ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ថ្លែងថា សាសនាពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមជាតិ  ហើយស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិកម្ពុជា

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប៉ែន ចន្ទី បានថ្លែងដូចនេះ នៅក្នុង ឱកាសសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងយុវជនទូទាំងក្រុងដូនកែវ ខេត្តតាកែវ នៃពិធីដង្ហែរបុណ្យផ្កាប្រាក់វេរប្រគេនព្រះសង្ឃវត្តតុំ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។

ក្នុងរបាយការណ៍ស្វាគមន៍ របស់លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវ បានបញ្ជាក់ឲ្យដឹងថា រយៈកាលកន្លងមក រហូតមកដល់បច្ចុប្បន្ន នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ម៉ែន ចន្ទី ជាពុទ្ធសាសនូបត្ថម្ភមួយដ៏ឆ្នើម និងយកចិត្តទុកដាក់បំផុតក្នុងការលើកកម្ពស់វិស័យ ពុទ្ធសាសនា និងបានស្ថាបនាកសាងវត្តតុំយ៉ាងល្អត្រចះត្រចង់ ទៅជារមណីយពុទ្ធសាសនា។ ជាពិសេស ឯកឧត្តម និងលោកជំទាវ ចូលរួមចំណែកថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការកសាង អភិវឌ្ឍន៍ទាំងផ្នែក អាណាចក្រ និងពុទ្ធចក្រជាច្រើនក្នុងក្រុងដូនកែវ។ ជាក់ស្តែងក្នុងឆ្នាំ២០២៤ កន្លងទៅនេះ  ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្ទី បានឧបត្ថម្ភជួសជុល ផ្លូវមួយខ្សែតភ្ជាប់បីភូមិ គឺភូមិប៊ិនម៉ៅ ភូមិត្រពាំងផ្លុង និងភូមិតុំ ប្រវែង ១.៦០០ម៉ែត្រ ដោយក្រាលថ្មផេះចំនួន ១០០ឡាន បានអញ្ជើញចុះសួរសុខទុក ពិសារអាហារសាមគ្គី និងផ្តល់អំណោយជូនប្រជាពលរដ្ឋក្នុងក្រុងដូនកែវ សរុបចំនួន ១១៦៧គ្រួសារ ឧបត្ថម្ភជូនវិទ្យាល័យនរោត្តមមុនីនាថសីហនុតុំ កុំព្យូទ័រចំនួន០២គ្រឿង ម៉ាស៊ីនព្រីនធ័រចំនួន០២គ្រឿង ម៉ាស៊ីនចាក់បញ្ចាំង LCDមួយឈុត និងបានផ្តល់ម៉ូតូចំនួន ១៣គ្រឿង ជូនដល់ប្រជាពលរដ្ឋ ចំនួនបីភូមិគឺ៖ភូមិតុំចំនួន ០៤គ្រឿង ភូមិត្រពាំងផ្លុងចំនួន ០៣គ្រឿង និងភូមិប៊ិនម៉ៅចំនួន ០៦គ្រឿង។

សរុបសមិទ្ធផលដែល ឯកឧត្តម និងលោកជំទាវ បានចំណាយក្នុងរយៈពេលកន្លងមក រហូតដល់ពេលនេះ និងជាថវិការស្មើ  ១.៨១៨,៩៧៤ដុល្លា ។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង  បានថ្លែងដែរថា ក្រោមការដឹកនាំដ៏វាងវៃរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិមុនៗ និងក្នុងអាណត្តិនីតិកាលទី៧ថ្មីនេះ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បាននិងកំពុងការសម្រេចជោគជ័យសមិទ្ធផលជាតិធំៗជាបន្តបន្ទាប់ ស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញជាពិសេសការកែទម្រង់រាជរដ្ឋាភិបាល ឱ្យក្លាយទៅជារារដ្ឋាភិបាលឌីជីថល ឈានទៅសម្រេចបានផែនការចក្ខុវិស័យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត  ក៏បានលើកឡើង និងពន្យល់អំពីតម្លៃសន្តិភាព និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងការចូលរួមថែរក្សាការពារសុខសន្តិភាព ជាមួយរាជរដ្ឋាភិបាល ជាពិសេសការបន្តគាំទ្រអ្នកមានគុណរបស់យើង គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តដឹកនាំ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន និងសម្បូររុងរឿងតទៅមុខទៀត។

ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ក៏បានវេរប្រគេនបច្ច័យអង្គផ្កាប្រាក់ មានចំនួន ៥វត្ត៖  វត្តតុំ (ក្រុងជូនកែវ).  វត្តភ្នំខ្លែង (ស្រុកទ្រាំង) . វត្តអង្គក្រូច (ស្រុកបុរីជលសា) . វត្តត្រពាំងសំបូរថ្មី (ស្រុកទ្រាំង) និង វត្តសូរ្យច័ន្ទ (ក្រុងដូនកែវ) ក្នុងនោះ ដោយបានប្រគេនវត្តតុំ បច្ច័យ ១០០ លានរៀល និងប្រគេន ៤វត្តទៀត ក្នុង១វត្តៗ បច្ច័យ ២៥ លានរៀល និងសម្រាប់គណកម្មការ អាចារ្យវត្ដ ២លានរៀល។ ព្រមទាំង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូន តាជី យាយជី ,ក្រុមប្រឹក្សាសង្កាត់-ក្រុង ដូនកែវ, លោកគ្រូ អ្នកគ្រូ , យុវជន និងបានឧបត្ថម្ភកម្លាំង ប្រដាប់អាវុធ មានសមត្ថកិច្ច ជាច្រើនទៀតផងដែរ៕