ឯកឧត្តម ឈិន កេតនា ÷ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី នឹងមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា 

ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានកិច្ចប្រជុំអន្តរក្រសួងក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការ ជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវតំណាងក្រសួង រដ្ឋលេខា ធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ច ទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ ឯកឧត្តម ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី និងលោកជំទាវ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។ 

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានជម្រាប ជូនជ្រាបអំពីខ្លឹមសារនៃលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងកិច្ចការចាំបាច់ ដែលត្រូវរៀបចំពិធីស្វាគមន៍ឱ្យបានល្អ។ 

បន្ទាប់ពីបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នារួចមក អង្គប្រជុំបានឯកភាព សម្រេចកំណត់បែងចែកភារកិច្ច ជូនដល់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់កាលបរិច្ឆេទនៃដំណើរអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូគឺនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយ ឯកឧត្តម ឡរ៉េន ម៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី និងលោកជំទាវ ព្រមទាំង សមាជិក សមាជិកាគណៈប្រតិភូ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងធ្វើមាតុភូមិនិវត្តន៍ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៨:៥៥ នាទី។ 

ឯកឧត្តម ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី និងលោកជំទាវ 

ព្រមទាំងគណៈប្រតិភូ នឹងអញ្ជើញក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ ,ពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ

,ជំនួបសម្តែងការគួរសម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា , ពិធីបដិសណ្ឋារកិច្ចផ្លូវការ នៅវិមានសន្តិភាព, កិច្ចប្រជុំទ្វេភាគី ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា , ពិធីជប់លៀងអាហាថ្ងៃត្រង់ផ្លូវការ រៀបចំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត,

គណៈប្រតិភូនឹងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រមកម្ពុជា។ 

មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានសំណូមពរដល់ សមាជិក សមាជិកា អង្គប្រជុំទាំងអស់អញ្ជើញត្រឡប់ទៅវិញរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ និងអនុវត្តតាមស្មារតីអង្គប្រជុំឲ្យទទួលបានលទ្ធផលល្អប្រសើរ។