ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំអំពីការអនុវត្តវិធានការច្បាប់យ៉ាងតឹងរឹងបំផុតចំពោះបុគ្គលណាដែលបានប្រើប្រាស់រថយន្តគិលានសង្គ្រោះមិនស្របច្បាប់នាពេលកន្លងមកនិងបន្តអនុវត្តជាបន្តបន្ទាប់ទៀតដោយមិនមានការលើកលែងដល់ក្រុមដែលមិនគោរពតាមច្បាប់ និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល
រាជធានីភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍បែបនេះនៅក្នុងគ្រាដែលឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការណែនាំនិងពង្រឹងសមត្ថភាពក្នុងការផ្ដល់សេវាផ្នែកសង្គ្រោះបន្ទាន់ និងផ្នែករថយន្តគិលានសង្គ្រោះ របស់មូលដ្ឋានសុខាភិបាលឯកជននៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ថ្លែងបើកនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋលេខាធិការ ង៉ូវ កាង បានធ្វើការណែនាំទៅដល់ម្ចាស់មូលដ្ឋានសុខាភិបាលឯកជនទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់គោរពឱ្យបានតាមសេចក្ដីណែនាំ និងច្បាប់បទដ្ឋានគតិយុត្តដែលបានណែនាំដោយក្រសួងសុខាភិបាល។ ជាពិសេសទៅលើផ្នែករថយន្តគិលានសង្គ្រោះដែលម្ចាស់មូលដ្ឋានសុខាភិបាលឯកជនទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ពីក្រសួងសុខាភិបាលនោះ គឺត្រូវរៀបចំរថយន្តឱ្យបានត្រឹមត្រូវតាមលក្ខណៈស្តង់ដាដែលបានកំណត់ដោយក្រសួងសុខាភិបាល និងត្រូវប្រើប្រាស់រថយន្តឱ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់ ហាមដាច់ខាតការយករថយន្តគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជនទៅដឹកអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើការណែនាំបន្ថែមទៀតទៅដល់ម្ចាស់មូលដ្ឋានសុខាភិបាលឯកជនទាំងអស់ហើយខិតខំយកចិត្តទុកដាក់ពង្រឹងសមត្ថភាពបច្ចេកទេសក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋដែលមកទទួលសេវានៅក្នុងមូលដ្ឋានសុខាភិបាលឯកជនរបស់ខ្លួន ជាពិសេសទៅលើផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកសម្ភព និងផ្នែកអមវេជ្ជសាស្រ្ត ដើម្បីទទួលបាននូវការគាំទ្រនិងទទួលបាននូវសុខសុវត្ថិភាពជូនអតិថិជនដែលមកទទួលសេវាឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណទៅដល់អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរគ្រប់ខណ្ឌទាំងអស់ដែលបានសហការយ៉ាងល្អជាមួយក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវអំពើខុសច្បាប់មួយចំនួនរបស់បុគ្គលមួយចំនួនតូចដែលបានប្រើប្រាស់រថយន្តគិលានសង្គ្រោះមិនត្រឹមត្រូវតាមច្បាប់ដែលបានកំណត់៕