ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤៨

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤៨ ដោយមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ ក្រសួងធម្មការនិងសាសនា នាទីស្តីការក្រសួង រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងត្រូវបានបន្តដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពបុិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញដោយថាមពល បានដឹកនាំប្រទេសកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត។ ក្នុងនោះទន្ទឹមនឹងការរីកចម្រើននេះ ប្រមុខដឹកនាំកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការអភិរក្ស និងអភិវឌ្ឍ ការប្រតិបត្តិជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ សំដៅ តម្រង់ទិសការរៀបចំសាសនពិធី ទម្រង់អាពាហ៍ពិពាហ៍ និងពិធីកម្មផ្សេងៗទៀត ឱ្យមានលក្ខណៈត្រឹមត្រូវតាមជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងមានគោលការណ៍ឯកភាព ព្រមទាំងកសាងបានក្រុមជនគំរូសម្រាប់ការចូលរួមលើកកម្ពស់ សីលធម៌ គុណធម៌ និងសាមគ្គីធម៌ក្នុងសង្គម។

ឯកឧត្តម រដ្ឋមន្រ្តី បានរំលឹកផងដែលថា វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពស់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដោយមើលឃើញការរៀបចំពិធីអាពាហ៏ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេច ទើបសម្តេចបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ណែនាំឲ្យក្រសួងធម្មការនិងសាសនា ពិនិត្យស្រាវជ្រាវ និងបង្កើត វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ក្នុងគោលបំណងថែរក្សា លើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀម ទំលាប់ខ្មែរឲ្យបានរុងរឿងនិងគង់វង្ស ពិសេសធ្វើយ៉ាងណាកុំឲ្យមានវិបត្តិអាចារ្យកើតឡើង ។

ក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន ផ្តល់ អនុសាសន៍សំខាន់ៗ ប្រគេននិងជូន ដល់សិក្ខាកាមក្នុងវគ្គទី៤៨នេះ ក្នុងន័យលើកកម្ពស់ ការ ប្រតិបត្តិជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ ខ្មែរ ដើម្បីថែរក្សាមរតកដូនតា ក្នុង បរិបទ នៃ សាកលភាវូបនីយកម្ម និង ការអភិវឌ្ឍដូចខាងក្រោម៖

១-ក្នុងនាមជាអាចារ្យត្រូវ គោរព តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យ ដែលបានសិក្សា នេះឱ្យបានខ្ជាប់ខ្ជួន ក្នុងការដឹកនាំពិធីមង្គល និងបុណ្យផ្សេងៗ ត្រូវឈរលើមូលដ្ឋានច្បាប់ ទម្លាប់ត្រឹមត្រូវ និងច្បាស់លាស់។
២- ត្រូវធ្វើជាគំរូ ក្នុងការ គោរព ប្រតិបត្តិព្រះពុទ្ធសាសនា ច្បាប់រដ្ឋ ប្រពៃណីទំនៀមទម្លាប់ សីលធម៌ សុជីវធម៌ ចូលរួមអប់រំទប់ស្កាត់ អំពើ ហិង្សា គ្រប់រូបភាព និងចូលរួមចំណែកអភិវឌ្ឍសង្គម បង្ហាញគំរូ ល្អដល់យុវ ជនជំនាន់ក្រោយ ។
៣- ត្រូវមានសាមគ្គីធម៌ និងទំនាក់ទំនងល្អជាមួយ នឹងពុទ្ធបរិស័ទ គណៈកម្មការវត្ត ចៅអធិការវត្ត អាជ្ញាធរមូលដ្ឋាន ព្រះអនុគណ ព្រះមេគណ មន្ទីរធម្មការនិង សាសនាក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត ចូលរួមទប់ស្កាត់កុំឱ្យមាន អធិករណ៍ កើតឡើងនៅក្នុងវត្ត ឬក្នុងមូលដ្ឋាន របស់ខ្លួន។
៤-ត្រូវចូលរួមរៀបចំវត្តអារាមឱ្យស្របទៅនឹងអភិក្រម ស ៣ របស់ក្រសួងធម្មការនិងសាសនាគឺ៖ ១.វត្តស្អាត ២.វត្តស្វាង ៣.វត្តស្ងប់ សក្តិសមជាទីគោរពសក្ការៈនិងជារមណីយដ្ឋានផ្ដល់ទាំងសេចក្ដីសុខផ្លូវកាយ និងផ្លូវចិត្តដល់ពុទ្ធបរិស័ទ។
៥-ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាឱ្យបាននូវសុខសន្តិភាព។

ឯកឧត្តម រដ្ឋមន្រ្តី បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ដែលបានត្រង់ត្រាប់ស្តាប់នូវ វគ្គបណ្តុះបណ្តាលនេះ ហើយយកទៅប្រើប្រាស់ និងចែករំលែកនូវចំណេះដឹងដែលបានសិក្សាស្វែងយល់ពីគ្រូឧទ្ទេសជំនាញ និងបានប្រគេន និងចែកជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់ព្រះមន្រ្តីសង្ឃ អាចារ្យ អាចារិនី វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៨ ។
សូមជម្រាបថា វគ្គសិក្សានេះមានរយៈពេល៥ថ្ងៃ និងមានសិក្ខាកាមអាចារ្យមកពីជម្រុះ រាជធានី-ខេត្តទូទាំងប្រទេសចំនួន ២២៩ អង្គ/នាក់ ក្នុងនោះព្រះសង្ឃ ៤៤អង្គនិងអាចារ្យនី ៩នាក់ សិក្សារយៈពេល៥ថ្ងៃបញ្ចប់ទៅដោយរលូន ដែលមានគ្រូឧទ្ទេសចំនួន២១រូប សិក្សាលើ២០មុខវិជ្ជា ដោយចែកចេញជា៤ផ្នែកធំៗ៕