ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បើកវិញ្ញាសាជូនបេក្ខជន ដែលប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើវិញ្ញាសាសរសេរលើកទី២
នៅសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៥ បេក្ខជន ៨០៨នាក់ ក្នុងនោះ ស្រី ៤៤៦នាក់ ដែលប្រឡងជាប់វិញ្ញាសាសរសេរលើកទី១ បានមកដល់មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដើម្បីចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើវិញ្ញាសាសរសេរលើកទី២ ដែលបានចាប់ផ្តើមដំណើរការប្រឡងនៅម៉ោង ១២:០០នាទី លើវិញ្ញាសាជំនាញពន្ធដារ។
បេក្ខជន ត្រូវបានគណៈកម្មការប្រឡង និងក្រុមការងារពាក់ព័ន្ធ ពិនិត្យរកសំណៅឯកសារ និងសម្ភារហាមឃាត់មុនឱ្យបេក្ខជនចូលបន្ទប់ប្រឡង ដោយមានការសម្របសម្រួល និងផ្តល់ព័ត៌មានផ្សេងៗពីក្រុមយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)៕
នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខនេសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូប ជូនដល់បេក្ខជនដើម្បីចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឲ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើវិញ្ញាសាសរសេរលើកទី ២នេះ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តមហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត។
សូមជម្រាបជូនដែរថាដូចសព្វមួយដង ការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វិញ្ញាសាសរសេរលើកទី២ ចាប់ផ្តើមដំណើរការនៅម៉ោង ៦ព្រឹកមកម្ល៉េះ ដោយយោងតាមនិយាមប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល មានតែបេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេរលើកទី១ ទេទើបអាចមានសិទ្ធិចូលរួមការប្រឡងប្រជែងវិញ្ញាសាសរសេរលើកទី២ នេះ ហើយវិញ្ញាសាប្រឡងមានដូចជា ÷
• វិញ្ញាសាសរសេរជំនាញពន្ធដារមានរយៈពេល ២ម៉ោង
• វិញ្ញាសាជំនាញឯកទេសសម្រាប់មុខតំណែងឧបសម្ព័ន្ធទី១ និងជំនាញគណនេយ្យសម្រាប់មុខតំណែង ក្នុងឧបសម្ព័ន្ធទី២។