ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអូរព័ទ្ធ ស្ថិតក្នុងភូមិស្រមោចហែ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ

នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តក្នុងវត្តអូរព័ទ្ធ ស្ថិតក្នុងភូមិស្រមោចហែ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេគណខេត្តតាកែវទាំងពីរគណៈ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ សរុបអ្នកចូលរួមប្រមាណជា២៥០០អង្គ/នាក់។
ក្នុងនាមជាពុទ្ធសាសនិកមួយរូប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថ្លែងអំណរព្រះគុណដល់ព្រះចៅអធិការវត្ត ព្រះថេរានុថេរៈ សប្បុរជន និងពុទ្ធបរិស័ទគ្រប់ទិសទី ដែលបានលះបង់កម្លាំងកាយចិត្ត សម្ភារ និងថវិកា ចូលរួមកសាងសមិទ្ធផលជាបន្តបន្ទាប់ក្នុងវត្តអូរព័ទ្ធនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា សមិទ្ធផលពេលនេះមិនអាចកើតឡើងដោយឯកឯងបានទេ បើមិនមានការចូលរួមចំណែកពីពុទ្ធបរិស័ទ ប៉ុន្តែយើងក៏មិនអាចមើលរំលងពីកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយដែលបានផ្តល់ឱកាសឱ្យយើងបានជួបជុំគ្នា និងមានឱកាសធ្វើបុណ្យរួមគ្នា ក្នុងការកសាងសមិទ្ធផលនានាឱ្យចេញជារូបរាងនៅថ្ងៃនេះ។
ផ្សារភ្ជាប់នឹងការលើកឡើងខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានរំលេចពីមូលដ្ឋានគ្រឹះនៃសន្តិភាព និងការអភិវឌ្ឍដែលរកបានដោយអ្នកដឹកនាំជំនាន់មុន ជាពិសេសការលះបង់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន និងការបន្តដឹកនាំរបស់អ្នកជំនាន់ក្រោយ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជានឹងបន្តរីកចម្រើន ហើយប្រជាពលរដ្ឋនឹងបន្តទទួលបានប្រយោជន៍ថ្មីៗបន្ថែម ពីសុខសន្តិភាព និងគោលនយោបាយអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល។
វត្តអូរព័ទ្ធត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ១៨០៥ ហើយត្រូវបានឡើងវិញនៅឆ្នាំ១៩៨២ បន្ទាប់ពីថ្ងៃរំដោះ ៧មករា ដោយនៅសម័យរបបសាធារណរដ្ឋខ្មែរ និងរបបប្រល័យពូជសាសន៍ ប៉ុល ពត សមិទ្ធផលនានាក្នុងវត្តនេះត្រូវបានបផ្លិចបំផ្លាញស្ទើរតែទាំងស្រុង សូម្បីព្រះសង្ឃក៏ត្រូវផ្សឹក និងទទួលរងទារុណកម្មយ៉ាងធ្ងន់ធ្ងរផងដែរដូចប្រជាជនទូទៅដែរ បើគិតមកទល់ពេលបច្ចប្បន្នវត្តនេះមានអាយុកាល២២០ឆ្នាំហើយ។ សូមជម្រាបដែរថា សមិទ្ធផលដែលបានដាក់សម្ពោធនាពេលនេះ រួមមាន៖ កុដិ ៣ខ្នង, សាលាធម្មសភា, សាលាទទួលភ្ញៀវ, ស្រះទឹក និងពុទ្ធអង្គ, ខ្លោងទ្វារចូលវត្តចំនួន៣, ផ្លូវបេតុងក្នុងវត្ត, របងជុំវិញវត្ត, ជួសជុលកែលម្អព្រះវិហារ និងសមិទ្ធផលផ្សេងទៀតជុំវិញបរិវេណវត្ត។