល់សហគមន៍ឱ្យចូលរួមលើកទឹកចិត្តស្ត្រី ជាពិសេសស្ត្រី និងក្មេងស្រីដែលទទួលរងការបៀតបៀន ជៀសវាងការប្រមាថ និងម៉ាក់ងាយពីសង្គម ដែលជាកត្តារុញច្រានស្ត្រី និងក្មេងស្រីរងគ្រោះឱ្យឈានទៅប្រើប្រាស់សេវារំលូតដែលគ្មានសុវត្ថិភាព និងគុណសម្បត្តិ និងគុណវិបត្តិនៃការអភិវឌ្ឍបច្ចេកវិទ្យាលើការទទួលបានព័ត៌មាន និងចំណេះដឹងរបស់ស្ត្រី និងកុមារីនៅតំបន់ជនបទ។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ទោះបីមានការផ្សព្វផ្សាយច្រើនយ៉ាងនេះក្តី តែការរំលូតនៅតែជាមន្ទិលក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ដោយសារតែផ្នត់គំនិតសង្គមបានចាត់ទុកថាវាជារឿងមិនសមស្របតាមប្រពៃណី ទំនៀមទម្លាប់ និងសាសនា ហើយតែងតែដាក់បន្ទុកលើស្ត្រីដែលស្វែងរកសេវារំលូត ធ្វើឱ្យពួកគាត់ទទួលរងនូវការប្រមាថមាក់ងាយ ពីសង្គម មិនហ៊ានបើកចំហឱ្យគេដឹងពីការសម្រេចចិត្តរបស់ខ្លួន។ អាក្រក់ជាងនេះទៅទៀត វាកាន់តែរុញច្រានពួកគេឱ្យឈានទៅជ្រើសរើសសេវា ឬវិធីរំលូតដោយគ្មានសុវត្ថិភាព។ កង្វះការយល់ដឹង និងការទទួលបានព័ត៌មានអំពីសិទ្ធិស្របច្បាប់ក្នុងការទទួលបានសេវារំលូតដោយសុវត្ថិភាព ក៏រួមចំណែកដល់ការទទួលបានសេវារំលូតដោយគ្មានសុវត្ថិភាព ៕