ឯកឧត្តម ប្រាក់ សុខុន កោតសរសើររដ្ឋបាលរាជធានីភ្នំពេញ ចំពោះការកែទម្រង់នានា សំដៅធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចំរើន ជាមួយនិងការលើកកំពស់ជីវភាពប្រជាពលរដ្ឋ និងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ
ឯកឧត្តម ប្រាក់ សុខុន ប្រធានព្រឹទ្ធសភាស្ដីទី បានលេីកឡេីងបែបនេះ នៅក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ ស្តីពី “បញ្ហាប្រឈម និងសំណូមពរ នៅភូមិភាគទី១ រាជធានីភ្នំពេញ”នាព្រឹកថ្ងៃទី១៩កញ្ញា២០២៤នេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា៖ នៅរាជធានីភ្នំពេញពិតជាមានបញ្ហាប្រឈមច្រើននៅតាមមូលដ្ឋានសង្កាត់ទាំង១០៥ តែក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នៅពេលនេះ យើងជ្រើសរើសយកតែបញ្ហាប្រឈមណាដែលមានលក្ខណៈសមស្រប មកដោះស្រាយមុន។ ឯកឧត្តម ប្រាក់ សុខុន បានបន្តថា៖ ការរួមគ្នាជាមួយព្រឹទ្ធសភា ក្នុងការចុះមូលដ្ឋានទាំង១០៥ យើងប្រមូលបានបញ្ហាជាច្រើន មានទាំងវិជ្ជមាននិងអវិជ្ជមាន ដែលយើងអាចយកបញ្ហាទាំងអស់នោះ មកគិតពិចារណា ដោះស្រាយជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។ ឯកឧត្តមប្រាក់ សុខុនក៏បានស្នើអោយអាជ្ញាធរនិងកងកម្លាំងទាំងអស់បន្តថែរក្សាសន្តិសុខ សុវត្ថិភាព បើទោះបីយើងរក្សាសុខ សន្តិភាពនេះ បានល្អប្រសើរហើយក្តី ។ ឯកឧត្តមសូមអោយបន្តពង្រឹងរដ្ឋបាលសាធារណៈ បន្តយន្តការកែទម្រង់អភិបាលកិច្ច និងបន្តដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋអោយបានល្អប្រសើរ។
ឯកឧត្តមប្រាក់ សុខុន បានលើកឡើងទៀតថា៖ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា យើងពិតជាមានមោទនភាពណាស់ ដោយយើងមានថ្នាក់ដឹកនាំប្រទេសដ៏ឆ្នើម មានការអភិវឌ្ឍ មានវប្បធម៌ប្រវត្តិសាស្ត្រល្អ និងមានសមាជិកក្រុមប្រឹក្សា ប៉ូលីសមូលដ្ឋានល្អ ក្នុងការបំរើប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល។
ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ព្រឹទ្ធសភានៃកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងបន្តដឹកនាំប្រទេសកម្ពុជាដោយភាពស្វាហាប់ ថាមពលនិងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការកែទម្រង់ជាច្រើនដើម្បីអោយប្រទេសកម្ពុជាកាន់តែអភិវឌ្ឍន៍រីកចំរើន ស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ។ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ រដ្ឋបាលរាជធានីភ្នំពេញមានការងារយ៉ាងច្រើន ដែលយើងបាននឹងកំពុងអនុវត្ត ហើយក៏មានបញ្ហាប្រឈមជាច្រើនផងដែរ ដែលយើងបាននិងកំពុងដោះស្រាយ។ សំរាប់វេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ ស្តីពី “បញ្ហាប្រឈម និងសំណូមពរ នៅភូមិភាគទី១ រាជធានីភ្នំពេញ” នាពេលនេះ គឺក្នុងគោលបំណង ដើម្បីពិនិត្យ វឌ្ឍនៈភាពការងារ ពីការកំណែទម្រង់ប្រសិទ្ធភាពការងារ តម្លាភាពនិងសមធម៌ ដើម្បីឆ្លើយតបទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ ថ្នាក់ដឹកនាំរាជធានី ខណ្ឌ សង្កាត់ និង មន្ទីរជំនាញនានាបានខិតខំប្រឹងប្រែងរហូតសម្រេចបានវឌ្ឍនភាពការងារសំខាន់ៗជាច្រើន តែក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលយើងយកមកដោះស្រាយ រួមគ្នាក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នាពេលនេះដែរ ក្នុងនោះរួមមាន ៖១ ការងារភូមិ សង្កាត់ មានសុវត្ថិភាព,២. ការងារអត្តសញ្ញាណកម្ម និងអត្រានុកូលដ្ឋាន,៣. ការងារលទ្ធកម្មតាមមូលដ្ឋាន,៤. ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន,៥. ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ និងការងារ (ប.ស.ស) ក្នុងរាជធានីភ្នំពេញ៕