ឯកឧត្តម ឈិន កេតនា ÷ ពិធីបុណ្យវិសាខបូជា នឹងប្រារព្ធរៀបចំឡើងនៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

ឯកឧត្តម ឈិន កេតនា ÷ ពិធីបុណ្យវិសាខបូជា នឹងប្រារព្ធរៀបចំឡើងនៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានប្រសាសន៍លើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ច ត្រូវត្រៀមលក្ខណៈរៀបចំពិធីបុណ្យវិសាខបូជា ដោយមានការនិមន្តចូលរួមពីព្រះរាជតំណាង សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះរាជតំណាងសម្តេចព្រះមហាសុមេធាធិបតី អំ លឹមហេង សម្តេចព្រះសង្ឃនាយក ព្រមទាំងព្រះមន្ត្រីសង្ឃ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ។ កិច្ចប្រជុំប្រព្រឹត្តទៅ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ ជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៥ ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឈិន កេតនា ប្រធានអង្គប្រជុំ បានថ្លែងអំណរព្រះគុណ អរគុណចំពោះសមាជិក សមាជិកាអង្គប្រជុំ ទាំងអស់ ដែលបាននិមន្ត និងអញ្ជើញចូលរួមប្រជុំ តាមការនិមន្ត អញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានទូលប្រគេន និងជម្រាបជូនអំពីភារកិច្ចត្រូវរៀបចំពិធីបុណ្យវិសាខបូជា ឆ្នាំនេះ ឱ្យដំណើរការនឹងប្រព្រឹត្តទៅស្រប តាមប្រពៃណីព្រះពុទ្ធសាសនាដ៏ថ្កើនថ្កាននៃយើង។

ឯកឧត្តម បានជម្រាបជូនអំពី កាលបរិច្ឆេទ និងទីតាំងប្រារព្ធពិធីបុណ្យវិសាខបូជា នឹងត្រូវប្រារព្ធពិធីជាផ្លូវការនៅថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៥ នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម មានប្រសាសន៍បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ពិសេសទៅទៀតប្រទេសជាតិបន្តរក្សាបាននូវសុខសន្តិភាពពេញបរិបូណ៌ ស្ថេរភាព នយោបាយនិងសេដ្ឋកិច្ច ព្រមទាំងជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ហើយប្រជាជនទូទាំងប្រទេសអាចប្រារព្ធរៀបចំឡើងនូវពិធីបុណ្យជាតិ បុណ្យសាសនាផ្សេងៗយ៉ាងទៀងទាត់ ។

ឯកឧត្តម បានជម្រាបដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្ត ត្រូវយកចិត្តទុក្ខដាក់រៀបចំទីតាំងប្រារព្ធពិធី និងបានណែនាំដល់ក្រុមការងារទាំងអស់ រៀបចំសមាសភាព សម្រាប់ក្រសួង ស្ថាប័ន និងមន្ទីរអង្គភាពជុំវិញខេត្តចូលរួម ក្តាប់សភាពការណ៍ឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលរៀបចំពិធី និងត្រូវមានអ្នកទទួលខុសត្រូវតាមផ្នែកនីមួយៗ ព្រមទាំងបានណែនាំដល់ក្រុមការងារឲ្យរៀបចំការដាក់ទង់ជាតិ ទង់សាសនា និងរៀបចំបដាពាក្យស្លោក និងពុទ្ធឱវាទរបស់ព្រះពុទ្ធ នៅតាមទីសាធារណៈ ដើមឈើនានានៅក្នុងក្រុង សម្រាប់ឲ្យពុទ្ធបរិស័ទមានការយល់ដឹងបន្ថែមទៀតអំពីពុទ្ធឱវាទទូន្មានល្អៗ របស់ព្រះពុទ្ធ ។

សូមបញ្ជាក់ជូនថា ពិធីបុណ្យវិសាខបូជា‌ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃអភិលក្ខិត‌សម័យទាំងបី មានថ្ងៃប្រសូត្រ ថ្ងៃត្រាស់ដឹង និងថ្ងៃចូលព្រះបរិនិព្វាន របស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដោយកើតឡើងចំថ្ងៃ១៥កើត ខែវិសាខដូចគ្នា ពោលគឺខុសគ្នាតែឆ្នាំប៉ុណ្ណោះ។