ឯកឧត្តម ឈិន កេតនា ដឹកកិច្ចប្រជុំជុំវិញការត្រៀមលក្ខណៈ រៀបចំពិធីកាត់ខ្សែបូ សម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា វត្តព្រះឥន្ទសាមគ្គីធម៌ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល

ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការ ជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គ.ជ.ប.អ. ដោយមានការនិមន្តចូលរួមពី សម្តេចព្រះមង្គល ទេព្វាចារ្យ វង្ស អានេតា ព្រះរាជតំណាងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពិធីកាត់ខ្សែបូ សម្ពោធឆ្លងអគារ សិក្សា និងសមិទ្ធផលនានា ស្ថិតនៅក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាទីគោរពដ៏ខ្ពង់ខ្ពស់។ 

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានថ្លែងអំណរព្រះគុណ និងអរគុណ សម្តេចព្រះសង្ឃនាយករង សមាជិក សមាជិកា អង្គប្រជុំទាំងអស់ ដែលបាននិមន្ត អញ្ជើញចូលរួមប្រជុំ តាមការនិមន្ត និងអញ្ជើញរបស់ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងបានជម្រាបជូនជ្រាបអំពីខ្លឹមសារ នៃ លិខិតរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងកិច្ចការចាំបាច់ដែលត្រូវត្រៀមរៀបចំឱ្យបានល្អ។ 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានពិនិត្យពិភាក្សាមើលប្លង់រួម ប្លង់ទីតាំងកន្លែងប្រារព្ធពិធី ព្រមទាំងបានទូលប្រគេន និងជម្រាបជូននូវអនុសាសន៍ណែនាំ រាល់កិច្ចការងារសំខាន់ៗ ដែលនឹងត្រូវអនុវត្តមុនពេលប្រារព្ធកម្មវិធី ព្រមទាំងពិនិត្យអំពីលទ្ធផល ការងារដែលបានអនុវត្តន៍ក្នុងពេលកន្លងមក ព្រមទាំងបានប្រគេន និងជូនជាអនុសាសន៍មួយចំនួន គប្បីបង្កើនស្មារតី សាមគ្គីភាព សហប្រតិបត្តិការល្អ ក្នុងការអនុវត្តន៍នូវរាល់កិច្ចការសំខាន់ៗ ដើម្បីអោយ មានកិច្ចដំណើរការយ៉ាងល្អប្រសើរ។ 

ឯកឧត្តម បានមានប្រសាសន៍ណែនាំបន្ថែមទៀត ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សូមសហការការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ឲ្យបានល្អ នៅក្នុងថ្ងៃប្រារព្ធពិធីកាត់ខ្សែបូរសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនឹងប្រព្រឹត្តិនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។ 

ក្រោយការពិភាក្សាផ្លាស់ប្តូរយោបល់គ្នារួចមក ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី និងអង្គប្រជុំបានឯកភាពសម្រេចកំណត់ភារកិច្ចប្រគេនសម្តេច ព្រះសង្ឃនាយករង និងជូនដល់ក្រសួង ស្ថាប័ន រាជធានី ខេត្តពាក់ព័ន្ធ សម្រាប់អនុវត្ត ព្រមទាំងបានសំណូមពរ ទូលប្រគេន សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា និងសមាជិក សមាជិកាអង្គប្រជុំទាំងអស់ អញ្ជើញត្រឡប់ទៅវិញ រាយការណ៍ជូនថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន រាជធានី ខេត្តពាក់ព័ន្ធបានជ្រាប និងអនុវត្តតាមស្មារតីអង្គប្រជុំ ឱ្យទទួលបានលទ្ធផលប្រសើរបំផុត ។