ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកវិញ្ញាសារប្រឡងជូន បេក្ខជន ៨១៩ អង្គ/នាក់ ដើម្បីប្រឡងប្រជែងក្លាយខ្លួនជាមន្ត្រីបម្រើការងារ នៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប
នៅសាលាភូមិន្ទរដ្ឋបាល ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល បានចាប់ផ្តើម ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចូលរួមបើកវិញ្ញាសារប្រឡងជានិមិត្តរូប នៅរសៀល ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ ។
តាំងពីព្រឹកមកម្លេះគណៈកម្មការមេប្រយោគ ដំណើរការរៀបចំ និងតាក់តែងវិញ្ញាសាសម្រាប់បេក្ខជនប្រឡងប្រជែង រហូតដល់ដំណើរការប្រឡង ក្រុមការងារគ្រប់ផ្នែកនីមួយៗកំពុងបំពេញកិច្ចការយ៉ាងសស្រាក់សស្រាំ និងដោយសម្ងាត់ពីសាស្ត្រចារ្យជំនាញ ដោយមានការតាមដានមើលពីអ្នកសង្កេតការណ៌មកពី តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា សាធារណជនស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត។
ដំណើរការប្រឡងប្រព្រឹត្តទៅដែលមានបេក្ខជនដែលមានសិទ្ធិប្រឡងប្រជែង សរុបចំនួន ៨១៩ អង្គ/នាក់ ក្នុងនោះស្រី ៥០២ នាក់ ចូលរួមប្រឡងប្រជែង ធ្វើជាមន្ត្រីរាជការបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប។ ការប្រឡងនេះ ជ្រើសរើសអ្នកជាប់ត្រឹមតែ ៤៦កន្លែងប៉ុណ្ណោះ។ ការប្រឡងប្រព្រឹត្តិទៅនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ ដោយបែងចែកជា ៣វិញ្ញាសា ចាប់ផ្ដើមពីម៉ោង ១២.00ថ្ងៃត្រង់ ដល់ម៉ោង ៥.៣០នាទីល្ងាច។
ការងារជ្រើសមន្រ្តីរាជការ ដែលរៀបចំដោយ ក្រសួងមុខងារសាធារណៈ គឺធ្វើឡើងស្របតាមប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានមានប្រសាសន៍ថា រើសមន្ត្រីក្របខណ្ឌត្រូវ ” រើសអោយចំ បំពេញអោយត្រូវ រក្សាអោយនៅ ” ។
សកម្មភាព និងដំណើរការនៃការប្រឡងប្រជែងក្នុងគោលដៅ ធានាថាការប្រឡងប្រជែងពិតជាប្រព្រឹត្តិទៅស្របតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន ប្រសិទ្ធភាព។ នេះជាការអនុវត្តអនុលោមនិយាមនីតិវិធីប្រតិបត្តិនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលជាការរៀបចំតាក់តែងវិញ្ញាសា នាពេលព្រឹក ហើយយកទៅប្រឡងនាពេលរសៀល។