ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ជួបពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ជួបពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី
………………….
ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការ ងារជាមួយ ឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការរី ដែលបានមកកាន់ខេត្តព្រះសីហនុ ស្របពេលឆ្នាំ២០២៥នេះ ជាខួបលើកទី៦៦ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ មានភាពល្អ និងស្អិតរមួត ។
ទន្ទឹមនឹងនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរាបជូនពីសក្តានុពលភូមិសាស្ត្រ និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ មានការអភិវឌ្ឍរីក ចម្រើនយ៉ាងឆាប់រហ័សលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ លើសពីនេះស្របតាមទិស ដៅ នៃការអភិវឌ្ឍផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានកំណត់ផែនការវិនិយោគសាធារណៈ ជាប្រព័ន្ធតាមដំណាក់ កាលច្បាស់លាស់រហូតដល់ឆ្នាំ២០៣៨ ដោយរដ្ឋបាលខេត្តបានរៀបចំជា ៤តំបន់ធំៗ ទី១.ឧស្សាហកម្ម និងដឹកជញ្ជូន ២.ទីក្រុងសមាហរណកម្ម ពាណិជ្ជកម្ម តំបន់ស្នាក់នៅ និងហិរញ្ញវត្ថុអន្តរជាតិ ៣.តំបន់កោះ រៀបចំជាតំបន់ទេសចរណ៍អន្តរជាតិ ៤.រុញច្រានខេត្តព្រះសីហនុ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្មតភ្ជាប់ទៅនឹងបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា និងទៅកាន់ពិភពលោក ។
ឯកឧត្តមបណ្ឌិត សានតូ ដាម៉ូស៊ូម៉ាតូ Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាក្រោម ការដឹកនាំរបស់រដ្ឋបាលខេត្ត បានធ្វើឲ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនគួតអោយកត់សម្គាល់ ហើយស្ថានទូតបានត្រៀមរួចរាល់ធ្វើការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងកិច្ចសហការជាមួយរាជរដ្ឋាភិបាល និងប្រជាជន យើងមានចំណុចចំនួន៣ ដែលត្រូវលើក យកមកពិភាក្សានាពេលនេះ ១.កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ឆ្នាំមុនពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌូនេស៊ី និងកម្ពុជា មានការកើនឡើងដល់ ១,០០០លានដុល្លាអាមេរិក ឥណ្ឌូនេស៊ីជាដៃគូរពាណិជ្ជកម្មធំជាប់ចំណាត់ថ្នាក់លេខ១២ ខេត្តព្រះសីហនុ ជាខេត្តមួយដែលមានសក្តានុពលក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការខាងពាណិជ្ជ កម្ម ពាក់ព័ន្ធទៅនឹងច្រកទ្វារកំពង់ផែអន្តរជាតិ មានការទាក់ទងទៅនឹងការនាំនូវផលិតផលឥណ្ឌូនេស៊ីមកកាន់កម្ពុជា ហើយយើងមានការរីករាយដែលកំពង់ផែក្រុងព្រះសីហនុត្រូវបានពង្រីកកាន់តែមានជម្រៅទឹកជ្រៅ ២.ទាក់ទងទៅនឹងទីផ្សារធំមួយនៅក្នុងប្រទេសខេត្តព្រះសីហនុ ផលិតផលឥណ្ឌូនេស៊ី ដែលជាសេវាកម្មធ្វើឪ្យជនជាតិឥណ្ឌូនេស៊ីមានភាពងាយស្រួលក្នុងការរស់នៅ និងណែនាំផលិតផលឥណ្ឌូនេស៊ីមកកាន់ប្រជាជនកម្ពុជា ហើយក៏មានអ្នកវិនិយោគទុនជនជាតិឥណ្ឌូនេស៊ី មកធ្វើការវិនិយោគរួមទាំងវិស័យបដិសណ្ឋាកិច្ច ធ្វើឱ្យសេដ្ឋកិច្ចខេត្តព្រះសីហនុមានការរីកចម្រើនកាន់តែខ្លាំង ការរីកចម្រើននេះ ប្រសិនបើមិនមានការគាំទ្រពីរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុ ផ្តល់ដោយសុវត្ថិភាព សន្តិភាព មានភាពងាយ ស្រួលក្នុងការធ្វើអាជីវកម្ម ហើយយើងឃើញមានរីហ្សត កំពង់ឌីវ៉ា កំពុងសាងសង់កាន់តែធំ បង្ហាញពីទំនាក់ ទំនងកម្ពុជា និងឥណ្ឌូនេស៊ី ៣.ជនជាតិឥណ្ឌូនេស៊ីរស់នៅខេត្តព្រះសីហនុ មានប្រជាជនឥណ្ឌូនេស៊ីរស់នៅកម្ពុជា ជាង ១សែននាក់ ក្នុងនោះខេត្តព្រះសីហនុ មានចំនួន ៤៣ ០០០នាក់ផងដែរ ។
ឯកឧត្តមបណ្ឌិត ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានស្មើសុំគាំទ្រ ស្តីពីការពារពាជនជាតិឥណ្ឌូនេស៊ីនៅក្នុងខេត្តព្រះសីហនុ និងសុំជួយពន្លឿនការធ្វើមាតុភូមិនិវត្តន៍ជនជាតិឥណ្ឌូនេស៊ីទៅកាន់ប្រទេសកំណើតវិញ ទន្ទឹមនោះពួកគាត់ក៏មានបញ្ហាផ្នែកសុខភាព កន្លងមកស្ថាតទូកតែងតែលើកទឹកចិត្តសហគមន៍ឥណ្ឌូនេស៊ីដែលរស់នៅលើទឹកដីកម្ពុជាដោយធ្វើទំនាក់ទំនងគ្នាកាន់តែល្អជាមួយប្រជាជនកម្ពុជា ។
ជាការឆ្លើយតប ឯកឧត្តម អភិបាលខេត្ត បានទទួលយកនូវការស្មើសុំ និងសុំកិច្ចសហការផ្នែកសេដ្ឋកិច្ចការធ្វើពាណិជ្ជកម្មមានការកើនឡើង ក្នុងនោះផលិតផលឥណ្ឌូនេស៊ីបានចូលមកក្នុងទីផ្សារកម្ពុជាមានចំនួនច្រើន ដោយសារបច្ចុប្បន្ននៅតាមព្រំដែនថៃ មានការបិទច្រក ដែលជាឪកាសល្អសម្រាប់ឥណ្ឌូនេស៊ីនាំចូលនូវផលិផលឥណ្ឌូនេស៊ីជំនួសផលិតផលថៃ ចំពោះការរស់នៅប្រជាពលរដ្ឋឥណ្ឌូនេស៊ី មានភាពស្ងប់ស្ងាត់ មិនបង្កបញ្ហាសន្តិសុខក្នុងសង្គម សូមកោតសរសើរ វាយតម្លៃចរិតនៃការរស់នៅល្អ និងស្វាគមន៍ការស្នាក់នៅ ធ្វើការងារ និងទេសចរណ៍ និងវិនិយោគនៅខេត្តព្រះសីហនុ និងសូមជួយបន្តផ្សព្វផ្សាយ និងធ្វើការអំពាវនាវអ្នកវិនិយោគឥណ្ឌូនេស៊ី មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ។