ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានគូសបញ្ជាក់ថា សន្តិភាពមានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន ជាមរតកដ៏មហាសាលរបស់សម្តេចតេជោ ហ៊ុន សែន អតីតប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានដាក់ចេញនយោបាយឈ្នះ ឈ្នះ ហើយដោយសារនយោបាយនេះហើយ ដែលធ្វើឲ្យកម្ពុជាក្លាយពីប្រទេសមួយដែលមានតំបន់ត្រួតត្រាច្រើន ទៅជាប្រទេសដែលមានតំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី អាជ្ញាធរដែនដី និងលោកគ្រូ អ្នកគ្រូ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៥ ។
បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោកអភិបាលស្រុករួចមក ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មានប្រសាសន៍ថា «សន្តិភាពនៅកម្ពុជា រកបានមកដោយលំបាក សម្តេចតេជោ ហ៊ុន សែន រួមនិងឥស្សរជនជាថ្នាក់ដឹកនាំនៅក្នុងជួរកងយោធពលខេមរភូមិន្ទជាច្រើនទៀត បានធ្វើពលកម្មប្តូរជីវិតចូលទៅតំបន់ខ្មែរក្រហម ដើម្បីស្វែងរកការចចារ ផ្សះផ្សារ បង្រួបបង្រួម ស្វែងរកសន្តិភាពតាមនយោបាយឈ្នះ ឈ្នះ ហើយឥឡូវនេះសន្តិភាពបានកើតមានពេញលេញទូទាំងផ្ទៃប្រទេស ប្រជាពលរដ្ឋធ្វើដំណើរទៅគ្រប់ទីកន្លែងដោយគ្មានការភ័យខ្លាច រួមនិងសង្គមជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ។ ដូច្នេះអ្នកណាក៏ដោយ ដែលមានចេតនា ចង់បំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គមគឺមិនអនុញ្ញាតិដាច់ខាត»។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំដ៏វាងវៃរបស់ សម្តេចតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ថ្មីនេះ បាននិងកំពុងការសម្រេចជោគជ័យ និងសមិទ្ធផលជាតិធំៗជាបន្តបន្ទាប់ ស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញជាពិសេស លើការកែទម្រង់រាជរដ្ឋាភិបាល ឱ្យក្លាយទៅជារារដ្ឋាភិបាលឌីជីថល ដោយផ្តោតយកកត្តាធនធានមនុស្សជាអាទិភាពជាគន្លឹះក្នុងការអភិវឌ្ឍន៍ សំដៅឈានទៅសម្រេចបានផែនការចក្ខុវិស័យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្តេចបវរធិបតី ហ៊ុន ម៉ា ណែត បាននិងកំពុងបន្តសកម្មភាពក្នុងការកសាងបណ្តុះគំនិត ស្មារតីស្រឡាញ់សន្តិភាព ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ជូនដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះពិចារណាបែងចែកឱ្យបានច្បាស់លាស់ នូវព័ត៌មានបំផ្លើសការពិត ព័ត៌មានដែលមានលក្ខណៈញុះញង់ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់កុំចាញ់ល្បិចកលក្រុមជ្រុលនិយមមួយក្តាប់តូចដែលមានបំណងតែម៉្យាងគឺចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ ។
ក្នុងស្មារតីនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋគ្រប់រូប ត្រូវខិតខំបន្តពង្រឹងការពារ ថែរក្សា សន្តិភាព និងលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិ ពង្រឹងការឯកភាពជាតិ ជៀសវាងរាល់អំពើ ទាំងឡាយណា ដែលនាំឲ្យខ្មែរបែកបាក់ ដោយគោរពនូវវប្បធម៌អហឹង្សា និងរក្សាការពារបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គម ។
ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានថវិកាចំនួន ៤លានរៀល និងវិទ្យុទាក់ទង ចំនួន ១០គ្រឿង, ឧបត្ថម្ភដល់នគរបាលស្រុក ថវិកា ២លានរៀល និងវិទ្យុទាក់ទង ១០គ្រឿង, កងរាជអាវុធហត្ថស្រុក ថវិកា ២លានរៀល និងវិទ្យុទាក់ទង ១០គ្រឿង និងបានឧបត្ថម្ភ ផ្នែកសឹករងស្រុក ថវិកា ១លានរៀល និងវិទ្យុទាក់ទង ចំនួន ១០គ្រឿង ព្រមទាំងបានឧបត្ថម្ភ នូវ កៅអីសិស្ស មានចំនួន ៥៧០ កៅអី និងម៉ាស៊ីនកំព្យូទ័រ ០៥គ្រឿង ដល់សាលារៀននៅទូទាំងស្រុកប្រសាទបល្ល័ង្ក ។