ឯកឧត្តម នាយឧត្តមសេនីយ៍ ខឹម សោភ័ណ្ឌ អញ្ជេីញដឹកនាំកិច្ចប្រជុំ សាមញ្ញក្រុមប្រឹក្សាភិបាល មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

ឯកឧត្តម នាយឧត្តមសេនីយ៍ ខឹម សោភ័ណ្ឌ ប្រធានក្រុមប្រឹក្សា ភិបាល មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អញ្ជេីញដឹកនាំកិច្ចប្រជុំ សាមញ្ញក្រុមប្រឹក្សាភិបាល មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ម.ស.ម.ក នៅរសៀលថ្ងៃពុធទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ ភ្នំពេញ។ 

 កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ត្រូវបានធ្វេីឡេីងដោយមានរបៀបវារៈរួមមាន ១. អនុម័តកំណត់ហេតុអង្គប្រជុំថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ២. ត្រួតពិនិត្យ និងអនុម័តរបាយការណ៍លទ្ធផលការងារប្រតិបត្តិការឆ្នាំ២០២៤ ៣. របាយការណ៍ស្តីពីគ្រោះថ្នាក់មីនតោនកាលពីថ្ងៃទី១៦ មករា ឆ្នាំ២០២៥ និង៤. ពិនិត្យនិងអនុម័តផែនការឆ្នាំ២០២៥។

ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា   បានអោយដឹងថា ក្នុងឆ្នាំ២០២៤នេះ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពCMACសម្រេចបានដូចជា៖ រំដោះផ្ទៃដីចម្ការមីននិងចម្ការគ្រាប់សរុបបានចំនួន១៧.៩៨០ហិកតា ក្នុងនោះផ្ទៃដីចម្ការមីនចំនួន១០.៥៦៤ហិកតា និងផ្ទៃដីចម្ការគ្រាប់ចំនួន៧.៤២៣ហិកតា។ កិច្ចប្រតិបត្តិការនេះរុករកឃើញនិងកម្ទេចចោលគ្រាប់មីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន៩៦.៣៧១គ្រាប់ ក្នុងនោះមីនប្រឆាំងមនុស្សចំនួន១៤.០០២គ្រាប់ មីនប្រឆាំងរថក្រោះចំនួន១៥៥គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន៨២.២១៤គ្រាប់ ព្រមទាំងឆ្លើយតបតាមសំណើសុំអន្ដរាគមន៍បន្ទាន់បានចំនួន៤.០៦១ករណី។ ផ្អែកលើទិន្នន័យសេដ្ឋកិច្ចសង្គមឃើញថា ប្រជាពលរដ្ឋទទួលផលដោយផ្ទាល់និងដោយប្រយោលមានចំនួន ៦៧៤.៦២៦គ្រួសារ។ 

