ឯកឧត្តម ឈិន កេតនា ÷ ពិធីបុណ្យឆ្លងមហាកុដិ វិច្ចកុដិ និងសមិទ្ធផលនានា នៅវត្តអរិយកស្បប អាចប្រារព្ធធ្វើទៅបានដោយកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងមហាកុដិ វិច្ចកុដិ និងសមិទ្ធផលនានា នៅវត្តអរិយកស្បប ក្នុងស្រុកពញាឮ ខេត្តកណ្តាល ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិអន្តរជាតិ និងលោកជំទាវ អាំ រក្សថានណា បានមានប្រសាសន៍ថា សមិទ្ធផលដែលរៀបចំពិធីបុណ្យឆ្លងមហាកុដិ វិច្ចកុដិ និងសមិទ្ធផលនានា នៅវត្តអរិយកស្បប នាឱកាសនេះ អាចប្រារព្ធធ្វើទៅបានដោយកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ។
ក្នុងពិធីបុណ្យឆ្លងពោរពេញទៅដោយទឹកចិត្តសទ្ធាជ្រះថ្លានាឱកាសនេះ មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះវត្តមាន ព្រះឋានវិមុត្តិញាណ ភិន មង្គលឬទ្ធី ព្រះរាជាគណៈថ្នាក់កិត្តិយស អនុគណស្រុកពញាឮ ព្រះខន្តីសង្កា អ៊ុ សុទ្ធ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះចៅអធិការវត្តអរិយកស្សប និងវត្តមានអញ្ជើញពីសំណាក់ មហាឧបាសិកាពុទ្ធសាសននូបត្ថម្ភក៍ យី អៀងលី (ឈិន វ៉ាន់នី) ព្រមទាំងក្រុមគ្រួសារ និងវត្តមានពីឯកឧត្តម លោកជំទាវ ពុទ្ធបរិស័ទជិតឆ្ងាយ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ។
ជាមោទនភាពក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងការបន្តដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុង ដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងមានការ អភិវឌ្ឍលើគ្រប់វិស័យទាំងវិស័យអាណាចក្រនិងពុទ្ធចក្រ ។
ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញក្នុងពិធីកាត់ខ្សែបូរ ជានិមត្តិរូបនៃពិធីសម្ពោធឆ្លងជាផ្លូវការមហាកុដិ វិច្ចកុដិ និងសមិទ្ធផលនានា ដើម្បីបានប្រើប្រាស់ជាឧត្តមប្រយោជន៍សម្រាប់ព្រះសង្ឃនិងពុទ្ធបរិស័ទ ចាប់តាំងពីពេលនេះជាដរាបតរៀងទៅ។
ចាប់តាំងពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២២ រហូតមកដល់បច្ចុប្បន្ន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានចូលរួមចំណែកកសាងជារឿយៗ ទាំងសម្ភារៈ និង ឈ្នួលជាង រហូតដល់ ដំណើរការកសាង កុដិ និង វិច្ចកុដិ ត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរ ព្រមទាំងបំពាក់គ្រឿងសម្ភារៈបរិក្ខាមួយចំនួននៅតាមបន្ទប់សឹង។ កុដិ និងវិច្ចកុដិចំនួន ១ខ្នង មានទំហំបណ្តោយ ២១.១០ម៉ែត្រ និង ទទឹង ១៦.៥០ម៉ែត្រ កំពស់២ជាន់ ក្នុងនោះមានបន្ទប់សិង សរុបចំនួន ៩បន្ទប់ វិច្ចកុដិសរុប ២២បន្ទប់ (សំរាប់នារី ៦បន្ទប់ សំរាប់បុរស ៦បន្ទប់ សំរាប់ព្រះសង្ឃ៦បន្ទប់ និងនៅតាមបន្ទប់សិងចំនួន ៤បន្ទប់) ដើម្បីជាឧត្តមប្រយោជន៍ចំពោះព្រះសង្ឃ និង ពុទ្ធបរិស័ទគង់នៅ និង ប្រើប្រាស់។
សូមបញ្ជាក់ជូនថា នៅក្នុងឱកាសនោះ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ អាំ រក្សថានណា បានប្រគេន ទេយ្យទាននិងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃក្នុងមួយព្រះអង្គមាន ៖ អង្ករ – គ្រឿងឧបភោគ បរិភោគ ភេសជ្ចៈ និង ប្រគេនបច្ច័យសម្រាប់ព្រះសង្ឃគ្រប់ៗអង្គ ដោយឡែកប្រជាពលរដ្ឋ អាជ្ញាធរក្នុងមូលដ្ឋាន និងប្រជាការពារ ដែលចូលរួមនាឱកាសនោះ ក្នុងម្នាក់ៗទទួលបាន ៖ មី – ត្រីខ- ក្រម៉ា- សារុង – គ្រឿងឧបភោគបរិភោគ សំភារៈប្រើប្រាស់ ព្រមទាំងថវិកាជាច្រើនផងដែរ ។
គួរបញ្ជាក់ថា បន្ទាប់ពីការផ្តួចផ្តើមកសាងនូវសមិទ្ធផលនានា មានវត្តមានពីការចូលរួមចំណែកជួយក្នុងដំណើរការកសាងជារឿយៗ ពីសំណាក់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យី អៀងលី (ឈិន វ៉ាន់នី) ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និង ជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបុណ្យជាតិ-អន្តរជាតិ និងលោកជំទាវ អាំ រក្សថានណា ព្រមទាំងបុត្រ និងចៅ រួមទាំងបងប្អូនកូនក្មួយទាំងអស់ បានជួយជ្រុមជ្រែងកសាងមហាកុដិមួយខ្នងនេះរហូតដល់បានបញ្ចប់ការកសាងជាស្ថាពរ។