ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពី<<វិធីសាស្រ្តនៃការគិតពិចារណាតាមបែបវិចារវិទ្យា>>ផ្នែកទី៣

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពី<<វិធីសាស្រ្តនៃការគិតពិចារណាតាមបែបវិចារវិទ្យា>>ផ្នែកទី៣
============
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថា លើប្រធានបទនេះនៅក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤០២៦នាក់ កាលពីរសៀល ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៥។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យមន្រ្តីសុខាភិបាលទាំងអស់បន្ត ប្រកាន់យកឥរិយាបទនៃការខិតខំប្រឹងប្រែងធ្វើការងារ និងសិក្សារៀនសូត្រឱ្យកាន់តែមានភាពរីកចំរើន ហើយកាន់តែមានភាពម្ចាស់ការលើភារកិច្ចដែលខ្លួនទទួលខុសត្រូវ។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកគោលគំនិតរបស់ទស្សនវិជ្ជា និងបានរំលេចពីសារៈសំខាន់របស់ទស្សនវិជ្ជា ក្នុងការជួយលើកតម្កើនការយល់ឃើញ របស់ថ្នាក់ដឹកនាំឱ្យឈានដល់ចំនុចខ្ពស់មួយដែលអនុញ្ញាតឱ្យអ្នកដឹកនាំ អាចមើលឃើញបញ្ហាកាន់តែច្បាស់ និងបានយល់ពីកត្តាពាក់ពន្ធ័និងទិដ្ឋភាពរបស់បញ្ហានៅក្នុងកាល និងទីកន្លែងដែលកើតមាន។
ឯកឧត្តមសាស្រ្តាចារ្យបាន លើកយកទ្រឹស្តីគន្លឺះរបស់ទស្សនវិជ្ជាបែបសម្ភារៈនិយម (Materialism) និងទស្សនវិជ្ជាបែបមនោនិយម (Idealism) និងទំនាក់ទំនងរវាងសម្ភារៈនិយម និងមនោនិយម មកធ្វើការឆ្លុះបញ្ចាំង។ នៅក្នុងជិវិតជាក់ស្តែង ដើម្បីធ្វើការសម្រេចចិត្តឱ្យកាន់តែមានភាពស៊ីជម្រៅ អ្នកដឹកនាំត្រូវធ្វើការសម្រេចចិត្តត្រូវឈរលើអន្តរកម្មរវាងកត្តាសត្យានុមត័ និងកត្តាអត្តនោម័ត ដែលក្នុងនោះ អ្នកដឹកនាំត្រូវរក្សាកំរិតនៃការជះឥទ្ធិពលពីកត្តាអត្តនោម័តទៅលើកត្តាសត្យានុមត័អោយបានត្រឹមត្រូវ។
ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យ នៅក្នុងសប្តាហ៍នេះ ក៏មានបទបង្ហាញចែករំលែកបទពិសោធន៍ ដឹកនាំការងារសុខាភិបាល ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំផងដែរ៕