ឯកឧត្តម ណុះ ស្លេះ ប្តេជ្ញាបន្តដឹកនាំសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ឱ្យមានការអភិវឌ្ឍកាន់តែប្រសើរ

ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តដឹកនាំសហព័ន្ធជាតិមួយនេះឱ្យមានដំណើរការអភិវឌ្ឍកាន់តែប្រសើរបន្ថែមទៀត បន្ទាប់ប្រភេទកីឡានេះទទួលបានសមិទ្ធផលធំៗជាលក្ខណៈអន្តរជាតិ ជាបន្តបន្ទាប់នាពេលកន្លងមក ក្នុងអាណត្តិចាស់។
ការប្តេជ្ញាចិត្តរបស់ឯកឧត្តមបានធ្វើឡើង ក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ទី២ និងបន្តអាណត្តិថ្មី ទី៣ ឆ្នាំ២០២៥-២០២៩ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដោយឯកឧត្តម ណុះ ស្លេះ ទទួលបានការផ្តល់សេចក្តីទុកចិត្តពីសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី។
ឯកឧត្តម ណុះ ស្លេះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរួមគ្នា ក្នុងអាណត្តិមុនកន្លងមក ដោយដណ្តើបានសមិទ្ធផលធំៗជូនជាតិ ក្នុងនោះដូចជាដណ្តើមបានមេដាយ ស៊ីហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ និងឈ្នះមេដាយជាច្រើនទៀតពីព្រឹត្តិការណ៍កម្រិតទ្វីបអាស៊ី និងពិភពលោក។ ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើសុំឱ្យសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីទាំង២៧រូបបន្តរួមគ្នាជួយជ្រោមជ្រែងដល់ដំណើរការអភិវឌ្ឍប្រភេទកីឡាម៉ូតូទឹកកម្ពុជាឱ្យទទួលបានកិត្តិយស កិត្តិយសព្ទលើឆាកអន្តរជាតិបន្ថែមទៀត។
គួរបញ្ជាក់ថា សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ឆ្នាំ២០២៥-២០២៩ មានចំនួន ២៧រូប ដែលដឹកនាំដោយឯកឧត្តម ណុះ ស្លេះ ជាប្រធាន ឯកឧត្តម សាលី អ៊ូមើត អនុប្រធានទី១ និងអនុប្រធាន៣រូប គឺឯកឧត្តម នី ផល្លី លោក Karl Heinrich Knauf និងលោក ហួត សេងទ្រី។ លោក មាស ម៉ាប់ អគ្គលេខាធិការ អមដោយអគ្គលេខាធិការរង២រូប គឺលោក ម៉ម អានី និងលោក ទីន ហូសេន និងសមាជិកជាច្រើនរូបទៀត៕