ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំជុំវិញការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញ វិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ និងមហាកុដិ សម្តេចព្រះសង្ឃរាជ ជួន ណាត

ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ឡើងវិញវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ និងមហាកុដិ សម្តេចព្រះសង្ឃរាជ ជួន ណាត ស្ថិតនៅក្នុងបរិវេណវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលកិច្ចប្រជុំនេះមានការនិមន្ត អញ្ជើញចូលរួមពី សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកល វិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តឧណ្ណាលោម ព្រមទាំងឯកឧត្តម លោកជំទាវ តំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ ។ 

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរព្រះគុណ អរគុណ ចំពោះសម្តេចព្រះមហាអរិយវង្សបណ្ឌិត និងសមាជិក សមាជិកា អង្គប្រជុំទាំងអស់ ដែលបាននិមន្ត អញ្ជើញចូលរួមប្រជុំតាមការនិមន្ត អញ្ជើញ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងបានប្រគេន ជម្រាបជូនជ្រាបអំពីខ្លឹមសារនៃលិខិតរបស់ ក្រសួងព្រះបរមរាជវាំង និងកិច្ចការចាំបាច់ដែលត្រូវត្រៀមរៀបចំឱ្យបានល្អ។ 

ឯកឧត្តម មានប្រសាសន៍ថា ព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ និង មហាកុដិ សម្តេចព្រះសង្ឃរាជ ជួន ណាត នឹងត្រូវប្រារព្ធជាផ្លូវការនៅថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ព្រឹក ស្ថិតនៅក្នុងបរិវេណវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានទូលប្រគេន និងជម្រាបជូននូវអនុសាសន៍ណែនាំ រាល់កិច្ចការងារសំខាន់ៗ ដែលនឹងត្រូវអនុវត្តមុនពេលប្រារព្ធកម្មវិធី ព្រមទាំងពិនិត្យអំពីលទ្ធផល ការងារដែលបានអនុវត្តន៍ក្នុងពេលកន្លងមក ព្រមទាំងបានប្រគេន និងជូនជាអនុសាសន៍មួយចំនួន គប្បីបង្កើនស្មារតី សាមគ្គីភាព សហប្រតិបត្តិការល្អ ក្នុងការអនុវត្តន៍នូវរាល់កិច្ចការសំខាន់ៗ ដើម្បីអោយ មានកិច្ចដំណើរការយ៉ាងល្អប្រសើរ។ 

ឯកឧត្តម បានមានប្រសាសន៍ណែនាំបន្ថែមទៀត ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សូមសហការការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ឲ្យបានល្អ នៅថ្ងៃប្រារព្ធជាផ្លូវការនាពេលខាងមុខ។ 

ក្រោយការពិភាក្សាផ្លាស់ប្តូរយោបល់គ្នារួចមក ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី និងអង្គប្រជុំបានឯកភាពសម្រេចកំណត់ភារកិច្ចប្រគេន សម្តេចព្រះមហាអរិយវង្ស បណ្ឌិត និងជូនដល់ក្រសួង ស្ថាប័ន រាជធានី សម្រាប់អនុវត្ត ព្រមទាំងបានសំណូមពរ សមាជិក សមាជិកាអង្គប្រជុំទាំងអស់ អញ្ជើញត្រឡប់ទៅវិញ រាយការណ៍ជូនថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន រាជធានី បានជ្រាប និងអនុវត្តតាមស្មារតីអង្គប្រជុំ ឱ្យទទួលបានលទ្ធផលប្រសើរបំផុត។