ឯកឧត្តមបានបន្តថា អង្គភាពCMACក៏បានធ្វើការស្រាវជ្រាវព័ត៌មានគ្រាប់មីន និងគ្រាប់បែកចង្កោម&គ្រាប់បែកទម្លាក់ពីយន្ដហោះដោយក្រុមស្រាវជ្រាវព័ត៌មានរកឃើញចម្ការមីនចំនួន៤.៨០៩ហិកតា និងកំណត់ពហុកោណតំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមនិងគ្រាប់បែកទម្លាក់ពីយន្ដហោះបានចំនួន៤.៤៦៨ពហុកោណ ស្មើនឹងផ្ទៃដីចំនួន៦១៥.៧៤៦ហិកតា។  ដោយឡែកចំពោះការងារអប់រំយល់ដឹងពីមីននិងជួយសង្គ្រោះជនពិការដោយសារមីន ក៏សម្រេចបានលទ្ធ-ផលគួរឲ្យកត់សម្គាល់ ដោយបានផ្ដល់សារអប់រំដល់ក្រុមគោលដៅចំនួន២៥.១២៤លើក ស្មើនឹង១.១៨២.៥៥០ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន២.០៨៨.៣៣៧នាក់ និងបានផ្ដល់សេវាជួសជុលជើងសិប្បនិមិ្មតជូនជនពិការចំនួន១.៥២៨នាក់ ផ្ដល់ការហ្វឹកហ្វឺនបច្ចេកទេសកសិកម្មចំនួន២.០០៨នាក់ និងផ្ដល់ការអប់រំពីសុខុមាលភាពចំនួន២.៤៤៦នាក់។ ដោយឡែកការងារហ្វឹកហ្វឺននិងទំនាក់ទំនងអន្ដរជាតិ អង្គភាពបានផ្ដល់ការហ្វឹកហ្វឺនពង្រឹងសមត្ថភាពដល់មន្រ្តីផ្ទៃក្នុង និងស្ថាប័នខាងក្រៅបានចំនួន៩០៨នាក់ និងបានបញ្ចូនមន្រ្តីទៅបណ្ដុះបណ្ដាលនៅក្រៅប្រទេសដូចជា ប្រទេសជប៉ុន ស្វីស អេត្យូពី បូស្នៀ កូឡុំប៊ី ចិន វៀតណាម ថៃ និងអូស្រ្ដាលីជាដើមបានចំនួន៤៥នាក់។ ថ្មីៗនេះ អង្គភាពក៏បានបានហ្វឹកហ្វឺនពង្រឹងសមត្ថភាព និងចែករំលែកបទពិសោធន៍ដល់អ្នកជំនាញសកម្មភាពមីនមកពីបណ្ដាប្រទេសមួយចំនួនដូចជា កូឡុំប៊ី អ៊ុយក្រែន ហ្សក់ដង់ អាហ្សាបៃហ្សង់ ស៊ូដង់ខាងត្បូង សូម៉ាលី និងអេត្យូពីជាដើម។ ឯកឧត្តម ហេង រតនា បានអោយដឹងទៀតថា ផែនការសមាហរណកម្មឆ្នាំ២០២៥ ក្នុងគោលបំណងចូលរួមអនុវត្តផែនការយុទ្ធសាស្រ្តជាតិវិស័យមីនរបស់រាជរដ្ឋាភិបាលអណត្តិទី៧ (២០២៣-២០២៨) ស្តីពីកម្ពុជាគ្មានមីនប្រឆាំងមនុស្សឆ្នាំ ២០២៥ និងកាត់បន្ថយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាអតិបរិមា និងយុទ្ធសាស្រ្តមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាឆ្នាំ ២០១៩-២០២៥ អង្គភាពCMACបានដាក់ចេញនូវបេសកកម្មសំខាន់ៗរួមមាន៖ 

១. ធ្វើការបោសសម្អាតតំបន់រងការគម្រាមកំហែងដោយសារគ្រាប់មីន និងគ្រាប់សំណល់សង្គ្រាមចំនួន១៩២គីឡូម៉ែត្រក្រឡា។ 

២. ធ្វើការអប់រំនិងកាត់បន្ថយគ្រោះថ្នាក់មីន/ស.ផ.ស (សំណល់យុទ្ធភណ្ឌសង្គ្រាម) ជូនដល់ប្រជាពលរដ្ឋចំនួនប្រមាណ១.៨លាន ទៅ២លាននាក់។

៣. បន្ដធ្វើការស្រាវជ្រាវចម្ការមីនគ្រប់ជ្រុងជ្រោយតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងការស្រាវជ្រាវគ្រាប់ បែកចង្កោម និងគ្រាប់បែកទម្លាក់ពីយន្ដហោះដែលត្រូវបញ្ចប់នៅខែសីហា ឆ្នាំ២០២៥ និងរៀបចំប្រព័ន្ធទិន្នន័យបញ្ហាគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះថ្នាក់ជាតិ។

៤. ពង្រឹងសមត្ថភាពធនធានមនុស្សក្នុងក្របខ័ណ្ឌអង្គភាពនិងជាតិ ព្រមទាំងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយៈផ្ដល់ការហ្វឹកហ្វឺនជំនាញដល់បណ្តាប្រទេសទាំងក្នុងតំបន់ និងលើឆាកអន្ដរជាតិ៕