ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចុះសួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្ដោយព្រំដែននៅខេត្តបន្ទាយមានជ័យ បន្ទាប់ពីសមាជរដ្ឋសភា-ព្រឹទ្ធសភាបានបិទបញ្ចប់ដោយជោគជ័យ

នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្ត ចុះសួរសុខទុក្ខកងកម្លាំង ឈរជេីងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅបញ្ជាការដ្ឋានកងពលតូចលេខ ៥១ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីចុះសួរសុខទុក្ខនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដែលបានទទួលការគាំទ្រទាំងស្រុងពីសមាជរដ្ឋសភា-ព្រឹទ្ធសភាក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះកងទ័ព និងក្រុមគ្រួសារកងទ័ព ឈរជើងតាមបណ្ដោយព្រំដែន ហើយឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសេីរកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់កងទ័ព ក្នុងកិច្ចការពារជាតិប្រកបដោយឆន្ទៈមោះមុត និងស្មារតីស្នេហាជាតិជាពិសេសតាមខ្សែបន្ទាត់ព្រំដែន។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថាយន្តការសម្ព័ន្ធមេត្រីភាព និងការចុះសួរសុខទុក្ខ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល និងសប្បុរសជនទាំងអស់ ដែលតែងតែបន្តកៀរគរបន្ថែមជានិច្ចសម្រាប់គាំទ្រទាហានជួរមុខ។

នាឱកាសនេះដែរ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែគិតគូរសុខទុក្ខ ឧបត្ថម្ភគាំទ្រជានិច្ច ជាពិសេសវត្តមាន ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចុះមកសំណេះសំណាលផ្ទាល់លេីកទឹកចិត្ត និងបានប្តេជ្ញាចិត្តបន្តការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ភាពសុខសាន្តប្រជាជនកម្ពុជា និងរក្សាសន្តិភាពជាតិ។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបាននាំយកនូវអំណោយជាថវិកា ព្រមទាំងស្បៀងអង្ករ គ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ចែកជូនកងកម្លាំង ជាការអរគុណចំពោះការលះបង់កម្លាំងកាយ និងញើសឈាមដើម្បីការពារជាតិមាតុភូមិ និងលេីកទឹកចិត្តឱ្យបន្តនូវកិច្ចការងារនេះតទៅមុខទៀត ជាខឿនការពារជាតិ សម្រាប់កូនចៅជំនាន់ក្រោយ៕