ឯកឧត្តម ឆាយ ឆត្រាវុធ បញ្ជាក់ថា ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ គឺជាអង្គភាពដែលមានលក្ខណៈសម្បត្តិឆ្លើយតបទៅនឹងសូចនាករជាអតិបរមា

ឯកឧត្តម ឆាយ ឆត្រាវុធ បញ្ជាក់ថា ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ គឺជាអង្គភាពដែលមានលក្ខណៈសម្បត្តិឆ្លើយតបទៅនឹងសូចនាករជាអតិបរមា ដែលបានកំណត់នៅក្នុងលក្ខណៈវិនិច្ឆ័យគោលរងនៃលក្ខណៈវិនិច្ឆ័យគោលទាំង៨ ក្រោមការវាយតម្លៃយ៉ាងម៉ត់ចត់ និងច្រើនដំណាក់កាល មានការទទួលខុសត្រូវច្បាស់លាស់ មានសុចរិតភាព តម្លាភាព និងប្រកបដោយវិជ្ជាជីវៈ។ ឯកឧត្តម លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួម ពិធីបើកសិក្ខាសាលា «ចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤» ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. ព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ​២០២៥ ។

ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ បានគូសបញ្ជាក់ពីសាវតារនៃកម្មវិធីវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ ដែលត្រូវបានដាក់ឱ្យអនុវត្តការប្រកួតប្រជែង ក្នុងគោលដៅ ដើម្បីពង្រឹងអភិបាលកិច្ច និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងការកៀរគរ ពីសហគមន៍ ដៃគូអភិវឌ្ឍ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធនានា ដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍសាលារៀននិងមន្ទីរពេទ្យនៅតាមមូលដ្ឋាន។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ថ្ងៃនេះ ជាថ្ងៃចាប់ផ្តើមនៃការចែករំលែកបទពិសោធនៃការគ្រប់គ្រង  និងការផ្តល់សេវាសាធារណៈ របស់បេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ ដែលផ្តោតលើកម្រិត វិទ្យាល័យ និងសាលាមត្តេយ្យសិក្សា សម្រាប់វិស័យអប់រំ និងកម្រិតមន្ទីរពេទ្យបង្អែក ដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ កម្រិត២ និងកម្រិត៣ សម្រាប់វិស័យសុខាភិបាល ដើម្បីចែករំលែកបទពិសោធនៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈរបស់អង្គភាពនីមួយៗ ដែលទទួលបានចំណាត់ថ្នាក់ល្អក្នុងវិស័យអប់រំ និងវិស័យ សុខាភិបាល ជូនដល់បណ្តាអង្គភាពផ្សេងទៀត ដែលបានចូលរួមក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ។