ឯកឧត្តម ចាយ បូរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ាសាហ្គស្ស ហ្សូលគីផ្លី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារ និងជារដ្ឋមន្ត្រីទទួលបន្ទុកការងារឥស្លាម នៃសាធារណរដ្ឋសឹង្ហបុរី

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ម៉ាសាហ្គស្ស ហ្សូលគីផ្លី (Masagos Zulkifli) រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារ និងជារដ្ឋមន្ត្រីទទួលបន្ទុកការងារឥស្លាម នៃសាធារណរដ្ឋសឹង្ហបុរី នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ ឯកឧត្តមម៉ាសាហ្គស្ស ហ្សូលគីផ្លី (Masagos Zulkifli) មានគោលបំណងសំខាន់ៗដូចតទៅ៖

១. ចូលរួមកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាមនិងពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម នៅសណ្ឋាគារសុខារាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ 

២. ជំនួបជាមួយឯកឧត្តម រដ្ឋមន្រ្តី ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការរវាងប្រទេសចំនួន៤ មាន កម្ពុជា ថៃ សឹង្ហបុរី និងប្រទេសហ្វីលីពីន។

៣.ឯកឧត្តម ប្រតិភូ បានរំលេចពីកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងកម្ពុជា-សឹង្ហបុរី

ឯកឧត្តម ចាយ បូរិន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តម ម៉ាសាហ្គស្ស ហ្សូលគីផ្លី ដែលបានអញ្ជើញដឹកនាំគណប្រតិភូ ក្រសួងអភិវឌ្ឍន៍សង្គមនិងគ្រួសារ ទទួលបន្ទុកការងារឥស្លាម នៃសាធារណរដ្ឋសឹង្ហបុរី ចូលរួមកិច្ចប្រជុំកំពូលឥស្លាមក្រោមប្រធានបទ “ឥស្លាមនិងពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គមនិងគ្រួសារ និងជារដ្ឋមន្ត្រីទទួលបន្ទុកការងារឥស្លាម នៃសាធារណរដ្ឋសឹង្ហបុរី  អំពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា សម្រាប់វិស័យធម្មការនិងសាសនា មិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ ហើយនេះជាតថភាពមួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីគុណតម្លៃនៃសាមគ្គីភាព និងភាពសុខដុមរមនាសាសនានៅកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព ធ្វើឱ្យសាសនាទាំងអស់រស់នៅរួមគ្នា ប្រកបដោយសុខក្សេមក្សាន្ត។

ក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន សង្ឃឹមថា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតនិងចំណងការទូតរវាងកម្ពុជា-សឹង្ហបុរី តាមរយៈឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គមនិងគ្រួសារ និងជារដ្ឋមន្ត្រីទទួលបន្ទុកការងារឥស្លាម នៃសាធារណរដ្ឋសឹង្ហបុរី  និងគៀគរដល់វិនិយោគិន មកវិនិយោគនៅកម្ពុជា លើវិស័យឧស្សាហកម្ម កសិឧស្សាហកម្មជាដើម ។

ឯកឧត្តម រដ្ឋមន្រ្តី សូមជូនពរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គមនិងគ្រួសារ និងជារដ្ឋមន្ត្រីទទួលបន្ទុកការងារឥស្លាម នៃសាធារណរដ្ឋសឹង្ហបុរី  និងគណៈប្រតិភូ ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យក្នុងបេសកកម្មបម្រើជាតិមាតុភូមិ ពិសេសបន្តបេសកកម្មរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-សឹង្ហបុរីកាន់តែរឹងមាំនិងស្ថិតស្ថេរជាអង្វែងតរៀងទៅ៕