ឯកឧត្តម ប្រាជ្ញ ចន្ទ ចុះពិនិត្យមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅការិយាល័យចល័ត ស្រុកកោះធំ ខេត្តកណ្តាល

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ជាក់ថា រយៈពេល១០ថ្ងៃ នៃការធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺដំណើរការធម្មតា មានភាពប្រក្រតី
ក្នុងឱកាសចុះពិនិត្យមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅការិយាល័យចល័ត ភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល និងបន្តទៅត្រួតពិនិត្យការិយាល័យក្នុងសាលាបឋមសិក្សាក្បាលកោះ នៃសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា សន្ទុះនៃការពិនិត្យឈ្មោះ ការចុះឈ្មោះបោះឆ្នោតថ្មី និងការមកធ្វើបច្ចុប្បន្នភាពលើរូបថត និងខ្ចៅដៃ បើគិតត្រឹមរយៈពេល១០ថ្ងៃ នៃការធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺដំណើរការធម្មតា មានភាពប្រក្រតី ប្រជាពលរដ្ឋកាន់តែច្រើនឡើងបាននាំគ្នាមកធ្វើបច្ចុប្បន្នភាពជីវមាត្ររបស់ខ្លួន។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានប្រសាសន៍បន្តថា យោងតាមលទ្ធផលបណ្ដោះអាសន្នថ្ងៃទី១០នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅទូទាំងប្រទេស ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៧.៦៤៨នាក់, អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ៣.១៦១នាក់, អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ៦៤.២៨៧នាក់, អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ១២៦.៩៤៩នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ២.២៤៩នាក់។ បើតាម គ.ជ.ប សម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ ដែលត្រូវធ្វើបច្ចុប្បន្នទិន្នន័យជីវមាត្រទៅលើរូបថតថ្មី និងខ្ចៅដៃថ្មី មានចំនួនជាង៦លាននាក់ ខណៈប្រជាពលរដ្ឋ ដែលបានប៉ាន់ស្មានត្រូវចុះឈ្មោះថ្មីជាមានង២២ម៉ឺននាក់។
ឯកឧត្តមបានមានប្រសាសន៍ថា ជាលទ្ធផលសរុបរយៈពេល ១០ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រជា ចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៦៣.៦៤៨នាក់, អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ២៤.៥៥៨នាក់, អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ៣៦៣.៦៤៣នាក់, អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ៦៨១.៦៤៥នាក់ និងអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥៥.០៩៨នាក់។
សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ មានរយៈពេល ២៦ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ ៥:៣០នាទី ប្រជាពលរដ្ឋអាចពិនិត្យមើលឈ្មោះរបស់ខ្លួនដែលបិទផ្សាយនៅតាមឃុំ សង្កាត់ ឬតាមអាស័យដ្ឋានវេប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH។ ប្រសិនបើប្រជាពលរដ្ឋដែលមានបំណងកែតម្រូវទិន្នន័យជីវប្រវត្តិ (ប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត) ឬអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោតពីមុនមក សូមអញ្ជើញទៅការិយាល័យចុះឈ្មោះបោះឆ្នោត នៅសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ តាមការចល័តរបស់ក្រុមចុះឈ្មោះបោះឆ្នោត។