ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញជាអធិបតីបិទមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥ ក្រោមប្រធានបទ «កុមារ៖ អនាគតយើង ការទទួលខុសត្រូវរបស់យើង»

( ភ្នំពេញ )៖ បន្ទាប់ពីបានឆ្លងកាត់វគ្គជម្រុះទាំង ៣សប្ដាហ៍ និងវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្ររួចមក ទីបំផុត មហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥ ក្រោមប្រធានបទ «កុមារ៖ អនាគតយើង ការទទួលខុសត្រូវរបស់យើង» បានរកឃើញកុមារា កុមារី ចំនួន ៥ក្រុម មកពីសាលាបឋមសិក្សារដ្ឋ និងឯកជន ដែលមានឱកាសបានបន្តទៅវគ្គប្រឡងផ្ដាច់ព្រ័ត្រដើម្បីយកចំណាត់ថ្នាក់ ១ លេខ ២ និងលេខ ៣ ។
វគ្គប្រឡងផ្តាច់ព្រាត់ មហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គលទីស្តីការក្រសួង ក្រោមវត្តមានអញ្ជើញជាអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន។
សិស្សានុសិស្សដែលមានអាយុចាប់ពី ៨ឆ្នាំ ដល់ ១៣ឆ្នាំ ១ក្រុមចំនួន ៥នាក់ កំពុងសិក្សានៅសាលា បឋមសិក្សាតាមបណ្តាសាលារៀនរដ្ឋ សាលាឯកជន អង្គការ និងសហគមន៍ នានា ក្នុងរាជធានី ខេត្ត ក្រុង។
បទចម្រៀងដែលត្រូវចូលរួមប្រឡងតម្រូវឱ្យធ្វើការតាក់តែងនិពន្ធនូវទំនុកច្រៀង និងបទភ្លេងថ្មីចំនួន២បទ ដោយអត្ថន័យក្នុងបទចម្រៀងត្រូវផ្តោតលើការអប់រំជាចម្បង រួមមានដូចជា៖ ការអប់រំផ្នែកសុភាវធម៌ គុណធម៌ សីលធម៌ សុជីវធម៌ ការគោរពឪពុកម្តាយ ចាស់ព្រឹទ្ធាចារ្យ ស្រលាញ់ការសិក្សា ស្រលាញ់បរិស្ថាន ការគោរព ច្បាប់ចរាចរណ៍ និងការជៀសឱ្យឆ្ងាយពីគ្រឿងញៀនជាដើម ជាពិសេសបទចម្រៀងត្រូវតាក់តែងឱ្យស្រប តាមវ័យរបស់កុមារ។
កុមារា កុមារី ចំនួន ៥ ក្រុម ដែលបានបន្តមកកាន់វគ្គផ្ដាច់ព្រ័ត្រ នៃមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ ២០២៥ នាឱកាសនេះរួមមាន៖
១,សាលាបឋមសិក្សា ព្រះនរោត្តម
២, សាលាបឋមសិក្សា វត្តរាជបូណ៌
៣, សាលាបឋមសិក្សា គៀនឃ្លាំង
៤, សាលា មីគីវ៉េ
៥, សាលាបឋមសិក្សា វត្តកោះ
សូមជម្រាបថា មហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ប្រារព្ធឡើងដើម្បីអបអរសាទរខូបលើកទី៧៦ នៃទិវាអន្តរជាតិកុមារ១មិថុនា ខួបលើកទី២៤ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។
សម្រាប់ទិវាកុមារកម្ពុជាឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រធានកិត្តិយសបានលើកនូវប្រធានបទ ” បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព ” ៕