ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ ប្រព័ន្ធផ្សព្វផ្សាយ ពិធីករ ពិធីការិនី ដើរតួនាទីសំខាន់ក្នុងការផ្តល់សារអប់រំអំពីសុខភាពបន្តពូជ ពិសេសការ រំលូតប្រកបដោយសុវត្ថិភាព និងវិធានការបង្ការទប់ស្កាត់ចំពោះហានិភ័យដែលអាចនឹងកើតមានឡើងក្រោយពេលរំលូតដែលមិនបានត្រឹមត្រូវទៅតាមក្បួនវេជ្ជសាស្ត្រ,

ដូច្នេះហើយការរួមគ្នាផ្សព្វផ្សាយឲ្យបានទូលំទូលាយពីបញ្ហាសុខភាពបន្តពូជ ដើម្បីផ្តល់ការអប់រំ ផ្តល់ចំណេះដឹង និងផ្តល់ព័ត៌មានពាក់ព័ន្ធដល់ស្ត្រី និងកុមារី ជាពិសេសស្ត្រី និង កុមារីងាយរងគ្រោះនៅតំបន់ជនបទដាច់ស្រយាល ដែលប្រឈមការលំបាកក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។
ការថ្លែងពីសារៈសំខាន់នៃការផ្សព្វផ្សាយផ្តល់នូវចំណេះដឹងពីពាក់ព័ន្ធសុខភាពបន្តពូជនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគម នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើក សិក្ខាសាលាការផ្សព្វផ្សាយស្តីពី “រំលូតដោយសុវត្ថិភាព “ រៀបចំឡើងដោយសមាគមនារីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នាមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការ វិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង ដោយសិក្ខាកាមចូលរួមជាស្រ្តីដែលបំពេញការងារក្នុងវិស័យព័ត៌មាន ប្រមាណ ២០០នាក់។
អង្គសិក្ខាសាលាមានការចូលរួមពីវាគ្មិនសំខាន់ៗ មកពីក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី ក្រសួងប្រៃសណីណ៍ និងទូរគមនាគមន៍ ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការលើកកម្ពស់ និងចែករំលែកចំណេះដឹងដល់មន្ត្រីក្រសួងព័ត៌មាន ជាពិសេសសមាជិកា សាខាសមាគមនារីក្រសួងព័ត៌មាន ពាក់ព័ន្ធនឹងសុខភាពបន្តពូជ ការរៀបចំផែនការគ្រួសារផ្សារភ្ជាប់នឹងផ្នត់គំនិតសង្គមកម្ពុជាជាពិសេសការរំលូតប្រកបដោយសុវត្ថិភាព គឺមានសារៈសំខាន់ដើម្បីចូលរួមអប់រំ និងផ្សព្វផ្សាយចំណេះដឹង និងផ្តល់ព័ត៌មានពាក់ព័ន្ធដល់ស្ត្រី និងកុមារី ជាពិសេសស្ត្រី និង កុមារី ងាយរងគ្រោះនៅតំបន់ជនបទដាច់ស្រយាល ដែលប្រឈមការលំបាកក្នុងការទទួលបានព័ត៌មានគ្រប់ ជ្រុងជ្រោយ។ ដូច្នេះតាមរយៈ អង្គសិក្ខានាឱកាសនេះ បានបង្ហាញនូវការចែករំលែកសារដាស់តឿនដល់យុវវ័យអំពីទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ដែលស្ត្រីកម្ពុជាត្រូវ ប្រកាន់ខ្ជាប់ពង្រឹងចំណេះដឹងអ្នកចូលរួម ទាក់ទងនឹងសុខភាពបន្តពូជនិងការរៀបចំផែនការគ្រួសារ ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការរំលូតប្រកបដោយសុត្ថិភាព ស្វែងយល់អំពីស្ថានភាពនៃការរំលូត និងផលរំខានពីការរំលូតតម្រង់ទិសអ្នកពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងព័ត៌មាន ដែលជាស្ថាប័នផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន និងចំណេះដឹង អំពីរបៀបក្នុងការចែករំលែក និងផ្តល់យោបល់បន្តដល់យុវវ័យអំពីការ រំលូតប្រកបដោយសុវត្ថិភាពនិងទង្វើគួរជៀសវាងពាក់ព័ន្ធនឹងការរំលូតតាមបែបបុរាណផ្សព្វផ្សាយដល់សហគមន៍ឱ្យចូលរួមលើកទឹកចិត្តស្ត្រី ជាពិសេសស្ត្រីនិងក្មេងស្រីដែលទទួលរងការបៀតបៀន ជៀសវាងការប្រមាថ និងម៉ាក់ងាយពីសង្គម ដែលជាកត្តារុញច្រានស្ត្រី និងក្មេង ស្រីរងគ្រោះ ឱ្យឈានទៅប្រើប្រាស់សេវារំលូតដែលគ្មានសុវត្ថិភាព និងគុណសម្បត្តិ និងគុណវិបត្តិនៃការអភិវឌ្ឍបច្ចេកវិទ្យា លើការទទួលបានព័ត៌មាន និងចំណេះ ដឹងរបស់ស្ត្រី និងកុមារីនៅតំបន់ជនបទ។
ឯកឧត្តម រដ្ឋមន្ត្រី បានជំរុញដល់មន្ត្រីព័ត៌មាន ពិសេសប្រព័ន្ធផ្សព្វផ្សាយ ចូលរួមចែករំលែក និងផ្សព្វផ្សាយចំណេះដឹង បន្តពីវាគ្មិនជំនាញមកពីស្ថាប័នពាក់ព័ន្ធ ទៅកាន់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសស្ត្រី និងកុមារី ដែលជិតឈានចូលដល់វ័យគ្រប់ការ និងយុវវ័យ ដើម្បីឱ្យពួកគាត់យល់ដឹងបានកាន់តែច្បាស់អំពីការត្រៀម ខ្លួនជាស្រេចមុនពេលសម្រេចចិត្តជ្រើសរើសដៃគូជីវិត, ការសម្រេចចិត្តមានគភ៌ និងការត្រៀមចិត្ត ត្រៀមកាយ និងស្មារតីក្នុងការធ្វើជាម្តាយ។
ឆ្លៀតក្នុងឱកាសនៃអង្គសិក្ខាសាលានេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា “ ការរំលូតដោយសុវត្ថិភាព “ មិនមែនជាប្រធានបទថ្មីដែលប្រជាជនទើបបានដឹងនៅពេលនេះនោះទេ, រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយហានិភ័យបណ្តាលមកពីការរំលូតដោយគ្មានសុវត្ថិភាព ដែលរួមចំណែកធ្វើឱ្យអត្រាមរណភាពមាតាកើនឡើងនៅប្រទេសកម្ពុជា តាមរយៈការអនុម័តច្បាប់ស្តីពីការ រំលូតកូនដោយសុវត្ថិភាព កាលពីឆ្នាំ១៩៩៧ ធ្វើឱ្យការរំលូតនៅកម្ពុជាក្លាយជាស្របច្បាប់ជិត ៣០ឆ្នាំមកហើយ ៕