ឯកឧត្តម គីម វីរៈ ដឹកនាំកិច្ចប្រជុំគណៈកម្មាការសន្តិសុខ ក្នុងពេលត្រៀមរៀបចំធ្វើលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នគ្រោះមហន្តរាយថ្នាក់តំបន់អាស៊ាន (ARDEX-2025) នៅកម្ពុជា

ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំកិច្ចប្រជុំគណៈកម្មាការសន្តិសុខ ក្នុងពេលត្រៀមរៀបចំធ្វើលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នគ្រោះមហន្តរាយថ្នាក់តំបន់អាស៊ាន (ARDEX-2025)នៅកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅគណៈកម្មាធិារជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមានមន្រ្តីថ្នាក់ដឹកនាំ ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធទាំងបី ដើម្បីបញ្ជ្រៀបលើការងារនិងបែងចែកតួនាទីភារកិច្ចជាម្ចាស់ផ្ទះក្នុងពេលធ្វើលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នគ្រោះមហន្តរាយថ្នាក់តំបន់អាស៊ាន (ARDEX-2025)ពេលខាងមុខ។

គូសបញ្ជាក់ថាព្រឹត្តិការណ៍សម្រាប់លំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នគ្រោះមហន្តរាយថ្នាក់តំបន់អាស៊ាន  (ARDEX-2025) នឹងប្រារព្ធឡើងនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra សម្រាប់លំហាត់លើតុ (TTX) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ និងនៅបញ្ជាការដ្ឋានកងកម្លាំងពិសេស សម្រាប់លំហាត់ប្រព័ន្ធបញ្ជាការ (CPX) និងលំហាត់ហ្វឹកហ្វឺនលើទីវាល (FTX) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥។សមយុទ្ធនេះនឹងផ្តោតលើសេណារីយ៉ូ ដោយមានភ្លៀងធ្លាក់ខ្លាំងនិងមានរយៈពេលយូរ បណ្តាលមកពីវដ្ត ខ្យល់មូសុងប្រចាំឆ្នាំ និងព្យុះស៊ីកូនត្រូពិចរំយោល (Tropical Cyclone Rumyuol) ដែលធ្វើឱ្យមានទឹក ជំនន់ធ្ងន់ធ្ងរ និងការដួលរលំអគារ ជាដើម។សមាសភាពចូលរួមក្នុងព្រឹត្តិការណ៍លំហាត់ ARDEX-25 នេះ មានចំនួនប្រហែល ៣៨៩ រូប។

ឯកឧត្តម គីម វីរៈ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចលេខ១៨ សសរ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីការ បង្កើតគណៈកម្មការរៀបចំលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ានសម្រាប់ឆ្នាំ២០២៥ (ARDEX-25)។ គណៈកម្មការនេះ មានលេខាធិការដ្ឋាន១ (មួយ) និងមានអនុគណៈកម្មការចំនួន៥ (ប្រាំ) ជាសេនា ពិការ ដូចខាងក្រោម៖អនុគណៈកម្មការទី១៖ ខ្លឹមសារ និងឯកសារអនុគណៈកម្មការទី២៖ រដ្ឋបាល ហិរញ្ញវត្ថុ ភស្តុភារ ពិធីការ និងបដិសណ្ឋារកិច្ចអនុគណៈកម្មការទី៣៖ សារព័ត៌មាន និងការផ្សព្វផ្សាយអនុគណៈកម្មការទី៤៖ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាលអនុគណៈកម្មការទី៥៖ ការសម្របសម្រួលការងារលំហាត់សមយុទ្ធ និងរៀបចំកិច្ចប្រជុំអម(បើមាន)សមាសភាព តួនាទី ភារកិច្ចរបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការទាំងអស់ ត្រូវកំណត់ដោយសេចក្តី សម្រេចរបស់ប្រធានគណៈកម្មការ។ ឯកឧត្តម គីម វីរៈ បានលើកឡើងថាលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នគ្រោះមហន្តរាយថ្នាក់តំបន់អាស៊ាន  (ARDEX-25) នៅកម្ពុជា នឹងមានផ្នែកចម្បងពីរ គឺផ្នែកយុទ្ធសាស្ត្រ និងផ្នែកយុទ្ធវិធី។ នៅផ្នែកយុទ្ធសាស្ត្រ គឺផ្តោត លើការអនុវត្ត ការវាយតម្លៃ និងការពិនិត្យឡើងវិញដែលពាក់ព័ន្ធនឹង ក) ការណែនាំ និងគំរូ សម្រាប់ការត្រៀមរៀបចំ នូវនីតិវិធីប្រតិបត្តិការស្តង់ដារអាស៊ាន (SASOP), ខ) យន្តការចែករំលែក និងផ្លាស់ប្តូរព័ត៌មាន, គ) នីតិវិធីស្នើសុំ និងផ្តល់ជំនួយ, ឃ) ការវាយតម្លៃសង្គ្រោះបន្ទាន់រួមគ្នា, ង) យន្តការទទួលអង្គភាពឆ្លើយតបគ្រោះមហន្តរាយ។ ចំណែក នៅផ្នែកយុទ្ធវិធី ARDEX-២៥ នឹងផ្តោតលើការជួយសង្គ្រោះគ្រោះមហន្តរាយ និងប្រតិបត្តិការជំនួយសង្គ្រោះ ដែលអនុវត្តរួមគ្នាដោយកម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ការចូលរួមពីប្រទេសសមាជិកអាស៊ាន ក៏ដូចជាក្រុមនានា មកពីទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ តាមការចាំបាច់បទពិសោធន៍បានរៀនពី ARDEX-២៥ នឹងត្រូវចងក្រងដើម្បីធ្វើការពិនិត្យឡើងវិញ តាមរយៈ ក្រុមអាជ្ញាកណ្តាល នឹងត្រូវធ្វើឡើងបន្ទាប់ពីលំហាត់សមយុទ្ធ។ឯកឧត្តមគីម វីរៈក្នុងនាមឯកឧត្តម កិត្តិសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១(គ.ជ.គ.ម) ស្នើរសុំអោយមានកិច្ចសហប្រតិបត្តិការនិងគាំទ្រពីបណ្តាលក្រសួងស្ថាប័នពាក់ព័ន្ធនានានិងកម្លាំងប្រដាប់អាវុធទាំងបី ដើម្បីកិត្តិយសប្រទេសជាតិយើងផងនិងចូលរួមអនុវត្តន៏លើការងារដែលរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចខាងលើ ដែលជាព្រឹត្តិការណ៍សម្រាប់លំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នគ្រោះមហន្តរាយថ្នាក់តំបន់អាស៊ាន  (ARDEX-25) នៅកម្ពុជា។