ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី÷ បានលើយកប្រធានបទមកពិភាក្សា «ធ្វើដូចម្តេច ដើម្បីឱ្យអង្គភាពសុខាភិបាលនីមួយៗ ទទួលបានជោគជ័យ?»

រាជធានីភ្នំពេញ៖ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា  រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបឋកថាលើប្រធានបទ “ការផ្តល់សេវាសុខាភិបាលដោយផ្តោតលើតំរូវការប្រជាពលរដ្ឋ” ដោយបានបង្ហាញពីសារៈសំខាន់ និងភាពចំាបាច់របស់ស្ថាប័នសុខាភិបាល ក្នុងការផ្តល់សេវាបែបនេះ ហើយក៏បានផ្តល់នូវគន្លឹះចំនួន៦ សម្រាប់រៀបចំសេវាសុខាភិបាល ឱ្យកាន់តែឆ្លើយតបទៅនឹងតំរូវការរបស់អតិថិជន និងក្រុមគ្រួសារ។ គន្លឹះទាំងនោះមាន៖  (១) រៀបចំសេវាឱ្យមានលក្ខណៈពិសេសសម្រាប់បុគ្គលនីមួយៗ (២) ផ្តល់សេវាដោយសុចរិត (៣) ផ្តល់សេវាឱ្យឆ្លើយតប ឬលើសពីការរំពឹងទុករបស់ប្រជាពលរដ្ឋ (៤) ផ្តល់ដំណោះស្រាយ ដល់អ្នកមានតំរូវការសេវា ឱ្យបានសមរម្យ និងទាន់ពេល (៥) បន្តខិតខំ

កែលម្អសេវាបន្ថែម និង (៦)ផ្តល់សេវាដោយក្តីករុណា។ ទន្ទឹមនឹងនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលទាំងអស់ យកប្រធានបទ “ធ្វើដូចម្តេចដើម្បីឱ្យអង្គភាពសុខាភិបាលនីមួយៗ ទទួលបានជោគជ័យ?” ទៅធ្វើការប្រជុំពិភាក្សាបំផុសគំនិត និងដាក់ចេញជាសកម្មភាពឱ្យបានគ្រប់អង្គភាព។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល  មានប្រសាសន៍បែបនេះ នៅក្នុងគ្រា ដែល ឯកឧត្តម អញ្ជើញចូលរួមធ្វើបទបាឋកថាក្នុងវគ្គ ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៨៣៥នាក់ កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤មុននេះ។

នៅក្នុងសប្តាហ៍នេះដែរ ម៏មានការធ្វើបទបង្ហាញពីការដឹកនាំក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល ដែលធ្វើឡើងដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង ហើយក៏បានជួបសំណេះសំណាលជាមួយមណ្ឌលសុខភាពដែលនៅឆ្ងាយដាច់ស្រយាល និងបានសាកសួរពីការប្រើប្រាស់ចំណេះដឹង ពីវគ្គភាពជាអ្នកដឹកនាំនេះនៅក្នុងការងារប្រចាំថ្ងៃរបស់ខ្លួន៕