ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីបើកនៃកិច្ចប្រជុំ “ត្រួតពិនិត្យប្រចាំឆ្នាំ២០២៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែ ផល្គុន ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៨, ត្រូវនឹងថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៥, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធីបើកនៃកិច្ចប្រជុំ “ត្រួតពិនិត្យប្រចាំឆ្នាំ២០២៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្ដម លោកជំទាវ  ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីគ្រប់ក្រសួង-ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍ,  តំណាងអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត, ដៃគូអភិវឌ្ឍ, និងតំណាងអង្គការមិនមែនរដ្ឋាភិបាល សរុបប្រមាណ ៥០០ នាក់ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងបរិការណ៍ ដែលសកលលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់និងការប្រែប្រួលប្រជាចាំ, ទស្សនវិជ្ជា «កែទម្រង់-រស់, មិនកែទម្រង់-ស្លាប់» របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្ត្រី និង បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, ក្នុងស្មារតី «ធ្វើបណ្ដើរ,រៀនបណ្ដើរ, និង កែលម្អបណ្ដើរ» នៅ តែត្រឹមត្រូវ ដែលត្រូវបន្តអនុវត្តជាប្រចាំ ។ ស្របតាមស្មារតីនេះ, រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា,ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, បន្ដចាត់ទុកការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាអាទិភាពខ្ពស់ព្រមទាំងបាននិងកំពុងខិតខំបន្តធ្វើបរិវត្តកម្មប្រព័ន្ធថវិកាបន្ថែមទៀត ឆ្ពោះទៅអនុវត្ត​ «ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម» ឲ្យបានពេញលេញ និងសាបព្រោះ «វប្បធម៌សមិទ្ធកម្ម» នៅក្នុងក្របខ័ណ្ឌអភិបាលកិច្ច នៃរាជរដ្ឋាភិបាលទាំងមូល សំដៅកែប្រែវប្បធម៌ការងារសាធារណៈ ជាបណ្តើរៗ ដោយផ្តោតលើសមិទ្ធផលជាចម្បង ពោលគឺ ប្រព័ន្ធនេះ តម្រូវឲ្យស្ថាប័នសាធារណៈ បំពេញការងារ ដើម្បីសម្រេចបានសមិទ្ធផល ស្របតាមគោលបំណងគោលនយោបាយ និងបេសកកម្ម ដែលរាជ-រដ្ឋាភិបាលបំពាក់ជូន ។ ក្នុងន័យនេះ, វប្បធម៌សមិទ្ធកម្ម ក្នុងរយៈពេល ២៥ ឆ្នាំទៅមុខ នឹងក្លាយជាឧបករណ៍ដ៏ចាំបាច់ ក្នុង ការសម្រេ ច បាននូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០» ហើយកម្មវិធី កែទម្រង់ការ គ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ គឺជាតម្រូវការដ៏ចាំបាច់, ម្ខាង, សម្រាប់ បរិការណ៍ សកលខាង ក្រៅ ដែល ប្រែប្រួល ជា ប្រចាំ; និង ម្ខាង ទៀត , សម្រាប់ ការ រក្សា ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និង ភាពធន់ ដើម្បី ឈានទៅ សម្រេច បាន នូវ មហិច្ឆតា ផ្ទាល់ របស់កម្ពុជា ។
