ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាត ទទួលជួបពិភាក្សា​ការងារជាមួយឯកឧត្តម រីកាដូ ភូលីធី អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation – IFC)

​នាព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម​អគ្គបណ្ឌិត-​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាត ទទួលជួបពិភាក្សា​ការងារជាមួយឯកឧត្តម រីកាដូ ភូលីធី (Riccardo Puliti) អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation – IFC) ​ក្នុង​ឱកាសដែល ឯកឧត្តមអនុប្រធាន មានដំណើរ​ទស្សនកិច្ច​នៅ​​កម្ពុជា ។

 ជាមួយ​សេចក្តី​សោមនស្សរីករាយ និងកិច្ចស្វាគមន៍​យ៉ាងកក់​ក្តៅ​ចំពោះវត្តមានរបស់ឯកឧត្តម រីកាដូ ភូលីធី និងសហការី ក្នុងឱកាសមកបំពេញបេសកកម្មការងារ​នៅប្រទេស​កម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញ​នូវកិច្ចសហប្រតិបត្តិការ​ដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងសាជីវកម្ម ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ​ជាច្រើនទស្សវត្សន៍កន្លងមក និង​បានវាយតម្លៃ​ខ្ពស់​​ចំពោះ​ការ​ចូល​រួម​ចំណែក​​ដ៏​សំខាន់​​របស់ IFC ដែល​បាន​គាំទ្រកម្ពុជាក្នុង​ដំណើរ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ ចាប់តាំងពី​ឆ្នាំ ២០០០ មក ទាំងក្នុងវិស័យហិរញ្ញវត្ថុ, កសិ-ពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ភាពជាដៃគូរវាងរដ្ឋនិងឯកជន, និង វិស័យអប់រំ ដែលជាលទ្ធផល​បាន​ជួយបង្កើតឱកាសការងារថ្មី បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ ។

ឯកឧត្តម រីកាដូ ភូលីធី បានសម្តែងនូវការអរគុណចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅពី ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក្នុងដំណើរបេសកកម្មការងាររបស់ឯកឧត្តម ព្រម​ទាំង​បានកោត​សរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់​រាជរដ្ឋាភិបាល​កម្ពុជាក្នុងការ​អភិវឌ្ឍ​ប្រទេស​ ជាមួយ​នឹង​ការដាក់ចេញនូវគោលនយោបាយ ផែនការ​​យុទ្ធសាស្រ្ត និងការវិនិយោគជាបន្តបន្ទាប់ រហូតមាន​ការ​រីកចំរើនយ៉ាងឆាប់រហ័សដូចសព្វថ្ងៃ ។ ឯកឧត្តមអនុប្រធាន ក៏បានសម្តែងនូវការកោតសរសើរចំពោះការ​រីកចំរើន​របស់កម្ពុជាក្នុងការអភិវឌ្ឍថាមពលស្អាតដែលបច្ចុប្បន្នសម្រេចបាន ៥៨% នៃគោលដៅ ៧០% ព្រមទាំងបានគូសបញ្ជាក់​អំពីការប្តេជ្ញា និង​គោល​ជំហរ​របស់ IFC ក្នុងការបន្តគាំទ្រការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការជំរុញកិច្ចប្រតិបត្តិការឡើងវិញលើវិស័យអាទិភាពសំខាន់ៗជាអាទិ៍៖ វិស័យហិរញ្ញវត្ថុ, ហិរញ្ញប្បទាន​បៃតង, ឡូជីស្ទីក, ថាមពល, ការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ជាមួយនឹងការ​បន្តផ្តល់​សេវា​ប្រឹក្សា​និងការបណ្តុះ​បណ្តាល​ ដើម្បីរួមចំណែកជួយឱ្យកម្ពុជាសម្រេចបាន​នូវគោលដៅអភិវឌ្ឍប្រែក្លាយ​ជា​ប្រទេស​មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់​នៅឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។

ឯកឧត្តម​អគ្គ​បណ្ឌិត​សភាចារ្យ ក៏បានថ្លែងអំណរ​គុណ​ចំពោះ​ការ​ប្តេជ្ញា និងគោល​ជំហរ​របស់ IFC ក្នុង ការរួម​ចំណែក​ជំរុញ​ការ​អភិវឌ្ឍរបស់កម្ពុជា និងបានជម្រាបជូនថា វិស័យ​ជា​អាទិភាព​ដែល IFC បានកំណត់ គឺពិត​ជាឆ្លើយតប​ទៅ​នឹងបញ្ចកោណយុទ្ធសាស្រ្តទាំង ៥ នៃ​យុទ្ធសាស្រ្ត​បញ្ចកោណ-ដំណាក់កាលទី ១ របស់ រាជរដ្ឋាភិបាល​នីតិកាល​ទី ៧ នៃរដ្ឋសភា ដែលស្ថិតក្រោមការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ, ស្វាហាប់ និងឈ្លាសវៃរបស់​សម្តេច​​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ។ ជាអាទិ៍, វិស័យហិរញ្ញវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យ​ឡូជីស្ទីក គឺជាវិស័យ​គន្លឹះ​ ​គាំទ្រ​ការ​អនុវត្តកម្មវិធីជំរុញកំណើនរបស់​រាជរដ្ឋាភិបាល​សម្រាប់​រយៈ​ពេល ៤ ឆ្នាំខាងមុខ ។ ឯក​ឧត្តម​អគ្គ​បណ្ឌិត​សភាចារ្យ ក៏បានស្នើសុំ​ឱ្យ​សាជីវកម្ម​​ហិរញ្ញវត្ថុ​អន្តរជាតិ ​​​បន្ត​គាំទ្រ​កម្ពុជា​ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បី​អាច​ឱ្យ​កម្ពុជា​ឈាន​ឆ្ពោះទៅសម្រេចបាន​ដោយជោគជ័យ​នូវ​ចក្ខុ-​វិស័យ​​ឆ្នាំ ២០៣០ និង​ឆ្នាំ ២០៥០ ។

 ​ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយកដ្ឋមន្តី្រ បាន​ជូន​ពរ រីកាដូ ភូលីធី​ ព្រម​ទាំង​សហការីឱ្យទទួល​បាន​ជោគជ័យក្នុង​​ដំណើរបេសកកម្ម​របស់ខ្លួន និងជឿ​ជាក់​យ៉ាងមុតមាំថា​បេសកកម្ម​​ការងារ​នេះ នឹងរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយ​សាជីវកម្ម​ហិរញ្ញវត្ថុអន្តរជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត ។