ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន ÷ ស.ស.យ.ក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តបេសសកម្មយ៉ាងខ្ជាប់ខ្ជួនពីយុវជនជំនាន់មុន ដើម្បីចូលរួមក្នុងបុព្វហេតុ ជាតិ មាតុភូមិ តាមរយៈការផ្តល់ឱកាសដល់យុវជនគ្រប់ទិសទី

ស.ស.យ.ក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តបេសសកម្មយ៉ាងខ្ជាប់ខ្ជួនពីយុវជនជំនាន់មុន ដើម្បីចូលរួមក្នុងបុព្វហេតុ ជាតិ មាតុភូមិ តាមរយៈការផ្តល់ឱកាសដល់យុវជនគ្រប់ទិសទី នេះជាការលើកឡើងរបស់ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន នៅក្នុងឱកាសដែល ឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្តរបស់ក្រុមការងារ ស.ស.យ.ក វិស័យព័ត៌មាន ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។

កិច្ចប្រជុំរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន មានការអញ្ជើញចូលរួមពី អនុប្រធាន ព្រមទាំងសមាជិក សមជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន ជាច្រើនរូប ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្តរបស់ក្រុមការងារ សសយក វិស័យព័ត៌មាន ព្រមទាំងផ្សព្វផ្សាយឯកសារទស្សនាទាន សហភាពសហព័ន្ធយុវជនកម្ពុជា២.០ (UYFC 2.0) ។

ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន មានប្រសាសន៍ថា ស.ស.យ.ក. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តបេសសកម្មយ៉ាងខ្ជាប់ខ្ជួនពីយុវជនជំនាន់មុន ដើម្បីចូលរួមក្នុងបុព្វហេតុ ជាតិមាតិភូមិ តាមរយៈការផ្តល់ឱកាសដល់យុវជនគ្រប់ទិសទី មករួមជាកម្លាំងសាមគ្គី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តម គូសបញ្ជាក់អំពីប្រវត្តិ បេសសកម្ម និងចក្ខុវិស័យ ស.ស.យ.ក. ផងដែរ ដោយអះអាងថា ស.ស.យ.ក. គឺជាអង្គការសមាគមន៍មួយ ដែលបន្តសកម្មភាពពីសមាគមយុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានបដិសន្ធិនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨។

សូមជម្រាបជូនថា ស.ស.យ.ក. វិស័យព័ត៌មាន មានគោលដៅចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន និងការផ្សព្វផ្សាយបែបបឌីជីថលសម្រាប់អនាគតប្រកបដោយចីរភាព ជាពិសេសមានបំណងចូលរួមគាំទ្រ ដល់សកម្មភាពស្ម័គ្រចិត្តគ្រប់រូបភាព ព្រមទាំងឱកាសចូលរួមវគ្គបណ្តុះបណ្តាលនានា ឲ្យកាន់តែទូលំទូលាយ ដើម្បីធានាថាយុវជនទាំងអស់ បានតម្តល់ផលប្រយោជន៍ជាតិជាធំ ។