ទន្ទឹមនឹងនេះ តំណាងដៃគូអភិវឌ្ឍ ក៏បានអបអរសាទរចំពោះសមិទ្ធផល របស់រាជរដ្ឋាភិបាល ក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្ដេជ្ញាបន្តផ្ដល់ការគាំទ្រ ប្រកបដោយស្មារតីសហប្រតិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍ ដើម្បសម្រេចបានគោលដៅចុងក្រោយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពោលគឺ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់អំពីវឌ្ឍនភាពគន្លឹះមួយចំនួន និងបានវាយតម្លៃជារួមថា ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បាននិងកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ, មានភាពជាក់ស្តែងនិយម និង អាចសម្រេចបាន ស្របតាម ស្តង់ដា អន្តរជាតិ ដែលធានាបាននូវប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, តម្លាភាព និងគណនេយ្យភាពក្នុងបរិបទកម្ពុជា ហើយមានភាពបត់បែន និង ភាពធន់ទៅនឹងការប្រែប្រួលនៃស្ថានភាពសង្គម-សេដ្ឋកិច្ច នៃតំបន់ និងសកលលោក ។បន្ថែមពីនេះ ដោយការ ងារ កែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឈានដល់ ដំណាក់ កាល ដែល ត្រូវ អនុវត្ត «ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម»ក្នុង ឆ្នាំខាង មុខ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំ លើទិសដៅ ការងារសំខាន់ៗមួយចំនួន រួមមាន៖ ១) ការបំពេញ លក្ខខណ្ឌអប្បបរមា ដែល ជាមូលដ្ឋានសម្រាប់ការ អនុវត្តប្រព័ន្ធ ថវិកាព័ត៌មាន សមិទ្ធកម្ម; ២) ការពង្រឹង យន្ដការ គៀរករចំណូល ដូច មាន ចែង ក្នុង យុទ្ធសាស្ត្រកៀរគរ ចំណូលរបស់រាជរដ្ឋាភិបាល សម្រាប់ នីតិកាលទី ៧ នៃរដ្ឋសភា និង ការ គ្រប់គ្រងបំណុល សាធារណៈ ឱ្យមាន ចីរភាព; ៣) ការ បន្ដ បង្កើនចំនួនអង្គភាព ថវិកាសមស្រប និង ការបន្ដធ្វើ ស្វ័យ ប្រវត្តិកម្ម  នៃ FMIS; ៤) ការ បន្ដកែទម្រង់ ប្រព័ន្ធថវិការដ្ឋបាល ថ្នាក់ ក្រោមជាតិ; ៥)ការ ពង្រឹង នូវ ការ គ្រប់ គ្រងការវិនិយោគសាធារណៈ; ៦) ការបន្ដកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ; ៧) ការពង្រឹង និង ការកែលម្អការគ្រប់គ្រង និង អភិបាលកិច្ចសាជីវកម្មនៃសហគ្រាសសាធារណៈ; ៨) ការ បន្ដ លើកកម្ពស់ភាពប្រទាក់ក្រឡា ក្នុង ចំណោមការដ្ឋានកែទម្រង់គន្លឹះៗ របស់រាជរដ្ឋាភិបាល; ៩) ការ បន្ដ លើកស្ទួយ តម្លាភាព; ១០) ការ ពិនិត្យលទ្ធភាព ក្នុងការបញ្ជ្រាបការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បៃតង ក្នុងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ; និង ១១) ការបន្តជំរុញការអនុវត្តនិង ការដាក់ចេញ នូវវិធានការកែតម្រូវចំពោះការងារ អាទិភាព ដែលមានវឌ្ឍនភាពយឺត ដូចត្រូវបានកំណត់ក្នុងផែនការសកម្មភាពរួមដំណាក់កាលទី៤ និង ផែនការសកម្មភាពលម្អិតរបស់អង្គភាព និងស្ថាប័នសាមី។
មុននឹងបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ និងផ្តល់មូលវិចារដ៏ថ្លៃថ្លាចំពោះសហការី នៃរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ដែលបានខិតខំជំរុញអនុវត្តសកម្មភាព ទាំងឡាយ នៅក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រហូតសម្រេចបានលទ្ធផលល្អ គួរឲ្យកត់សម្គាល់។ បន្ថែមពីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់សហគមន៍អឺរ៉ុប, ធនាគារអភិវឌ្ឍន៍អាស៊ី, ធនាគារពិភពលោក, មូលនិធិរូបិយវត្ថុអន្ដរជាតិ, យូនីសេហ្វ, រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍ, រដ្ឋាភិបាលអូស្ត្រាលី, និងស្ថាប័នអន្ដរជាតិផ្សេង ទៀត ដែលបាន និង កំពុងបន្ដផ្ដល់ជំនួយ, ទាំងហិរញ្ញវត្ថុ និង បច្ចេកទេស, ដើម្បីគាំទ្រដល់ការអនុវត្ដកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំង ៣ ដំណាក់កាល កន្លងទៅ និង ក្នុងដំណាក់កាលទី ៤ នេះ ៕