ឯកឧត្តម ខូវ ឆាយ ជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អាណត្តិថ្មី ជាមួយនឹងការប្តេជ្ញាចិត្ត បន្តជំរុញការអភិវឌ្ឍ ប្រដាល់គុនខ្មែរ ឱ្យកាន់តែរីកចម្រើន

ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអាណត្តិចាស់ទី៧ ឆ្នាំ២០២១-២០២៥ បានបន្តដឹកនាំជាប្រធានសព័ន្ធអាណត្តិថ្មី ឆ្នាំ២០២៥-២០២៩ បន្ទាប់ពី បានជាប់ឆ្នោតជាមួយ នឹងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តជំរុញ ដល់ដំណើរការអភិវឌ្ឍប្រភេទកីឡា មរតកដូនតាខ្មែរមួយនេះ ឱ្យកាន់តែរីកចម្រើន ទាំងថ្នាក់ជាតិ និងអន្តរជាតិ។

ការជាប់ឆ្នោតរបស់ឯកឧត្តម ខូវ ឆាយ ក្នុងដំណែងប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អាណត្តិថ្មី ២០២៥-២០២៩នេះត្រូវបានប្រារព្ធធ្វើឡើង នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ២០២៥-២០២៩ នៅសណ្ឋាគារភ្នំពេញ កាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។  អង្គមហាសន្និបាតនេះបានបោះឆ្នោតគាំទ្រដល់គណៈកម្មាធិការប្រតិបត្តិ ដែលមានឈរឈ្មោះ ១៩រូប ហើយអ្នកដែលមានសិទ្ធិបោះឆ្នោត ដែលមានសមាសភាពជាគណៈកម្មាធិការប្រតិបត្តិអាណត្តិចាស់ ព្រមទាំងតំណាងសមាគម-ក្លឹបរាជធានីខេត្ត ជាសមាជិករបស់សហព័ន្ធសរុប ៣៣នាក់ ស្មើនឹង ៣៣សំឡេង។ គណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ដែលមានចំនួន ១៩រូប ទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតចំនួន ៣២សំឡេង ក្នុងចំណោម ៣៣សំឡេង។ គណៈកម្មាធិការប្រតិបត្តិចំនួន ១៩រូបបានផ្តល់សេចក្តីទុកចិត្តជាឯកច្ឆន្ទជូនដល់ឯកឧត្តម ខូវ ឆាយ បន្តដឹកនាំជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

 ឯកឧត្តម ខូវ ឆាយ បានបញ្ជាក់ថា គណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីនេះ មានតែប្រធាន អនុប្រធាន និងសមាជិកប៉ុណ្ណោះ ដោយអគ្គលេខាធិការមិនទាន់ត្រូវបានតែងតាំងនៅឡើយទេ ដោយនឹងត្រូវជ្រើសរើសពីវិស័យឯកជន និងមានសមត្ថភាពធ្វើការ ៨ម៉ោង។ ចំពោះឯកឧត្តម ហេង សុខឃន ដែលជាអគ្គលេខាធិការ អាណត្តិចាស់ បានក្លាយជាសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ខណៈអនុប្រធានមាន៧រូប។ គួរបញ្ជាក់ថា មហាសន្និបាតបានធ្វើរបាយការណ៍បូកសរុបលទ្ធផល ពេញ១អាណត្តិចាស់ ហើយដាក់គោលដៅផែនការយុទ្ធសាស្ត្រសម្រាប់អាណត្តិថ្មីនេះឱ្យទទួលបានសមិទ្ធផលធំធេងសម្រាប់ជាតិផងដែ។

ក្រោយទទួលបានការគាំទ្រដោយការបោះឆ្នោតមានសំឡេងគាំទ្រ ឯកឧត្តម ខូវ ឆាយ បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ថា ក្នុងនាមជាប្រធានដឹកនាំអាណត្តិថ្មីសូមប្តេជ្ញាចិត្តដឹកនាំ និងគ្រប់គ្រងប្រកបដោយឆន្ទៈមុះមុតជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរពង្រឹងសាមគ្គីភាពផ្ទៃក្នុង មហាគ្រួសារកីឡាប្រដាល់គុនខ្មែរ ដោយលះបង់នូវកម្លាំងកាយចិត្ត និងពេលវេលា ជាពិសេសការចូលរួមប្រកបដោយកម្លាំងកាយចិត្ត និងស្មារតីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដោយរាប់ចាប់ពីឯកឧត្តមទៅរហូតថ្នាក់ដឹកនាំ មន្រ្តីសហព័ន្ធ កីឡាករ កីឡាការិនី គ្រូបង្វឹក និងគ្រូជំនួយទាំងអស់ ដើម្បីបម្រើការងារជូនសហព័ន្ធឱ្យកាន់តែរីកចម្រើនបន្តទៀត។

នាឱកាសនេះ ឯកឧត្តមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធ មន្ទីរអប់រំយុវជន និងកីឡារាជធានី-ខេត្ត និងបណ្តាដៃគូស្ថានីយទូរទស្សន៍នានា និងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍តាំងពីដើមរហូតមកដល់បច្ចុប្បន្ន។

ជាមួយគ្នានេះ ឯកឧត្តម តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសម្តែងនូវការអបអរសាទរចំពោះការប្រព្រឹត្តិទៅនៃអង្គមហាសន្និបាត ដែលរៀបចំការបោះឆ្នោតឱ្យមានដំណើរការស្របតាមលំនាំលទ្ធិប្រជាធិបតេយ្យ និងតម្លាភាព។ ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមបានផ្តល់អនុសាសន៍មួយចំនួនដល់ដល់ប្រធានសហព័ន្ធ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមអនុវត្តឱ្យបានល្អប្រសើរនូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ក៏ដូចជាគោលការណ៍ និងគោលនយោបាយផ្សេងៗរបស់សហព័ន្ធ។

ទន្ទឹមនេះ ឯកឧត្តម តែម ម៉ឺន បានជំរុញឱ្យសហព័ន្ធធ្វើការជាក្រុមក្រោមរូបភាពនៃការប្រមូលផ្តុំតាមលទ្ធិប្រជាធិបតេយ្យ ពិសេសរក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងត្រូវសិក្សាឱ្យបានច្បាស់លាស់នៃគោលការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងលក្ខខណ្ឌរបស់សហព័ន្ធកីឡាប្រដាល់អន្តរជាតិ។ បន្ថែមពីលើនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់បង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីទទួលបានការលើកទឹក និងគោលដៅរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលជាការអភិវឌ្ឍបោះជំហានទៅមុខ ក្នុងការសាងភាពល្បីល្បាញលើឆាកអន្តរជាតិ៕