ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត ប្តេជ្ញាបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះកងកម្លាំង នគរបាលជានារីក្នុងការលើកទឹកចិត្តតាមគ្រប់រូបភាព

ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្តេជ្ញាបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះកងកម្លាំង នគរបាលជានារីក្នុងការលើកទឹកចិត្តតាមគ្រប់រូបភាព ដោយផ្អែកលើស្នាដៃនិងសមត្ថភាព ស្របតាម គោលការណ៍គុណាធិបតេយ្យ និងគោលការណ៍សមធម៌ ជាពិសេសស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការបញ្ជាបយេនឌ័រ និងធ្វើស្ថាប័ននីយកម្មយេនឌ័រ នៅតាមវិស័យនីមួយៗ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ថ្លែងក្នុងឱកាសប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ២០២៥ ខួបទី១១៤ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត បានមានប្រសាសន៍ថា គាំទ្រយ៉ាងមុតមាំ និងប្តេជ្ញាចិត្តជំរុញការអនុវត្តឱ្យបានជោគជ័យតាមគោលបំណងនៃប្រធានបទដែលបានដាក់ចេញសម្រាប់ខួបលើកទី១១៤ ទិវាអន្តរជាតិ នារី ៨ មីនា ឆ្នាំ២០២៥ ដែលជាចំណែកដ៏សំខាន់ក្នុងការចូលរួមអនុវត្ត នូវគោលនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និង ការបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពដែលក្នុងនោះ “ស្ត្រីគឺជាស្នូល»។
ជាមួយគ្នានេះ ឯកឧត្តមបានបង្ហាញការគាំទ្រនិងជំរុញការអនុវត្តផែនការ យុទ្ធសាស្ត្របញ្ជាបយេនឌ័ររបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុ ខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានយកចិត្តទុកដាក់ខ្ពស់លើការបញ្ជាបយេនឌ័រ និង ការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការយកចិត្តទុកដាក់និងផ្តល់តម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រី នគរបាលជានារី ដែលតួអង្គសំខាន់និងជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបាន កំណត់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ស្នើសុំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារីទាំងអស់ បន្តខិតខំប្រឹងប្រែងក្នុងការពង្រឹង សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឱ្យបានខ្លាំងពូកែបន្ថែមទៀត ដើម្បីឱ្យមានលក្ខណៈសម្បត្តិសមស្របក្នុងការ បំពេញ តួនាទី និងភារកិច្ច ទាំងក្នុងក្របខ័ណ្ឌការងារដឹកនាំនិងការងារជំនាញបច្ចេកទេស។ ជាការពិតណាស់ គោលនយោបាយបានជួយគាំទ្រ និងផ្តល់អាទិភាពដល់នារីរួចហើយ ប៉ុន្តែផ្អែកតាមការរីកចម្រើន ជឿនលឿន នៃសកលលោកនិងប្រទេសជាតិរបស់យើង នារីក៏ត្រូវជួយខ្លួនឯងបន្ថែមទៀត តាមរយៈការ ពង្រឹង និងអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប់ជាប្រចាំ ទើបយើងអាចអនុវត្តគោលការណ៍សមភាពយេនឌ័រ បានជោគជ័យឆ្លើយតបទៅនឹងយុគសម័យឌីជីថល ។
ទន្ទឹមនិងនេះ សូមឱ្យស្ត្រីទាំងអស់ដើរតួនាទីជាអ្នកផ្តល់យោបល់ល្អៗ ទាំងនៅអង្គភាពការងារ ក្នុងសង្គម និង ក្នុងគ្រួសារ ជៀសវាងការរក្សាភាពស្ងៀមស្ងាត់ ហើយរងចាំតែស្តាប់យោបល់របស់បុរស ព្រមទាំងបន្តរក្សា នូវប្រពៃណីថ្លៃថ្នូរ មានមនសិកាការងារ គោរពវិន័យនិងក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសរក្សាបាននូវគុណ តម្លៃនិងគុណធម៌ ឱ្យស័ក្តិសមនឹងកិត្តិនាមរបស់ស្ត្រីជា «មាតាពិភពលោក»៕