ឯកឧត្តម ចាយ បូរិន អញ្ជើញសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ មេឃុំនិងចែកជូនគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួន៣ឃុំ ព្រមទាំងពិនិត្យសមិទ្ធផលនានា ស្ថិតនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ មេឃុំ និងចែកជូនគ្រឿងឧបភោគបរិភោគនិងដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង ឃុំចំនួន៣ រួមមានឃុំចុងជាច ឃុំទឹកជ្រៅ និងឃុំនាងទើត នៅក្នុងមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ពិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងមូលដ្ឋានភូមិត្របែកឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និង លោកជំទាវ នី ចាន់ធីតា អភិបាលរង តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃអគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០២៥ ។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទកម្ពុជា ដែលជានិច្ចជាកាលសម្តេច និងលោកជំទាវបណ្ឌិតតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងជីវភាព របស់ប្រជាជនយើងគ្រប់ទីកន្លែង ដោយមិនប្រកាន់នូវពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ។

ឯកឧត្ដមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក ឃុំ និងភូមិ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងជំរុញឱ្យខិតខំបន្តទៀត ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់ ស័ក្តិសមជាមន្ត្រីបម្រើរាស្ត្រ ប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា។ ទន្ទឹមនេះ ដើម្បីធានានូវសុខសន្តិភាព រាជរដ្ឋាភិបាល បានបន្តគិតគូយ៉ាងម៉ត់ចត់អំពីសុខមាលភាពរបស់ប្រជាជន ក្នុងនោះ របបសន្តិសុខសង្គមត្រូវបានបម្រើកាន់តែទូលំទូលាយសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការធានាបាននូវសន្តិភាព សមធម៌និងសាមគ្គីធម៌សង្គម និងដើម្បីលើកម្ពស់សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។

តមក ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទ ពិនិត្យមើលសមិទ្ធផលនានាដែលត្រៀមនិងសម្ពោធន៍ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ នៅបរិវេណវត្ត សិរីពោធិ៍វង្ស ស្ថិតនៅភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម រដ្ឋមន្រ្តីបានមានប្រសាសន៍ថា សមិទ្ធផលមានដូចជា ឧបដ្ឋានសាលា វិហារ កុដ្ឋ និងហេដ្ឋារចនាសម្ព័នផ្សេងៗនៅក្នុងបរិវេណវត្តដែលជាឧត្តមប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរនាឱកាសនេះ គឺកើតចេញពីការសាមគ្គី និងសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធស័ទជិតឆ្ងាយដែលកាន់ព្រះពុទ្ធសាសនា។

ឯកឧត្តម រដ្ឋមន្រ្តី បានបន្តអញ្ជើញចុះពិនិត្យមើលការជួសជុល សាលាបឋមសិក្សា ហ៊ុន សែន វត្តសំរោង និងសាលាបឋមសិក្សា ហ៊ុនសែនសង្គម ស្ថិតនៅឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី កសាងឆ្នាំ ១៩៩៧ ហើយត្រូវបានជួសជុលកែលម្អឡើងវិញដោយសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិស័ទថ្ងៃចុងក្រោយ តាមរយៈ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ដែលចាប់ផ្ដើមជួសជុលតាំងពីថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២៥រហូតដល់បច្ចុប្បន្នសម្រេចបាន៩០%ហើយ ។

ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ផងដែរពីតម្លៃនៃសុខសន្តិភាព បើគ្មានសន្តិភាពទេ នោះយើងទាំងអស់គ្នាគ្មានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះទេ។ ហើយ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិត្តដ៏មោះមុតក្នុងការថែរក្សា «សន្តិភាព» និងការតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត គឺគ្មានការប្រែប្រួលជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ៕