ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លើកទឹកចិត្ត និងជំរុញឱ្យមានចលនាបរិច្ចាគឈាម ឱ្យកាន់តែផុសផុលបន្ថែមទៀត

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» និងសម្ពោធអគារសិក្សា ដែលមានទីតាំងនៅក្រុមហ៊ុនចម្ការកៅស៊ូ ទេពី អាក្រូ ស្ថិតនៅភូមិអូរត្នោត ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបប្រមាណ ៥០០នាក់។

ជាកិច្ចចាប់ផ្តើម អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ បានសម្តែងនូវគារវៈកិច្ច និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចំណាយពេលវេលាអញ្ជើញជាអធិបតីក្នុងយុទ្ធ នាការបរិច្ចាគឈាម និងសម្ពោធអគារសិក្សា នាឱកាសនេះ។ ជាមួយគ្នានេះ អ្នកឧកញ៉ា បានធ្វើរបាយការណ៍អំពីសមិទ្ធផលអគារសិក្សារបស់ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ និងបានធ្វើការប្តេជ្ញាចិត្ត ក្នុងការរៀបចំយុទ្ធនាការបរិច្ចាគឈាមប្រចាំឆ្នាំ ដើម្បីលើកកម្ពស់សុខុមាលភាពបុគ្កលិក គាំទ្រជាមួយប្រព័ន្ធថែទាំសុខភាពជាតិ ការពង្រឹងការអប់រំ ការអភិវឌ្ឍបរិស្ថាន និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសកសាងសហគមន៍ប្រកបដោយភាពរស់រវើកសម្រាប់យុវជនជំនាន់ក្រោយផងដែរ។

នៅក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងនៅក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្ដល់ឈាម ផ្ដល់ជីវិត» ក្រោមការសហការរៀបចំដោយក្រុមហ៊ុនចម្ការកៅស៊ូ ទេពី អាក្រូ វិនិយោគ និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នាឱកាសនេះ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹក និងបានចែករំលែកអំពីសកម្មភាពការងារស្ម័គ្រចិត្តលើកដំបូងផ្ទាល់របស់ឯកឧត្តម ថា ផ្ដើមចេញពីការអំពាវនាវ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបានចូលរួមសកម្មភាពមនុស្សធម៌លើកដំបូងដោយការស្ម័គ្រចិត្តផ្ដល់ឈាម ដែលធ្វើឡើងស្របពេលដែលមានការថយចុះនៃចំនួនការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមានការធ្លាក់ចុះនូវស្ដុកឈាមរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ហើយមកទល់ពេលនេះ ឯកឧត្តមបានសម្រេចការ បរិច្ចាគឈាមរបស់ខ្លួនចំនួន១៤លើកហើយ។ តាមរយៈការអំពាវនាវ របស់សម្ដេចតេជោ និងការស្វែងយល់ពីតម្រូវការជាក់ស្ដែង ហើយជាពិសេសការយល់ពីអត្ថន័យនៃការផ្ដល់ឈាមមួយប្លោកនឹងអាចចូលរួមជួយទៅដល់នរណាម្នាក់ បានក្លាយជាចំនុចចាប់ផ្ដើមនៃការមើលលើអត្ថប្រយោជន៍រួមនៃការលះបង់របស់យើងម្នាក់ៗ ដែលការលះបង់នេះ គឺជាការលះបង់ដ៏ធំធេងលើសពីការលះបង់ថវិកា ក៏ប៉ុន្តែជាការបរិច្ចាគឈាមខ្លួនឯងប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ ដែលបានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការរៀបចំយុទ្ធនាការស្ម័គ្រចិត្ត បរិច្ចាគឈាមនេះឡើង ហើយឯកឧត្តមជឿជាក់ថា តាមរយៈយុទ្ធនាការនេះនឹងក្លាយជាចលនាជំរុញការបរិច្ចាគឈាមជូនប្រជាជនកម្ពុជា។
នៅក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់បងប្អូនឱ្យបន្តចូលរួមក្នុងយុទ្ធនាការនេះឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីចូលរួមចំណែកជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា៕