ឯកឧត្តម ចាយ បូរិន ៖ ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់លើគ្រប់វិស័យ ពិសេសការអប់រំសីលធម៌ ចរិយាធម៌ ដោយចាស់បុរាណកំណត់ថា ក្រឹត្យនៅនឹងស្រី វិន័យនៅនឹងសង្ឃ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្រ្តា ចាយបូរិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និអភិវឌ្ឍន៍ក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីពិធីអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» ក្រសួងធម្មកានិងសាសនា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

បន្ទាប់ពីលោកជំទាវ មិន ចណ្ឌីណែត រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិសមាគមនារី ក្រសួងធម្មការនិងសាសនា បានឡើងអាននូវ ព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី ១១៤” ត្រូវបានប្រារព្ធឡើង ដើម្បីរំឭកនៅទូទាំងពិភពលោក ចំពោះសារៈសំខាន់និងគុណតម្លៃនៃការចូលរួមរបស់ស្ត្រី និងសមិទ្ធផលនានា ដែលកើតចេញពីកម្លាំងកាយកម្លាំងចិត្តរបស់ស្ត្រី ដោយពុំរើសអើង បែងចែកជាតិសាសន៍ ពណ៌សម្បុរ វប្បធម៌ អាជីព ស្ថានភាពសេដ្ឋកិច្ច ឬនិន្នាការនយោបាយ និងបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការងាររបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃក្រសួងធម្មការនិងសាសនាដែលកន្លងមកបានចូលរួមយ៉ាងសកម្ម នៅក្នុងការរួមចំណែក ធ្វើសកម្មភាពមនុស្សធម៌ នៅក្នុងក្រសួង ក៏ដូចជាសង្គមខាងក្រៅ តាមរយៈការស្វែងយល់សុខទុក្ខ មន្រ្តីរាជការដែលជានិវត្តន៍ជននិងចាស់ជរា និងជនងាយរងគ្រោះនានា។

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលជាអគ្គមគ្គទេសក៍សន្តិភាពនិងការអភិវឌ្ឍបានចាត់ទុកស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច ជួយស្រ្តីគឺជួយខ្លួនឯង និងក្រោមការបន្តដឹកនាំរបស់ រដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានឆន្ទៈមោះមុត និងស្វាហាប់ប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំកម្ពុជា សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០និងឆ្នាំ២០៥០ បានផ្តល់អាទិភាពខ្ពស់ ដល់ការលើកកម្ពស់សិទ្ធិ និងសមភាពស្រ្តី ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្រ្តី គឺជាស្នូល»។

ឯកឧត្តម ចាយ បូរិន បានលើកឡើងអំពីប្រសាសន៍របស់ សម្តេចធិបតី ដែលបានមានប្រសាសន៍ថា «ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើននិងថាស្រ្តីជាបេះដូងរបស់គ្រួសារ»។

ជាក់ស្តែងមានដូចជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជាដើម ដែលប្រជាពលរដ្ឋទូទៅប្រសិទ្ធនាមថា មាតាមនុស្សធម៌ លោកបានលះបង់កម្លាំងកាយ ចិត្ត សតិបញ្ញា និងទ្រព្យធនជាច្រើនជួយដល់សង្គមជាតិ និងស្របទៅនឹងទិសស្លោករបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្នហ៊ុនម៉ាណែត ដែលបានថ្លែងថា “នៅក្នុងផ្ទះ បើមិនមានភរិយាខ្លាំង មិនមានម្តាយល្អ នោះស្វាមី និងឪពុកក៏ពិបាកនឹងមានឱកាសគ្រប់គ្រាន់ ធ្វើរឿងជោគជ័យនៅខាងក្រៅដែរ”។

ដើម្បីឱ្យឆ្លើយតបទៅនឹងគោលនយោបាយខាងលើនេះ ឯកឧត្តម រដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ ក្នុងការបន្តជម្រុញការលើកកម្ពស់លើសមភាពយេនឌ័រ មួយចំនួនដូចជា៖

ទី១.សូមមន្រ្តីរាជការជាស្ត្រីគ្រប់រូប បន្តប្រើប្រាស់សមត្ថភាពរបស់ខ្លួនចូលរួមអភិវឌ្ឍ វិស័យធម្មការនិងសាសនា របស់យើងឱ្យមានការរីកចម្រើនបន្ថែមទៀត ។

ទី២.បន្តអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យ ទទួលបាននូវភាពជោគជ័យ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ។

ទី៣.គ្រប់អង្គភាពចំណុះឱ្យក្រសួងធម្មការនិងសាសនា សូមចូល រួមលើកកម្ពស់សមភាពយេនឌ័រ ស្ត្រីគ្រប់រូបនៅក្នុងអង្គភាពរបស់ខ្លួន ៕