ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញពិនិត្យទីតាំងតម្កល់ «ព្រះពុទ្ធបដិមា» នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាទីសក្ការៈរបស់ពុទ្ធបរិស័ទជាតិ និងអន្តរជាតិ

នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញពិនិត្យទីតាំងតម្កល់ «ព្រះពុទ្ធបដិមា» ចំកណ្ដាលបរិវេណខាងក្នុងកន្លែងច្រកចេញ-ចូលបោះត្រាលិខិតឆ្លងដែន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងបើកដំណើរការនាពេលខាងមុខនេះ។

ការពិនិត្យតាមដានវឌ្ឍនភាពនេះ ក៏មានការនិមន្តពីសំណាក់សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភាព្រះពុទ្ធសាសនា និងជាព្រះមេគណខេត្តកណ្តាល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងព្រះអរិយវង្ស ហង្ស សាវី ព្រះប្រធានលេខាធិការដ្ឋានសម្តេចព្រះសង្ឃរាជ បួរ គ្រី ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម ចាយ បូរិន បានពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបច្ចុប្បន្នភាពការកសាងនូវ «ព្រះពុទ្ធបដិមា» នេះ ដើម្បីបង្ហាញពីរចនាប័ទ្ម វប្បធម៌ និងការលើកតម្កើងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ដែលគ្រោងបើកដំណើរនាពេលឆាប់ៗខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឺងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា កាលបរិច្ឆេទបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ គឺកំណត់យកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងកំណត់យកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើអោយយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